អាជីវកម្មដែលមិនស្របច្បាប់ គឺជាប្រភេទអាជីវកម្មទាំងឡាយណា ដែលមានការប្រាសចាកពីផ្នែកសីលធម៌ និងបទបញ្ញត្តិរបស់ប្រទេសមួយ។ តួយ៉ាងដូចជាថ្មីៗនេះដែលប្រទេសកម្ពុជាទើបតែចេញច្បាប់ហាមឃាត់នូវអាជីវកម្មជួញដូរសត្វឆ្កែដែលជាប្រភេទអាជីវកម្មខុសច្បាប់។
ប្រភេទអាជីវកម្មខុសច្បាប់មានច្រើនប្រភេទដូចជា ការកាប់ព្រៃឈើនិងសម្លាប់សត្វព្រៃខុសច្បាប់ ការជួញដូរផ្លូវភេទ ជួញដូរមនុស្ស គ្រឿងញៀន និងអាវុធខុសច្បាប់ និងការរត់ពន្ធវត្ថុបុរាណខុសច្បាប់ជាដើម។
ស្របពេលដែលបច្ចុប្បន្ន ប្រធានបទដែលគួរឲ្យចាប់អារម្មណ៍នោះគឺអាជីវកម្មក្លែងបន្លំម៉ាកសញ្ញា អាជីវកម្មលាងលុយ និងអាជីវកម្មដែលមិនមានបានចុះបញ្ជីឬបង់ពន្ធត្រឹមត្រូវ។
១. អាជីវកម្មក្លែងបន្លំម៉ាកសញ្ញា
ការក្លែងបន្លំផ្លាកសញ្ញា ឬម៉ាកយីហោ គឺជាការបង្កើតនូវផលិតផល ឬទំនិញដែលមានផ្លាកឬម៉ាកសញ្ញាដែលមានលក្ខណៈស្រដៀង ឬពិបាកសម្គាល់ទៅនឹងម្ចាស់ដើម។ ប្រភេទអាជីវកម្មនេះបានធ្វើឲ្យប្រជាជនមួយចំនួនចំណាយប្រាក់របស់ខ្លួនខុសពីអ្វីដែលរំពឹង និងអាចទទួលរងការប៉ះពាល់ដល់សុខភាពទៀតផង (ចំពោះទំនិញបរិភោគ ថ្នាំសង្កូវ ឬផលិតផលថែសម្រស់)។
២. អាជីវកម្មលាងលុយ
ការលាងលុយជាដំណើរការដែលឧក្រិដ្ឋជនក្លែងបន្លំ ឬលាក់បាំងនូវភាពមិនស្អាតស្អំក៏ដូចជាប្រភពលុយខុសច្បាប់របស់ពួកគេ។ ជាទូទៅ វាមានប្រតិបត្ដិការច្រើននៅលើទីផ្សារងងឹត ដោយសារតែទិន្នន័យទិញលក់ទាំងអស់មិនមានការកត់ត្រាប្រភពដើមនៃលុយនោះឡើយ។
៣. អាជីវកម្មមិនមានការចុះបញ្ជី ឬបង់ពន្ធ
ដូចបានលើកឡើងថា អាជីវកម្មទាំងឡាយណាដែលមិនបានចុះបញ្ជីអាជីវកម្ម ឬបង់ពន្ធត្រឹមត្រូវ នោះត្រូវបានចាត់ទុកថាជាអាជីវកម្មមិនស្របច្បាប់។ ប៉ុន្ដែក៏មានសំណួរទាក់ទងជាច្រើនផងដែរថា “អាជីវកម្មនេះបានបង់ពន្ធនិងចុះបញ្ជីពាណិជ្ជកម្មរួចហើយ ចុះហេតុអ្វីបានជានៅតែខុសច្បាប់ទៀត?”។ ឧទាហរណ៍ ងាយៗមួយសម្រាប់មិត្តអ្នកអានគឺ៖
ប្រសិនបើអ្នកបើកអាជីវកម្មនាំចូលស្រា រួមមានស្រាបៀ និងស្រាទំពាំងបាយជូរ ប៉ុន្ដែអ្នកបង់ពន្ធបានចុះបញ្ជីពាណិជ្ជកម្មតែចំពោះស្រាបៀតែប៉ុណ្ណោះ។ នោះអាជីវកម្មរបស់អ្នកស្ថិតនៅជាអាជីវកម្មខុសច្បាប់នៅឡើយ ដោយសារតែអ្នកពុំបានចុះបញ្ជីពាណិជ្ជកម្មទៅលើមុខទំនិញស្រាទំពាំងបាយជូរ ហើយនេះក៏ជាបញ្ហាដែលអាជីវករទាំងឡាយមិនគួរមើលរំលង ព្រោះថាការធ្វេីបែបនេះអាចត្រូវបានគេចាត់ទុកថាជាការរកស៊ីគេចពន្ធ។
ការប្រកបរបរដែលមិនបានចុះបញ្ជីត្រឹមត្រូវ ឬមិនមានការបង់ពន្ធ គឺងាយទទួលរងហានិភ័យពីសំណាកច្បាប់ ជាពិសេសគឺអាចរងនូវការពិន័យជាសាច់ប្រាក់ ឬការផ្ដន្ទាទោសផ្សេងៗទៅតាមច្បាប់បញ្ញត្តិដែលបានចែង៕
Click here to read more about: អាជីវកម្មត្រូវរ៉ាប់រងចំណាយអ្វីខ្លះ ទម្រាំបានប្រាក់ចំណេញ?