កាលពីវិបត្តិសេដ្ឋកិច្ចពិភពលោក នៅឆ្នាំ ២០០៨ ដោយសារទីផ្សារអចលនទ្រព្យមានភាពរង្គោះរង្គើ មនុស្សម្នាក់ៗចាប់ផ្ដើមភ័យខ្លាច ហើយនាំគ្នាដកប្រាក់របស់ខ្លួនពីធនាគារមកវិញ។ ប៉ុន្តែដោយចំនួនអ្នកខ្ចីក៏មានច្រើន ហើយមិនមានលទ្ធភាពបង់ប្រាក់ត្រឡប់សងទៅធនាគារវិញនោះ ធ្វើឱ្យធនាគារមិនមានប្រាក់បង្វិលគ្រប់គ្រាន់ដកឱ្យទៅម្ចាស់ដើម ទើបធនាគារជាច្រើន បង្ខំចិត្តលក់ទ្រព្យសម្បត្តិដែលខ្លួនមាន ឬរហូតដល់បិទទ្វារតែម្ដង។
ក្នុងករណីដែលធនាគារបង្វិលប្រាក់មិនទាន់ ឬមិនគ្រប់គ្រាន់ ឬអត់សាច់ប្រាក់ ត្រូវបានគេចាត់ថាជា “ហានិភ័យសន្ទនីយភាព” ឬជាភាសាអង់គ្លេសហៅថា “Liquidity Risk”។
តាមពិតទៅ វាមិនមែនអាចកើតឡើងតែលើធនាគារនោះទេ តែអាចកើតលើគ្រប់ប្រភេទនៃដំណើរការអាជីវកម្ម សាជីវកម្ម ការរកស៊ី មុខជំនួញ និងការវិនិយោគផងដែរ។
តើសន្ទនីយភាពជាអ្វី?
អេដមីនជឿថាពាក្យនេះមិនសូវមានអ្នកចាប់អារម្មណ៍ និងជួបប្រទះប៉ុន្មានទេ។ សន្ទនីយភាព (liquidity) ជាពាក្យបច្ចេកទេសមួយដែលឆ្លុះបញ្ចាំងពីសមត្ថភាពក្នុងការបម្លែងទ្រព្យសកម្ម (asset) ឲ្យទៅជាសាច់ប្រាក់ ឬសមត្ថភាពទូទាត់បំណុលរយៈពេលខ្លីបាន។
ទ្រព្យសកម្មនៅត្រង់នេះសំដៅដល់ផលិតផល ឬទំនិញសម្រាប់លក់ដូរ និងលុយដែលអតិថិជនជំពាក់។
ចុះ “Liquidity Risk” ឬ ហានិភ័យសន្ទនីយភាព មានន័យដូចម្ដេច?
“Liquidity Risk” សំដៅដល់ហានិភ័យដែលគ្រឹះស្ថានមិនអាចទូទាត់បំណុល ដោយសារកង្វះសាច់ប្រាក់។ និយាយឲ្យស្រួលស្ដាប់ទៅ វាគឺជាហានិភ័យមួយដែលក្រុមហ៊ុន មិនអាចបំពេញកាតព្វកិច្ចសងបំណុលរយៈពេលខ្លីបាន (short-term debt) ហើយជាទូទៅបំណុលនេះសំដៅដល់លុយដែលក្រុមហ៊ុនជំពាក់អ្នកផ្គត់ផ្គង់ (suppliers) ថ្លៃពលកម្ម (ប្រាក់ខែបុគ្គលិក) និងបំណុលធនាគារជាដើម។
តើក្រុមហ៊ុនមួយអាចប្រឈមនឹង liquidity risk ខ្ពស់ដោយសារកត្តាអ្វីខ្លះ?
‣ ចំណាយទៅលើទ្រព្យសកម្មរយៈពេលវែង (non-current asset) ដោយគ្មានគម្រោង៖ ឧទាហរណ៍នៃ non-current assets (មូលធននឹង) ដូចជាសម្ភារការិយាល័យ (តុ ទូរ កៅអី...) ម៉ាស៊ីនព្រីន ម៉ាស៊ីនត្រជាក់ កុំព្យូទ័រ -ល- ដែលសុទ្ធតែជាចំណាយធំៗ បើសិនក្រុមហ៊ុនមួយចាយលុយទៅលើទ្រព្យទាំងអស់នេះច្រើនដោយគ្មានគម្រោងច្បាស់លាស់ ក្រុមហ៊ុនអាចនឹងខើចលុយដែលគួរតែបម្រុងទុកប្រើប្រាស់ពេលត្រូវការបន្ទាន់។
‣ សាច់ប្រាក់ជាប់គាំងក្នុងផលិតផល ឬទំនិញរបស់អាជីវកម្ម៖
ពេលអតិថិជនលុបចោលការកុម្ម៉ង់ បូកផ្សំនឹងអីវ៉ាន់លក់មិនសូវមានតម្រូវការ ធ្វើឲ្យផលិតផលក្នុងស្តុកមិនអាចលក់ចេញបានទាន់ពេលវេលា ដូច្នេះក្រុមហ៊ុនក៏មិនទទួលចំណូលពីការលក់ដូចគ្នា។
‣ ទុកពេលឲ្យអតិថិជនទូទាត់ថ្លៃទំនិញយូរពេក៖
អតិថិជនទទួលបានផលិតផលហើយ តែយើងមិនទាន់បានលុយពីគាត់ទេ។ បានន័យថា លុយគឺនៅក្នុងដៃរបស់អតិថិជននៅឡើយ ខណៈពេលដែលវាគួរតែបានមកដល់ដៃអាជីវកម្ម។ ផ្ទុយទៅវិញ ការពន្លឿនពេលទូទាត់ពីអតិថិជនអាចធានានូវការបង្វិលលុយឱ្យបានទៀងទាត់ជាងមុន។
‣ ភាគហ៊ុនិកមិនទម្លាក់ដើមទុន៖ ជាមូលហេតុមួយទៀតនៃហានិភ័យសន្ទនីយភាព ដែលម្ចាស់ក្រុមហ៊ុនមិនបញ្ចេញលុយបន្ថែមដើម្បីប្រតិបត្តិការអាជីវកម្ម។
ការអត់សាច់ប្រាក់ក្នុងដៃ នឹងបង្កបញ្ហាអ្វីខ្លះដល់ក្រុមហ៊ុន?
