ធ្លាប់ស្រមៃអត់ថា ពេលធំឡើង នឹងបានធ្វើការនៅកន្លែងមួយដែលមានប្រាក់ខែច្រើន ហើយជាការងារដែលខ្លួនស្រលាញ់ពេញចិត្ត? បើអេដមីនផ្ទាល់ ធ្លាប់ស្រមៃបែបនេះរាល់ថ្ងៃ ហើយសព្វថ្ងៃក៏កំពុងធ្វើការងារដែលខ្លួនឯងស្រលាញ់ផងដែរ។
បើសង្កេតមើលតាមជាក់ស្ដែង មិនមែនគ្រប់គ្នាសុទ្ធតែកំពុងធ្វើការងារដែលខ្លួនស្រលាញ់ទាំងអស់នោះទេ។ អ្នកខ្លះកំពុងធ្វើការងារទាំង ដែលខ្លួនមិនចូលចិត្ត ឬមិនទាំងដឹងថាខ្លួនឯងស្រលាញ់ចូលចិត្តអីផង ហើយបើសួរថាមកពីមូលហេតុអី? ហេតុអីនៅទ្រាំធ្វើ បើមិនស្រលាញ់ផង? ចម្លើយអាចមកពីការងារនោះផ្តល់ប្រាក់ខែច្រើន អាចផ្គត់ផ្គង់តម្រូវការប្រចាំថ្ងៃ ឬអាចថាការងារនោះងាយស្រួល និងមិនចង់ចេញពី comfort zone ។ល។ ថ្ងៃនេះយើងងាកមកមើលពីភាពខុសគ្នារវាងជម្រើសការងារទាំងពីរនេះបន្តិច។
ការងារដែលខ្លួនស្រលាញ់៖
ទាំងគេទាំងយើង តែងចង់មានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត។ ពេលធ្វើការងារដែលខ្លួនស្រលាញ់ យើងមានកម្លាំងចិត្តងើបពីព្រឹករៀងរាល់ថ្ងៃទៅធ្វើការ និងមានអារម្មណ៍ពេញចិត្តនឹងធ្វើការ។ ស្របពេលនោះ ផលិតភាពការងាររបស់យើងក៏អាចកើនឡើងបានមួយកម្រិត។ ពេលខ្លះ ទោះបីជាការងារគរដូចភ្នំ តែដោយហេតុការស្រលាញ់ពេញចិត្ត យើងនឹងបន្តធ្វើវាទាំងមិនមានអារម្មណ៍ថាហត់នឿយ។ ម្យ៉ាង ដោយសារតែលទ្ធផលការងារផ្តល់ជាផ្លែផ្កាល្អ យើងរមែងមានអារម្មណ៍វិជ្ជមានទៅលើការងារ ដូចជាបើកចិត្តទូលាយទទួលយកមេរៀនថ្មីៗពីការងារនោះ និង challenge ខ្លួនឯងជាដើម។
បន្ថែមពីនេះ កាលណាយើងធ្វើការបានល្អ ឱកាសទទួលបានការដំឡើងតំណែងក៏ដូចជាប្រាក់ខែខ្ពស់ក៏មានភាគរយខ្ពស់ដែរ។
ការងារដែលបានប្រាក់ខែល្អ៖
ច្បាស់ណាស់ថា ការងារដែលបានប្រាក់ខែល្អអាចជួយសម្រួលបន្ទុករបស់អ្នកបានមួយចំនួនធំ។ ទោះបីលុយមិនអាចទិញអ្វីៗគ្រប់យ៉ាងបានមែន ប៉ុន្តែវាចាំបាច់ក្នុងការផ្គត់ផ្គង់ ជីវិតរស់នៅប្រចាំថ្ងៃ របស់យើងរាល់គ្នា។ ម្យ៉ាងវិញទៀត វារួមចំណែកក្នងការកសាងលំនឹងស្ថានភាពហិរញ្ញវត្ថុរបស់អ្នកនៅថ្ងៃអនាគត។ យ៉ាងណាៗ វាគឺជាការពិតមួយដែលយើងមិនអាចប្រកែកបាន ព្រោះយើងដឹងហើយថាហិរញ្ញវត្ថុផ្ទាល់ខ្លួនសំខាន់កម្រិតណា មិនថាយើងដើរដល់ដំណាក់កាលណានៃជីវិតទេ។
គ្មានការងារដែលល្អឥតខ្ចោះទេ តែយើងអាចសួរខ្លួនឯងជាមុនសិនថា យើងចង់បានការងារបែបណាដែរ។ រាល់ការសម្រេចចិត្តធ្វើអ្វីមួយ អាស្រ័យលើខ្លួនយើងតែមួយគត់។ ទោះយ៉ាងណាក៏ដោយ អេដមីនគ្រាន់តែសង្ឃឹមថាអ្នកទាំងអស់គ្នាអាចរកបានការងារដែលអ្នកពេញចិត្តនឹងធ្វើស្របពេលដែលអ្នកអាចផ្គត់ផ្គង់ជីវភាពបានល្អប្រសើរ៕
ចុចទីនេះដើម្បីស្វែងយល់បន្ថែមពី: គុណភាពការងារពិតជាសំខាន់សម្រាប់អនាគត?