ក្រៅពីការពារទឹកប្រាក់ ធនាគារមានសិទ្ធិអំណាច និងករណីយកិច្ចអ្វីខ្លះទៀត?
សិទ្ធិនៅក្នុងនេះ គឺសំដៅដល់ការប្រើប្រាស់សិទ្ធិ ស្របតាមសីលធម៌ និងផ្លូវច្បាប់។ ទោះធនាគារប្រើ ឬមិនប្រើសិទ្ធិនោះ គឺអាស្រ័យលើការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំធនាគារ។ ចំពោះកាតព្វកិច្ច ខុសពីសិទ្ធិនោះត្រង់ថា ជាភារកិច្ចដែលធនាគារចាំបាច់ត្រូវអនុវត្តតាមច្បាប់កំណត់ ដើម្បីធានាតម្លាភាព និងសុវត្ថិភាពជូនអតិថិជន ស្របតាមគោលការណ៍ការពារអតិថិជន។
ក. សិទ្ធិរបស់ធនាគារ
១. ការគិតកម្រៃសេវា៖ ធនាគារមានសិទ្ធិពេញលេញក្នុងការគិតថ្លៃពីអតិថិជនក្នុងការប្រើប្រាស់សេវាណាមួយដែលបានតម្រូវដោយលក្ខខណ្ឌរបស់ធនាគារ ឧទាហរណ៍ ថ្លៃកាតអេធីអឹម សេវាផ្ទេរប្រាក់។ល។
២. ការប្រើប្រាស់ប្រាក់បញ្ញើរបស់អតិថិជន៖ ធនាគារអាចប្រើប្រាស់លុយក្នុងគោលបំណងផ្សេងៗ (ផ្ដល់កម្ចីជាដើម) ដរាបណាស្របតាមច្បាប់។ ប៉ុន្តែក្នុងលក្ខខណ្ឌមួយគឺអតិថិជនត្រូវដកលុយនោះមកវិញបាន ឱ្យតែមានសមតុល្យក្នុងគណនី។
៣. ការដកប្រាក់លើស (Overdrawn Balances)៖ ក្នុងករណីដែលអតិថិជនដកប្រាក់លើសចំនួនមានក្នុងគណនី ធនាគារមានសិទ្ធិក្នុងការទាមទារប្រាក់មកវិញភ្លាមៗ លើកលែងមានសេចក្ដីជូនដំណងទុកជាមុនអំពីថ្ងៃផុតកំណត់។
៤. ការបើកមូលប្បទានប័ត្ររបស់អតិថិជន៖ ធនាគារនឹងត្រូវស្នើសំុព័ត៌មានញ្ជាក់ ឬត្រួតពិនិត្យមើលឯកសា ឧទាហរណ៍ អត្តសញ្ញាណប័ណ្ណ ដើម្បីជៀសវាងការក្លែងបន្លំសែកស្អុយជាដើម។
៥. សំណងពីការខូចខាត៖ ធនាគារមានសិទ្ធិចាត់វិធានការ ឬទាមទារសំណងទៅតាមលក្ខខណ្ឌ និងកិច្ចព្រមព្រៀង ក្នុងករណីឥណទានមិនដំណើរការជាដើម។
ខ. កាតព្វកិច្ចរបស់ធនាគារ
១. ការបំពេញតម្រូវការអតិថិជន៖ ធនាគារត្រូវបំពេញទៅតាមការស្នើសុំរបស់អតិថិជន ដូចជាការបើកមូលប្បទានប័ត្រ របាយការណ៍ធនាគារ (bank statement)។ល។
២. ការដកប្រាក់៖ ធនាគារត្រូវសងប្រាក់បញ្ញើរបស់អតិថិជនវិញ ឱ្យតែមាន (១) សំណើសុំពីអ្នកដក (២) ប្រតិបត្តិការកើតឡើងអំឡុងពេលម៉ោងធ្វើការ និង(៣) មានទឹកប្រាក់គ្រប់គ្រាន់ក្នុងគណនី។
៣. គោលការណ៍រក្សាការសម្ងាត់ជូនអតិថិជន៖ ធនាគារត្រូវរក្សាសិទ្ធិបុគ្គលដោយមិនបញ្ចេញពត៌មានសម្ងាត់របស់អតិថិជនទៅនរណាម្នាក់បើគ្មានការអនុញ្ញាត។ អាចបញ្ចេញព័ត៌មានឯកជនភាពបាន លុះត្រាតែច្បាប់តម្រូវ ឬទទួលបានការអនុញ្ញាតពីសាមីជន។
៤. ការផ្ដល់ឥណទានប្រកបដោយទំនូសខុសត្រូវ៖ ធនាគារត្រូវយកចិត្តទុកដាក់លើគ្រប់ដំណាក់កាលនៃដំណើការឥណទាន ដើម្បីធានាថាអតិថិជនត្រូវមានលទ្ធភាពបង់សងប្រាក់ត្រឡប់មកវិញដោយមិនជាប់បំណុលវ័ណ្ឌក។
៥. ការប្រកាន់ខ្ជាប់នូវសីលធម៌វិជ្ជាជីវៈ៖ ត្រូវផ្ដល់សេវាដល់អតិថិជនទាំងអស់ ដោយតម្លាភាព មិនត្រូវរើសអើងពណ៌សម្បុរ ជាតិសាសន៍ និងឆ្លើយតបទៅនឹងបណ្ដឹងអតិថិជនឱ្យបានប្រសិទ្ធភាព។ បុគ្គលិកជួរមុខ ត្រូវពន្យល់ប្រាប់អតិថិជនឱ្យបានលម្អិត មិនបំផ្លើសនូវរាល់ផលិតផល និងសេវាកម្មផ្សេងៗ។
លើសពីកាតព្វកិច្ចការពារសុវត្ថិភាពទឹកប្រាក់អតិថិជន សិទ្ធិអំណាច និងភារកិច្ចនានាដែលរៀបរាប់ខាងលើ គឺជាចំណេះដឹងដែលយើងគួរឈ្វេងយល់៕
© 2022 - 2023 KAKCENT | រក្សាសិទ្ធិដោយកាក់សេន