ស្ថានភាពជំងឺកូវីដ១៩មិនទាន់នឹងបានធូរស្បើយស្រួលបួលផង លឺថាអាចជួបវិបត្តិសេដ្ឋកិច្ចទៀតហើយ។ ពិតអត់? 🤔
រាល់ថ្ងៃ តើមានបញ្ហាអ្វីខ្លះដែលអាចចោទជាសញ្ញានៃវិបត្តិសេដ្ឋកិច្ចពិភពលោក?
អ៊ីចឹង យើងអាចងាកមកមើលពីមូលហេតុដែលអាចបង្កឲ្យមានវិបត្តិសេដ្ឋកិច្ច បើផ្អែកលើស្ថានភាពសេដ្ឋកិច្ចសព្វថ្ងៃ។
1 ប្រភពថាមពលឡើងថ្លៃ
ពេលប្រភពថាមពលដូចជា ឧស្ម័ន ប្រេងឥន្ធនៈ និងធ្យូងថ្មឡើងថ្លៃ នឹងជះផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាជន។ គ្រប់គ្នានឹងត្រូវចំណាយច្រើនជាងមុន ដែលចំណាយនេះមិនអាចកាត់ផ្តាច់បានទេ ព្រោះសុទ្ធតែជាចំណាយចាំបាច់។
2 អតិផរណាកើនឡើង
ការកើនឡើងនៃអតិផរណាទាំងក្នុងស្រុក និងប្រទេសជិតខាង បានកាត់បន្ថយអំណាចនៃការទិញរបស់យើងម្នាក់ៗ ហើយយើងត្រូវចំណាយច្រើនជាងមុនលើផលិតផល និងសេវាកម្មដដែល។ ជាក់ស្តែង អត្រាអតិផរណាបានកើនឡើងដល់ប្រមាណ ៨.៦% ក្នុងខែមិថុនា ២០២២ នៅប៉ែកខាងអឺរ៉ុប។
3 ផ្សារហ៊ុនធ្លាក់ចុះ
ជាឧទាហរណ៍គឺការធ្លាក់ចុះនៃតម្លៃរូបិយប័ណ្ណកាក់គ្រីបតូ និងការធ្លាក់ចុះតម្លៃនៃឧស្សាហកម្ម Dow Jones និង S&P 500 ប្រមាណជាង ២០% កាលពីខែមិថុនា ឆ្នាំ២០២២ នេះ ជម្រុញឲ្យស្ថានភាពសេដ្ឋកិច្ចកាន់តែអាក្រក់ជាងមុនព្រោះអ្នកវិនិយោគខាតបង់ប្រាក់អស់ជាច្រើនត្រឹមតែរយៈពេលខ្លី។ តាមការអង្កេតទៅលើការធ្លាក់ចុះនៃទីផ្សារហ៊ុននេះបានបង្កភាពចលាចលទូទាំងពិភពលោកមួយចំនួនធំ ជាពិសេសគឺចំពោះអ្នកវិនិយោគផ្ទាល់តែម្ដង។
4 ការធ្លាក់ចុះនៃតម្លៃរូបិយប័ណ្ណធំៗមួយចំនួន
ហេតុការណ៍នេះទើបកើតឡើងក្តៅៗ មិនទាន់បានប៉ុន្មានថ្ងៃនៅឡើយទេ គឺតម្លៃរូបិយប័ណ្ណធំៗមួយចំនួន ដូចជាលុយអឺរ៉ូ (EUR) របស់អឺរ៉ុប និងលុយយេនរបស់ជប៉ុនធៀបនឹងដុល្លារអាមេរិចដែលបានធ្លាក់ចុះយ៉ាងគំហុកជាលើកដំបូងក្នុងរយៈពេលប្រមាណជាង២០ឆ្នាំចុងក្រោយ ។ លុយ១អឺរ៉ូបានធ្លាក់មកត្រឹមប្រហែល១ដុល្លារអាមេរិច និងលុយយេនបានធ្លាក់ចុះមក១២៤យេនក្នុង១ដុល្លារគិតត្រឹមខែមិថុនា ឆ្នាំ២០២២។
#តើយើងអាចជួបវិបត្តិសេដ្ឋកិច្ចក្នុងពេលអនាគតដ៏ខ្លីដែរឬទេ?
- ស្ថានភាពសេដ្ឋកិច្ចមានសភាពដូចសព្វថ្ងៃអាចបណ្ដាលមកពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនដែលកំពុងបន្ត។
- ដោយប្រទេសរុស្ស៊ីជាអ្នកផ្គត់ផ្គង់ប្រេងឆៅដ៏ធំមួយ ទោះតម្លៃសាំងមានការធ្លាក់ចុះបន្ដិចមែនប្រមាណថ្ងៃនេះ ប៉ុន្តែគេនៅតែរំពឹងថាវានឹងអាចឡើងថ្លៃជាបន្តទៀត។
- គួបផ្សំនឹងការប្រែប្រួលនៃតម្លៃរូបិយប័ណ្ណមួយចំនួនដែលអាចប៉ះពាល់ដល់ការប្រើប្រាស់លុយសម្រាប់ទូទាត់ពាណិជ្ជកម្ម ។
- អំណាចទិញ (Purchasing Power) អាចធ្លាក់ចុះយ៉ាងខ្លាំងធ្វើឲ្យមានការខាតបង់ទៅលើវិស័យពាណិជ្ជកម្មអាចប៉ះទង្គិចដល់សកម្មភាពសេដ្ឋកិច្ច។
- សកម្មភាពសេដ្ឋកិច្ចអាចឈានដល់ការជាប់គាំង ឬបាត់បង់ដែលអាចនាំឲ្យប្រជាជនបាត់បង់ការងារនិងចំណូលជាដើម។
សាកសម្រៃថា ប្រសិនបើចំណូលយើងមិនមានការកើនឡើង ឬបាត់បង់ចំណូល នោះនឹងមានអ្វីកើតឡើង? ហេតុនេះ ប្រសិនបើសង្រ្គាមនៅតែបន្ត ផ្សារហ៊ុនមានបញ្ហា អតិផរណាកើនឡើង និងការធ្លាក់ចុះរបស់អត្រាប្តូរប្រាក់នៅតែមិនអាចដោះស្រាយបាន នោះវានឹងផ្តល់សម្ពាធទៅកាន់សេដ្ឋកិច្ចរបស់ពិភពលោកកាន់តែខ្លាំង ហើយមិនយូរប៉ុន្មាន យើងនឹងអាចប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចជាក់ជាមិនខាន។
ប្រសិនបើយើងពិតជាមិនអាចគេចផុតដូចការសន្និដ្ឋានមែន យ៉ាងហោចណាស់យើងក៏គួរត្រៀមខ្លួនប្រឈមនឹងផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ចបានដែរ ដូចជាកាត់បន្ថយចំណាយមិនចាំបាច់ រៀបចំគម្រោងហិរញ្ញវត្ថុឡើងវិញ ពិនិត្យលើការវិនិយោគផលប័ត្រ និងការសន្សំបន្ថែម ដើម្បីបង្កើនទុនបម្រុងរបស់ខ្លួនឲ្យបានច្រើនជាងមុន៕
© 2022 - 2023 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។
ឯកសារយោង
• The Straits Times - 1 euro is now worth 1 US dollar for the first time in 20 years
• The Balance - Oil Price Forecast 2022-2050
• Eurostat - Euro area annual inflation up to 8.6%
• EIU - Yen weakness undermines Japan’s growth outlook in 2022