កុំភ្លេចថា… យើងមិនមែនជា million boy ទេ
តែងលឺចាស់ៗនិយាយថា សប្បាយចុះ តែកុំសប្បាយភ្លេចខ្លួន។ ពាក្យនេះមិនខុសពីការទូន្មានឲ្យយើងចេះស្វែងរកការសប្បាយក្នុងជីវិត តែការសប្បាយនោះគឺសប្បាយដោយមានទំនួលខុសត្រូវ។ ទោះជាយើងជាមនុស្សដែលចូលចិត្តតែ enjoy ក៏ដោយ តែមិនត្រូវភ្លេចចំណុចទាំងនេះដែរ។
១ គិតគូរដល់សុខភាព
អាយុនៅតិច សុខភាពមិនទាន់ជាបញ្ហាចោទទេ ប៉ុន្តែអ្វីដែលត្រូវគិតគូរនោះគឺបញ្ហាសុខភាព និងជំងឺនៅពេលចាស់ទៅ។ នៅក្មេងកុំញៀនស្រា ញៀនជក់បារី ឬដើរលេងយប់ជ្រៅពេកអី យើងគួរតែគិតពីសុវត្ថិភាព និងសុខភាពជាចម្បង។ ចូរបង្កើតទម្លាប់ការរស់នៅល្អ ហូបអាហារល្អ គេងឲ្យបានគ្រប់គ្រាន់ ដើម្បីឲ្យសុខភាពរឹងមាំ និងកាត់បន្ថយពីការកើតមានជំងឺផ្សេងៗនៅថ្ងៃមុខ។
២ គិតគូររឿងលុយកាក់
វាមិនមែនជារឿងល្អទេ ដែលយកលេសថាដើម្បីសេចក្តីសុខហើយចាយលុយអស់រលីងពីខ្លួន។ យើងគ្រប់គ្នាគួរមានការបែងចែក និងទុកដាក់ប្រាក់កាក់ឲ្យច្បាស់លាស់ ដោយរៀបផែនការហិរញ្ញវត្ថុ ដើម្បីចៀសវាងការចាយលើសកម្រិត។
ឧទាហរណ៍ វិធី 50/30/20 ដែល 50%នៃប្រាក់សរុបសម្រាប់តម្រូវការចាំបាច់ 30%សម្រាប់ចាយវាយលើអ្វីដែលអ្នកចង់បាន និង20%សម្រាប់សន្សំដើម្បីអនាគត។
៣ ទំនួលខុសត្រូវលើការងារ ឬ ការសិក្សា
Enjoy ចុះ តែកុំភ្លេចរៀនសូត្រ ហើយកុំធ្វេសប្រហែសលើការងារ។ យូរៗម្ដងយើងអាចទៅដើរលេង លំហែកាយ និងសាកថ្មឲ្យជីវិត។ ស្របគ្នានេះយើងត្រូវចេះបែងចែករឿងផ្ទាល់ខ្លួន និងរឿងការងារឲ្យដាច់ពីគ្នា។ មិនគួរមានទម្លាប់អាក្រក់ បង្កើតជាភាពខ្ជិលច្រអូស ការពន្យាពេលដែលអាចប៉ះពាល់ និងផ្ដល់បញ្ហាដល់ខ្លួន និងមនុស្សជុំវិញខ្លួនឡើយ។
៤ គិតគូរពីអនាគត
កុំបណ្ដែតបណ្ដោយខ្លួនតាមព្រេងវាសនា ព្រោះអនាគតគឺស្ថិតក្នុងដៃរបស់យើង។ យើងគួរមានផែនការជីវិតរយៈពេលខ្លីពី៦ខែ ទៅ១ឆ្នាំ និងផែនការរយៈពេលវែងពី៣ ទៅ៥ ឆ្នាំខាងមុខទៀត ទៅតាមស្ថានការជាក់ស្ដែង ចៀសវៀងការបាត់បង់ខ្លួនឯងពាក់កណ្ដាលទី។
ជាចុងក្រោយនេះ អេដមីនគ្រាន់តែចង់ឲ្យអ្នកទាំងអស់គ្នាមានការសប្បាយក្នុងជីវិត ដោយមានទំនួលខុសត្រូវ និងកុំឲ្យសប្បាយរហូតភ្លេចខ្លួនដែលអាចប៉ះពាល់ទៅថ្ងៃក្រោយ ឬស្ដាយក្រោយចំពោះការសម្រេចរបស់ខ្លួន៕💖
Click to read about: លុយ និងការបំពេញន័យឱ្យជីវិត
© 2022 - 2023 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។