និយាយពី the Big4 បើសួរទៅសិស្ស accounting ឬសិស្ស audit នរណាដែលមិនស្គាល់នោះ គឺស្គាល់ច្បាស់ដូចថ្ងៃតែម្ដង។ សម្រាប់អ្នកមិនធ្លាប់លឺពីមុន Big4 មិនមែនជាឈ្មោះក្រុមវីរនារី ឬក៏វីរបុរសអ្វីនោះទេ។ Big4 គឺជាបណ្តុំក្រុមហ៊ុនធំៗ ហើយម៉េចបានជាគេហៅវាថា Big4? ក្រុមហ៊ុនធំៗចំនួន4 នៅក្នុង Big4 ទៀតមានអ្វីខ្លះទៅ? បើចង់ដឹងកុំភ្លេចអានបន្តទៀត អេដមីននឹងស្រាយចម្ងល់សម្រាប់អ្នកទាំងអស់គ្នា។
កាលពីមុន Big4 មិនមែនមានត្រឹមតែ4ក្រុមហ៊ុនធំៗចូលគ្នាទេ ហើយក៏មិនមែនហៅថា Big4 តាំងពីដំបូងដែរ។ កាលពីឆ្នាំ1910 គេដាក់ឈ្មោះឲ្យថា the “Big8” ដោយមានក្រុមហ៊ុនសវនកម្ម និងគណនេយ្យធំៗចំនួន៨ក្នុងនេាះ។ ដោយសារតែក្រុមហ៊ុនទាំង8 បានរួមបញ្ចូលគ្នាក្នុងគោលបំណង កាត់បន្ថយការចំណាយលើប្រតិបត្តិការ ពង្រីកទៅកាន់ទីផ្សារថ្មី បង្កើនប្រាក់ចំណូល និងចំណេញ និងការក្ស័យធន របស់ក្រុមហ៊ុន Arthur Andersen បានធ្វើឲ្យបណ្តុំក្រុមហ៊ុនយក្សទាំង៨ មកត្រឹមជាបណ្តុំក្រុមហ៊ុនយក្សទាំង4 ឬក៏ The Big4 នេះឯង។
សព្វថ្ងៃ The Big4 បានដើរតួយ៉ាងសំខាន់នៅក្នុងវិស័យសវនកម្ម និងវិស័យគណនេយ្យ។ ក្រុមហ៊ុនទាំង4 ផ្តល់សេវាកម្មដូចជា សេវាកម្មសវនកម្ម គណនេយ្យ ពន្ធដារ ការប្រឹក្សាផ្នែកផ្លូវច្បាប់ទៅកាន់អតិថិជន។ ពេលនេះ ក្រុមហ៊ុនទាំង4នៅក្នុង Big4 មានដូចជា៖
Deloitte (Deloitte Touche Tohmatsu) ៖ ជាក្រុមហ៊ុនដែលត្រូវបានបង្កើតដោយលោក William Deloitteនៅក្នុងឆ្នាំ1845។ នៅក្នុងឆ្នាំ2020យោងតាមទិន្នន័យប្រចាំឆ្នាំរបស់ ក្រុមហ៊ុននេះ ផ្ទាល់បានឲ្យដឹងថាប្រាក់ចំណុលសរុបបានលោតទៅដល់ 47.6 កោដិដុល្លារ ដែលបានចំណូលបានច្រើនជាងគេបំផុត ប្រៀបធៀបជាមួយក្រុមហ៊ុន3ផ្សេងទៀត។
PwC (PricewaterhouseCoopers)៖ ដូចទៅនឹង Deloitte ដែល PwC បង្កើតឡើងលើកដំបូងនៅក្នុងប្រទេសអង់គ្លេស ក្នុងឆ្នាំ1849។ អ្វីដែលគួរឲ្យចាប់អារម្មណ៍អំពី PwC គឺថាដំបូងមានឈ្មោះថា Price Waterhouse ប៉ុន្តែនៅឆ្នាំ1998 ក្រុមហ៊ុននេះបានរួមបញ្ចូលជាមួយនឹងក្រុមហ៊ុន Coopers & Lybrand បានប្តូរឈ្មោះមកជា PricewaterhouseCoopers រហូតមកដល់សព្វថ្ងៃ។
