អ្វីជាប្រាក់សោធននិវត្តន៍?
ប្រាក់សោធននិវត្តន៍ ជាប្រាក់ដែលអ្នកទទួលបានជារៀងរាល់ខែនៅពេលចាស់ទៅមិនអាចធ្វើការបាន។ គោលបំណងដែលរាជរដ្ឋាភិបាលផ្តល់ប្រាក់សោធននិវត្តន៍គឺដើម្បីប្រាកដថា ប្រជាពលរដ្ឋមានប្រភពចំណូលសម្រាប់ការប្រើប្រាស់ក្នុងជីវភាពរស់នៅ នៅពេលដែលពួកគេចូលនិវត្តន៍។ អ្នកដែលអាចទទួលបានប្រាក់សោធននិវត្តន៍មាន មន្ត្រីរាជការ និងកម្មករនិយោជិកដែលជាសមាជិកបេឡាជាតិរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន។
ក្នុងស្ថាប័នរដ្ឋ មន្ត្រីរាជការទទួលបានប្រាក់សោធននិវត្តន៍ខុសៗគ្នាអាស្រ័យទៅតាមប្រភេទក្របខ័ណ្ឌ និងរយៈពេលដែលបានបំពេញកិច្ចការ។ មន្ត្រីរាជការស៊ីវិលនៅគ្រប់ក្របខណ្ឌអាចចូលនិវត្តន៍នៅអាយុ ៦០ឆ្នាំ។ ឯកងកម្លាំងប្រដាប់អាវុធត្រូវចូលនិវត្តន៍ទៅតាមឋានៈ និងតួនាទីដូចជា ឋានៈចាប់ពី ពលទោ ទៅដល់ វីរៈសេនីយ៍ទោ ចូលនិវត្តបាននៅអាយុ ៥៥ ឆ្នាំ។ បើជាស្ត្រី ចូលនិវត្តន៍បាននៅអាយុ ៥០ ឆ្នាំ។ រីឯឋានៈចាប់ពីវីរៈសេនីយ៍ឯកឡើងទៅ ចូលនិវត្តន៍នៅអាយុ ៦០ ឆ្នាំ ។ មន្ត្រីដែលបានបំពេញការងារចាប់ពី២០ឆ្នាំឡើងទៅ គាត់នឹងទទួលបានប្រាក់សោធននិវត្តន៍ ៦០ % នៃប្រាក់ខែមូលដ្ឋានរបស់គាត់។ ជារៀងរាល់ឆ្នាំ ខាងរដ្ឋនឹងដំឡើង ២% បន្ថែមរហូតដល់គ្រប់ ៨០% នៃប្រាក់ខែមូលដ្ឋាន។ តែបើបានបម្រើការចាប់ពី ៣០ឆ្នាំ ពួកគេនឹងទទួលបាន ៨០% តែម្ដង។
ឯបុគ្គលិកនៅក្នុងក្រុមហ៊ុនឯកជន ដែលបានចុះបញ្ជីអាជីវកម្មត្រឹមត្រូវ ក៏ទទួលបានប្រាក់សោធននិវត្តន៍ផងដែរ។ ដើម្បីទទួលបានប្រាក់សោធននេះ ក្នុងអំឡុងពេលបម្រើការងារ ពួកគេត្រូវបង់ ៤% នៃប្រាក់ខែ ដែលក្នុងនោះក្រុមហ៊ុនជួយបង់ ២% ក្នុងរយៈពេល៥ឆ្នាំដំបូង។ គោលបំណងនៃប្រាក់សោធននិវត្តន៍ គឺដើម្បីទុកចំណាយលើប្រតិបត្តិការនៃរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន នៅពេលពួកគេមានអាយុ ៦០ ឆ្នាំឡើងទៅ ឬករណីជរាភាព ឬករណីមានជំងឺមិនអាចធ្វើការដល់អាយុ៦០ឆ្នាំ ឬករណីមរណភាពជាអាទិ៍។ ទោះបីជាពួកគេប្តូរការងារថ្មី ក៏នៅតែអាចទទួលបានប្រាក់សោធននិវត្តន៍ដដែល ដោយក្រុមហ៊ុមថ្មីត្រូវបន្តបង់ជូន ក្នុងករណីក្រុមហ៊ុនចាស់បង់មិនទាន់គ្រប់ ៥ ឆ្នាំ។
សម្រាប់អ្នកដែលបម្រើការងារក្រៅប្រព័ន្ធដូចជា អ្នកលក់ដូរតាមដងផ្លូវ និងបុគ្គលិកដែលបម្រើការងារក្នុងក្រុមហ៊ុនដែលមិនបានចុះបញ្ជីជាមួយរដ្ឋពុំទាន់អាចបង់ភាគទានបេឡាជាតិរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះទេ។
ក្រៅពីការទទួលបាននូវប្រាក់សោធនពីរាជរដ្ឋាភិបាល អ្នកទាំងអស់គ្នាអាចរៀបចំប្រាក់សន្សំសម្រាប់ចូលនិវត្តន៍ដោយខ្លួនឯង ឬធ្វើការវិនិយោគទៅលើអចលនទ្រព្យ ឬភាគហ៊ុនដើម្បីទទួលបានចំណូលអកម្មនៅពេលចូលនិវត្តន៍ផងដែរ៕