សន្ទនីយភាពទាបពេក (low liquidity)៖ នៅពេលដើមទុនជាប់គាំងក្នុងផលិតផលលក់ ជាកាលៈទេសៈមួយក្រុមហ៊ុននឹងត្រូវសម្រេចចិត្តលក់ផលិតផលទាំងនោះក្នុងតម្លៃទាបជាងទីផ្សារ ឬលក់ឡៃឡុងទាំងខាតដើម។ ក្រៅពីនេះ សាជីវកម្ម ឬអាជីវកម្មនឹងគ្មានប្រាក់គ្រប់ចំនួន សម្រាប់បំពេញប្រតិបត្តិការប្រចាំថ្ងៃ បង់ពន្ធជូនរដ្ឋ និងបើកប្រាក់ខែដល់បុគ្គលិក។ល។
ជាលទ្ធផល ក្រុមហ៊ុនអាចនឹងត្រូវដកលុយពីធនាគារដែលនឹងប៉ះពាល់ដល់ការប្រាក់ បាត់បង់ទំនុកចិត្តដៃគូអាជីវកម្ម ការប្ដឹងផ្ដល់តាមផ្លូវច្បាប់ពីសំណាក់ អ្នកផ្គត់ផ្គង់ ឬឈានទៅដល់ដំណាក់កាលក្ស័យធន បើហានិភ័យសន្ទនីយភាពធ្ងន់ធ្ងរ ពិបាកស្រោចស្រង់។
តើក្រុមហ៊ុនអាចទប់ស្កាត់បញ្ហាអត់មានសាច់ប្រាក់ក្នុងអាជីវកម្មរបស់ខ្លួនដោយវិធីណាខ្លះ?
១. ឧស្សាហ៍តាមដានសុខភាពក្រុមហ៊ុន តាមរយៈរូបមន្តអនុបាតសន្ទនីយភាព
២. ព្យាករណ៍លំហូរសាច់ប្រាក់ទុកសម្រាប់ថ្ងៃខាងមុខ
៣. កំណត់រយៈពេលទូទាត់ប្រាក់ជំពាក់ជាមួយអតិថិជនឱ្យច្បាស់លាស់
៤. រក្សាទំនាក់ទំនងល្អ ទាំងជាមួយធនាគារ និងអ្នកផ្គត់ផ្គង់។
ក្រៅពីកង្វះសាច់ប្រាក់ដោយសារហានិភ័យសន្ទនីយភាពនេះ ម្ចាស់អាជីវកម្ម ក៏គួរយកចិត្តទុកដាក់ជាមួយហានិភ័យផ្សេងទៀតដូចជា ហានិភ័យប្រតិបត្តិការ ហានិភ័យទីផ្សារ ហានិភ័យអត្រាការប្រាក់ជាដើម។ ការយកចិត្តទុកដាក់ជាមួយហានិភ័យទាំងនេះ ជាយុទ្ធសាស្ត្រ និងផែនការគ្រប់គ្រងអាជីវកម្ម ឱ្យចៀសផុតពីផលប៉ះពាល់ហិរញ្ញវត្ថុក្នុងស្ថាប័នរបស់ខ្លួន។
**បញ្ជាក់៖ នៅក្នុងមេរៀនហិរញ្ញវត្ថុ និងដំណើរការក្រុមហ៊ុនជាក់ស្ដែង ហានិភ័យសន្ទនីយភាពមានភាពស៊ីជម្រៅ និងភាពស្មុគស្មាញជាងនេះ។ អត្ថបទខាងលើគ្រាន់តែបង្ហាញចំណុចត្រួសៗសំខាន់ៗ សម្រាប់ប្រិយមិត្តស្វែងយល់តែប៉ុណ្ណោះ៕
ប្រភពឯកសារស្រាវជ្រាវ និងដកស្រង់ចេញពី
១. National Bank of Cambodia | Prakas on Liquidity Risk Management Framework for BFIs
២. What is Funding Liquidity Risk? | (corporatefinanceinstiture.com)
៣. Financial Analysis: Liquidity Risk | (investopedia.com)
៤. How to Manage Financial Risk in your Business | (velotrade.com)
៥. Guide to managing liquidity risk | CPA Australia
៦. Should Companies Always Have High Liquidity? | (investopedia.com)
៧. How the 2008 Financial Crisis Affected the Banking Sector (investopedia.com)
Check here to see CGCC recommends ways to Access to Guaranteed Loans