EY (Ernst & Young)៖ ក្រុមហ៊ុននេះបង្កើតឡើងដំបូងក្នុងឆ្នាំ1849នៅក្នុងប្រទេសអង់គ្លេស។ ចាប់ផ្តើមជាមួយនឹងឈ្មោះ Harding & Pullein ក្រុមហ៊ុននេះបានរួមបញ្ចូលគ្នាជាមួយ ក្រុមហ៊ុនផ្សេងៗរហូតមកឆ្នាំ1989 ក៏បានប្តូរឈ្មោះទៅជា Ernst & Young ឬ EY។
KPMG (Klynveld Peat Marwick Goerdeler)៖ ទីស្នាក់ការកណ្តាលរបស់ KPMG សព្វថ្ងៃមានទីតាំងនៅក្នុងប្រទេសហូឡង់។ បង្កើតឡើងក្នុងឆ្នាំ1818 KPMG មិនមែនជាឈ្មោះដើមនោះទេ តែឈ្មោះ KPMG បានមកពីការរួមបញ្ចូលគ្នារវាងក្រុមហ៊ុន Peat Marwick International and KMG (Klynveld Main Goerdeler)។
យើងអាចមើលឃើញថា ឥទ្ធិពល Big4 មានវិសាលភាពទូទាំងពិភពលោក ដែលជាមូលហេតុធ្វើឲ្យអ្នករៀនភាគច្រើនក្នុងវិស័យនេះប៉ុនប៉ងចង់ធ្វើការនៅក្នុងក្រុមហ៊ុនណាមួយនៃ Big4។
មូលហេតុមួយចំនួនដែលធ្វើឲ្យមនុស្សជាច្រើនចង់ធ្វើការនៅក្នុងក្រុមហ៊ុនយក្សទាំង4គឺ៖
- កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន ឬ Brand name៖ ដោយសារតែឥទ្ធិពល និងកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនទាំង4 និស្សិតដែលរៀនចប់ក្នុងវិស័យនេះតែងតែរំពឹងចង់ធ្វើការនៅទីនោះ។ ពួកគេគិតថាក្រុមហ៊ុនទាំង4មានបទពិសោធន៍យូរឆ្នាំ ហេីយថ្ងៃក្រោយ បើចង់ដាក់ពាក្យនៅក្រុមហ៊ុនផ្សេងៗពួកគេនឹងមានឱកាសខ្ពស់ក្នុងការទទួលបានការងារ។
- ពង្រីកបណ្តាញ Network៖ ដោយ Big4 ផ្តល់សេវាកម្មទៅកាន់អតិថិជនដែលជាក្រុមហ៊ុន ឬស្ថាប័នធំៗ នោះវាជាឱកាសដ៏ល្អសម្រាប់បុគ្គលិកក្នុងការបង្កើតទំនាក់ទំនងបែបវិជ្ជាជីវៈជាមួយដៃគូធំៗ។
- ទទួលបានបទពិសោធន៍៖ ជាមួយការបើកដំណើរការរាប់ឆ្នាំមកហើយ អ្នកដែលចូលធ្វើការនៅ Big4 រំពឹងទទួលបានបទពិសោធន៍ថ្មីៗល្អៗ។ លក្ខណៈពិសេសគឺការធ្វើការផ្ទាល់ជាមួយនឹងដៃគូធំៗ នឹងនាំទាំងអត្ថប្រយោជន៍ និងសម្ពាធដែលសុទ្ធតែជាពិសោធន៍សម្រាប់អាជីពការងារពួកគេ។
តាមពិតទៅ the Big 4 មិនត្រឹមតែផ្តល់សេវាកម្មក្នុងវិស័យពន្ធដារ សវនកម្ម និងគណនេយ្យតែប៉ុណ្ណោះទេ ក្រុមហ៊ុនទាំងនេះក៏បានផ្តល់ឱកាសការងារទៅឲ្យមនុស្សជាច្រើនជុំវិញពិភពលោក ដែលវាបានជួយសង្គមមួយផ្នែកក្នុងការកាត់បន្ថយភាពអត់ការងារធ្វើ។
© 2021 – 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។