Gen Z គឺជាក្រុមមនុស្សដែលកើតក្នុងចន្លោះឆ្នាំ១៩៩៧ ទៅឆ្នាំ២០១២ ហើយបានធំធាត់ឡើងក្នុងសម័យបច្ចេកវិទ្យាកំពុងមានការអភិវឌ្ឍ។ រីឯទម្លាប់ការចាយវាយភាគច្រើនចាយទូលាយជាងអ្នកកើតជំនាន់មុនពួកគេ ឬហៅថាក្រុម Millennial។ ដើម្បីចៀសវាងការប៉ះពាល់ដល់ហិរញ្ញវត្ថុ តើមនុស្សសម័យ Gen-Z គួរកាត់បន្ថយចំណាយលើអ្វីខ្លះ?
1. ចំណាយលើសម្ភារនិយម
យុវជនសម័យបច្ចេកវិទ្យាទំនើប ច្បាស់ជាមានការស៊ាំខ្លួនជាមួយនឹងបច្ចេកវិទ្យាទំនើបៗដូចជា ទូរស័ព្ទ កុំព្យូទ័រ និងឧបករណ៍ផ្សេងៗដែលចេញសេរ៊ីថ្មីជាប្រចាំ។ ប៉ុន្តែការដើរតាមសម័យកាលលើឧបករណ៍ទាំងអស់នេះអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពហិរញ្ញវត្ថុរបស់ពួកគេ។ សម្ភារទាំងអស់នេះមិនស្ថិតក្នុងប្រភេទចំណាយចាំបាច់ទេ ប្រសិនបើនៅប្រើប្រាស់បានមិនមានការខូចខាតអ្វី អ្នកមិនបាច់ផ្លាស់ប្តូររាល់ពេលចេញសេរ៊ីថ្មីនោះទេ ។
2. របស់ប្រើប្រាស់ប្រេនៗ
សម្លៀកបំពាក់ កាបូប ឬស្បែកជើងមិនចាំបាច់ទាល់តែជាម៉ាកល្បីឈ្មោះ មានតម្លៃថ្លៃទើបមានគុណភាពល្អ អាចប្រើប្រាស់បានយូរទេ។ ប្រើត្រឹមរបស់មានតម្លៃល្មមៗ មិនមែនជាម៉ាកល្បីក៏បាន ឲ្យតែយើងតែចេះថែរក្សាទុកដាក់មានរបៀបរៀបរយ វាប្រើបានដូចតែគ្នា។ ជាក់ស្ដែងទំនិញមានម៉ាកល្បីៗគឺមានតម្លៃខ្ពស់ជាងទំនិញធម្មតាទូទៅ ពី២ទៅ៣ដងឯណោះ។ បើយើងយកលុយនោះមកសន្សំទុក ធ្វើទុនរកស៊ី ឬវិនិយោគផ្សេងៗ មិនត្រឹមមិនខ្ជះខ្ជាយថែមទាំងបានយកលុយបង្កើតលុយទៀត។
3. ហូបបាយក្រៅ
ស្ថិតក្នុងវ័យ២០ ជាវ័យដែលសម្បូរកម្មវិធីជួបជុំ បាយក្រៅច្រើនជាងបាយផ្ទះ តែទម្លាប់នេះមិនមែនជាល្អដល់សុខភាពហិរញ្ញវត្ថុទេ។ ការញ៉ាំក្រៅចំណាយច្រើនជាងញ៉ាំបាយផ្ទះ ឬចម្អិនអាហារដោយខ្លួនឯង ព្រោះពេលយើងទិញអាហារក្រៅញ៉ាំម្ដងបានតែមួយពេល។ ផ្ទុយទៅវិញ បើយើងទិញបន្លែ សាច់ គ្រឿងទេសអាចលៃលកប្រើប្រាស់បាន២ ឬ៣ពេល ដែលអាចឲ្យយើងសន្សំលុយបានច្រើនគួរសម។ ត្រង់ចំណុចនេះ មិនមែនបានន័យថាអ្នកមិនចេញក្រៅសោះឡើយ ពេលខ្លះក៏មានកម្មវិធីត្រូវជួបជុំ គួរមានកំណត់ត្រឹមត្រូវ ចេញត្រឹម១ដង ឬ២ដងក្នុងមួយសប្ដាហ៍បានហើយ។
4. ទិញទំនិញមិនចាំបាច់ពេលបញ្ចុះតម្លៃ
មិនមែនឲ្យតែបញ្ចុះតម្លៃ ឬមានប្រូម៉ូសិន (Promotion) ផ្សេងៗ គិតថាជាឱកាសល្អសម្រាប់ទិញ ឬទទួលបានការផ្តល់ជូនដ៏ល្អនោះទេ។ ទិញទំនិញមិនមែនជាតម្រូវការពេលបញ្ចុះតម្លៃ ឬកំពុងមានប្រូម៉ូសិន មិនមានន័យថាយើងកំពុងសន្សំប្រាក់នោះទេ។ ប្រសិនបើប្រញាប់ប្រញាល់ទិញដោយមិនគិតពីតម្រូវការ និងការចំណាយសរុប នោះយើងនឹងចំណាយច្រើនជាងអ្វីដែលយើងត្រូវចំណាយ។
នៅក្នុងជំនាន់ ឬសម័យណាក៏ដោយ ការចាយវាយសន្សំសំចៃ និងមានផែនការហិរញ្ញវត្ថុត្រឹមត្រូវជារឿងសំខាន់ ហើយត្រូវចេះបែងចែកឲ្យដាច់រវាងតម្រូវការ និងចំណង់។ ទោះជាចង់ចំណាយទៅលើរបស់របរដែលខ្លួនចង់បានក៏ត្រូវចេះគិតគូរ និងមានការកំណត់ច្បាស់លាស់ចៀសវាងចំណាយខ្ជះខ្ជាយដែលនាំឲ្យប៉ះពាល់ដល់សុខភាពហិរញ្ញវត្ថុ៕
© 2022 – 2023 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។