ធ្លាប់ឆ្ងល់ដូច កាក់សេន អត់ថា បើប្រជាជនយើងមួយប្រទេសឈប់ចាយលុយមួយខែ តើនឹងមានរឿងអីកើតឡើង? ហើយធ្លាប់ឆ្ងល់ទៀតអត់ថា លុយដែលយើងចាយរាល់ថ្ងៃហ្នឹង នឹងរត់ទៅណាខ្លះ? វានឹងផ្ដល់ផលប៉ះពាល់អ្វីខ្លះដល់វដ្តសេដ្ឋកិច្ចជាតិ?
វដ្តសេដ្ឋកិច្ច សំដៅទៅបម្រែបម្រួលឡើងចុះនៃសេដ្ឋកិច្ច ដែលកត្តាទាំងអស់នោះរួមមាន ផលិតផលក្នុងស្រុកសរុប អត្រាការប្រាក់ ចំនួនតួរលេខនៃបុគ្គលិកធ្វើការងារ និងការចាយវាយប្រចាំថ្ងៃរបស់អ្នក ឬយើងអាចហៅម្យ៉ាងមួយទៀតថា វដ្តសេដ្ឋកិច្ចរួមមាន ការចាយវាយ ការផលិត និង ការចែកចាយ។
ឧទាហរណ៍ថា យើងទាំងអស់គ្នាស្រាប់តែឈប់ចាយលុយទិញផលិតផល ឬប្រើប្រាស់សេវាកម្មអ្វីទាំងអស់។
- នោះនៅពេលម្ចាស់ផលិតកម្មគ្មានអ្នកទិញផលិតផល គេនឹងឈប់ផលិតផលិតផលនោះ ឬអាចដល់បិទទ្វារ។
- នៅពេលបិទទ្វារ វាប៉ះពាល់ដល់បុគ្គលិកដែលធ្វើការនៅទីនោះ ដោយគ្មានប្រាក់ចំណូល និងគ្មានការងារធ្វើ។
- រីឯរដ្ឋទៀតសោត នៅពេលម្ចាស់ផលិតកម្មទាំងនោះបិទទ្វារ រដ្ឋនឹងបាត់បង់ប្រាក់ចំណូលតាមរយៈការបង់ពន្ធ
- នៅពេលរដ្ឋគ្មានប្រាក់ចំណូល ចំណូលជាតិនឹងធ្លាក់ចុះ ដែលវានឹងប៉ះពាល់ទៅដល់បុគ្គលិកធ្វើការក្នុងស្ថាប័នរដ្ឋ ការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស បើទោះបីជាចំណូលជាតិធ្លាក់ចុះ រដ្ឋនៅតែបន្តចំណាយលើចំណាយសាធារណៈ ដែលជាកត្តាបង្អាក់ភាពរាំងស្ទះដល់ការអភិវឌ្ឍន៍ប្រទេសជាតិ។
យើងឃើញថាចរាចរលុយកាក់របស់យើងម្នាក់ៗពិតជាមានសារៈសំខាន់ណាស់ក្នុងវដ្តសេដ្ឋកិច្ចប្រទេសជាតិ។ អញ្ចឹង! សម្រាប់ចម្លើយសំណួរខាងលើ ប្រសិនបើប្រជាជនយើងមួយប្រទេសឈប់ចាយលុយមួយខែនោះ ម្ចាស់អាជីវកម្ម និងជំនួញជាច្រើននឹងត្រូវបិទទ្វារ បុគ្គលិកជាច្រើននាក់នឹងលែងមានការងារធ្វើ រីឯរាជរដ្ឋាភិបាលទៀតសោត នឹងត្រូវខាតបង់ចំណូលជាតិ ដ្បិតថាលែងមានអ្នកបង់ពន្ធបន្ត។ ប៉ុន្តែនេះគ្រាន់តែជាឧទាហរណ៍លើកមកបង្ហាញប៉ុណ្ណោះ តាមពិតទៅ ចំណូលជាតិធ្លាក់ចុះអាចមានកត្តាផ្សេងៗជាច្រើនដែលចូលរួមដែរ។
យ៉ាងណាមិញ តម្រូវការ និងការចាយវាយរបស់យើងម្នាក់ៗពិតជាសំខាន់ណាស់សម្រាប់ប្រទេសជាតិ។ ស្របពេលជាមួយគ្នានោះដែរ ការចាយវាយត្បិតតែសំខាន់ តែយើងក៏ត្រូវចាយឱ្យចំគោលដៅ ចៀសវាងការចាយវាយខ្ជះខ្ជាយ ដែលធ្វើឱ្យយើងមិនអាចសម្រេចបាននូវគោលដៅហិរញ្ញវត្ថុរបស់យើងបាន៕
Click here to read more about:
What would happen to the economy if we all stopped spending money?