អាម៉េរិក វៀតណាម និង ចិនក្លាយជាទីផ្សារនាំចេញធំជាងគេសម្រាប់កម្ពុជាក្នុងរយៈពេល ១០ខែ ក្នុងឆ្នាំ ២០២៤នេះ។
បើយោងតាមរបាយការណ៍បណ្តោះអាសន្នរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងចំណោមទីផ្សារនាំចេញធំជាងគេចំនួនបី អាម៉េរិកស្ថិតនៅលេខរៀងទីមួយ វៀតណាម ស្ថិតនៅលេខរៀងទីពីរ និង ចិនស្ថិតនៅលេខរៀងទីបី។
របាយការណ៍ខាងលើនេះក៏បង្ហាញដែរថា ទំហំពាណិជ្ជកម្មសរុបដែលកម្ពុជាមានជាមួយទីផ្សារអន្តរជាតិមានប្រមាណ ៤៥ពាន់លានដុល្លារ។ ក្នុងនោះ ទំនិញដែលកម្ពុជានាំចេញមានតម្លៃ ២១, ៥៧៤ ពាន់លានដុល្លារ កើនឡើង ១៦ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣។ ចំណែក ការនាំចូលទំនិញមកវិញ មានទំហំប្រមាណ ២៣, ៤៩០ ពាន់លានដុល្លារ កើនឡើង ១៧ ភាគរយ។
ងាកមកប្រទេសជាទីផ្សារនាំចេញធំៗទាំងបីវិញម្តង។ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអាម៉េរិកមានប្រហែល ៨, ៤៥២ ពាន់លានដុល្លារ កើនឡើងប្រហែល ១០ ភាគរយ។ អ្វីដែលគួរឱ្យកត់សម្គាល់ កម្ពុជានាំទំនិញចេញទៅអាម៉េរិកក្នុងទំហំទឹកប្រាក់ ៨, ២៣៤ ពាន់លានដុល្លារ កើនឡើងជិត១០ភាគរយ។ ដោយឡែក ទំហំទំនិញកម្ពុជានាំចូលពីអាម៉េរិកវិញនោះមានចំនួនត្រឹម ២១៧លានដុល្លារតែប៉ុណ្ណោះ។
ក្នុងទំនាក់ទំនងពាណិជ្ជកម្មជាមួយវៀតណាមវិញ រយៈពេល១០ខែកន្លងមកនេះ កម្ពុជានាំចេញទំនិញទៅវៀតណាមក្នុងទំហំប្រហែលជិត ៣ ពាន់លានដុល្លារ កើនឡើងប្រមាណ៣១ ភាគរយ។ ឯទំនិញវៀតណាមនាំមកកាន់កម្ពុជាវិញ មានទំហំប្រមាណ ៣,៤៥១ ពាន់លានដុល្លារអាមេរិក កើន ឡើងប្រហែល ១៤ ភាគរយ។
ចំណែក ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិនដែលជាទីផ្សារលេខរៀងទីបីវិញនោះមានសរុប ប្រមាណជាង១២,៣៧៩ ពាន់លានដុល្លារ កើនឡើង ២៣ភាគរយ។ កម្ពុជានាំចេញទំនិញទៅចិន ក្នងទំហំ ១, ៤២៧ ពាន់លានដុល្លារ ខណៈទំនិញប្រទេសនេះនាំទំនិញចូលពីចិន ក្នុងទំហំរហូតដល់ជិត ១១ពាន់ដុល្លារ កើនឡើងប្រហែល ២៣ ភាគរយ។
សរុបមក រយៈពេល ១០ខែនេះឆ្នាំ ២០២៤ នេះ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជាជាមួយប្រទេសដទៃ មានការកើនឡើងគួរឱ្យកត់សម្គាល់ បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣៕