ធ្លាប់តែឮគេត្អូញត្អែររឿងអីវ៉ាន់ឡើងថ្លៃ ឬរូបិយប័ណ្ណចុះថោកពេលអតិផរណាកើនឡើង។ ចុះបើអតិផរណាធ្លាក់ក្រោម ០% វិញ បញ្ច្រាសបែបនេះ ជាស្ថានភាពល្អឬទេ?
តើអ្វីទៅជាអត្រាអតិផរណាធ្លាក់ក្រោមសូន្យភាគរយ?
អត្រាអតិផរណាធ្លាក់ក្រោមសូន្យភាគរយ ដែលពាក្យបច្ចេកទេសគេហៅថាបរិត្តផរណា (deflation) សំដៅលើ ការធ្លាក់ចុះនៃកម្រិតថ្លៃជាទូទៅរបស់ទំនិញ និងសេវា ក្នុងប្រទេសឬតំបន់ ក្នុងរយៈពេលជាក់លាក់ណាមួយ ហើយតម្លៃរូបិយប័ណ្ណកើនឡើង ដែលនេះផ្ទុយពីបាតុភូតនៃអតិផរណា។ បានន័យថាចំណាយលុយដដែល តែអាចទិញទំនិញបានច្រើនជាងមុន ឬនិយាយឱ្យស្រួលស្ដាប់ "ទំនិញចុះថោក"។
ស្ថានភាពនេះកើតមានឡើងដោយសារ៖
- តំហយចំនួនក្រដាសប្រាក់ក្នុងសេដ្ឋកិច្ច៖ ពេលដែលបរិមាណក្រដាសប្រាក់ថយចុះ ធ្វើឱ្យតម្លៃរូបិយបណ្ណនោះកើនឡើង។ បន្លែមលើនេះ បើធនាគារកណ្ដាលធ្វើការតម្លើងអត្រាការប្រាក់ធ្វើឲ្យប្រជាជនទុកប្រាក់សន្សំច្រើនជាងចំណាយ ហើយកម្ចី (borrowing cost) ក៏ថ្លៃជាងមុន នោះការចំណាយ និងខ្ចីលុយមកវិនិយោគក៏ដាំក្បាលចុះតាមនោះ។
- កំណើននៃផលិតផល៖ ពេលផលិតផលលើសតម្រូវការ អាជីវកម្មនឹងត្រូវទម្លាក់តម្លៃផលិតផលដើម្បីទាក់ចិត្តភ្ញៀវឱ្យទិញទំនិញនោះ។
- ការរីកចម្រើននៃបច្ចេកវិទ្យា៖ ភាពជឿនលឿននៃបច្ចេកវិទ្យាបានជួយកាត់បន្ថយថ្លៃដើមផលិត និងបង្កើនទំហំផលិតកម្ម នាំឲ្យតម្លៃនៃទំនិញធ្លាក់ចុះផងដែរ។ តែវឌ្ឍនភាពនៃបច្ចេកវិទ្យាក្នុងនិន្នាការនេះ មិនសូវអុជភ្លើងដល់សេដ្ឋកិច្ចទេ។
តើបរិត្តផរណាផ្តល់ប៉ះពាល់អ្វីខ្លះ?
- អាជីវកម្មជួបវិបត្តិ៖ ការធ្លាក់ចុះនៃតម្លៃទំនិញ និងតម្រូវការ ញ៉ាំងឱ្យអាជីវកម្មជួបនឹងការ ខាតបង់ធ្ងន់ធ្ងរ។ លើសពីនេះទៅទៀត អាជីវកម្មអាចធ្លាក់ក្នុងបំណុល ឬឈានដល់ការក្ស័យធន។
- ភាពអត់ការងារធ្វើកើនឡើង៖ នៅពេលដែលក្រុមហ៊ុន ឬអាជីវកម្មបាត់បង់ប្រាក់ចំណូល ក៏តម្រូវឲ្យពួកគេកាត់បន្ថយការចំណាយផ្សេងៗ ក៏ដូចជាកាត់បន្ថយចំនួនបុគ្គលិក។
- ការវិនិយោគក្នុងស្រុក និងបរទេសថយចុះ៖ នៅពេលដែលតម្លៃធ្លាក់ចុះ ទាំងផលិតផលប្រើប្រាស់ អាចនាំឲ្យអ្នកវិនិយោគប្រឈមមុខខ្ពស់នឹងការខាតបង់។
- សកម្មភាពសេដ្ឋកិច្ចចាប់ផ្ដើមរង្គោះរង្គើ៖ ផលប៉ះពាល់ដែលរៀបរាប់ខាងលើ អាចជាការបើកក្បាលទៅរកឱនភាពសេដ្ឋកិច្ច (recession) និងដែលនឹកស្មានមិនដល់នោះគឺវិសម្ពាធសេដ្ឋកិច្ច (depression)។ ដូចជា សហរដ្ឋអាមេរិកបានជួបវិបត្តិនេះក្នុងឆ្នាំ១៩២០ ដែលប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងខ្លាំងនាំឲ្យឈានទៅរកវិបត្តិសេដ្ឋកិច្ច និងវិសម្ពាធសេដ្ឋកិច្ចនៅប៉ុន្មានឆ្នាំបន្ទាប់។
តើយើងគួរត្រៀមខ្លួនបែបណាចំពោះបាតុភូត Deflation នេះ?
- មានលុយបម្រុងទុកពេលអាសន្ន (emergency fund)៖ អាចរ៉ាប់រងចំណាយចាំបាច់បានពី៣-៦ខែ
- កុំបង្កើនបំណុលអាក្រក់៖ សេដ្ឋកិច្ចមិនល្អ អ៊ីចឹងកុំបន្ថែមបំណុលឲ្យខ្លួន បើសិនជាអាច សងផ្ដាច់បំណុលកាន់តែប្រសើរ
- ចៀសវាងការទិញតាមអារម្មណ៍
- បង្កើនប្រភពចំណូលអកម្ម។
ការសិក្សា និងស្រាវជ្រាវអំពីបាតុភូតសេដ្ឋកិច្ចពិតជាមានសារៈសំខាន់សម្រាប់យើងជាពលរដ្ឋ។ ព្រោះនៅពេលដែលយើងដឹងពីមូលហេតុ និងផលវិបាកនៃព្រឹត្តិការណ៍ទាំងនេះ យើងនឹងដឹងពីរបៀបរៀបចំខ្លួនឱ្យបានល្អ ដោយមិនប៉ះពាល់ដល់សេដ្ឋកិច្ចផ្ទាល់ខ្លួន និងគ្រួសារ៕
© 2022 - 2023 KAKCENT | រក្សាសិទ្ធិដោយកាក់សេន