ការិយាល័យឥណទានកម្ពុជា គឺជាអង្គភាពមួយដែលមានមុខងារផ្ដល់សេវាកម្មផ្នែកផ្តល់ព័ត៌មានអំពីហិរញ្ញវត្ថុនានា ក៏ដូចជារបាយការណ៍ឥណទានទៅដល់ស្ថាប័នហិរញ្ញវត្ថុ និងអតិថិជនដែលត្រូវការនៅក្នុងប្រទេសកម្ពុជា។
ការិយាល័យនេះត្រូវបានលេចរូបរាងឡើងនៅក្នុងឆ្នាំ២០១២ ដោយមានការគាំទ្រពីធនាគារជាតិនៃកម្ពុជា សមាគមធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ព្រមទាំងប្រតិបត្តិការហិរញ្ញវត្ថអន្តរជាតិ ដែលបង្កើតឡើងក្នុងគោលបំណងឆ្លើយតបទៅនឹងការចង់បានរបស់ធនាគារជាតិក្នុងការជំរុញឲ្យមាន សុក្រឹតភាព តម្លាភាព និង ការគ្រប់គ្រងល្អក្នុងវិស័យផ្តល់ឥណទានឲ្យចំគោលដៅ និងមានប្រសិទ្ធភាព។ វាក៏ជាកត្តាលីករជំរុញឲ្យមានការរីកលូតលាស់នៃសេដ្ឋកិច្ចរបស់ស្ថាប័ននិងប្រទេសជាតិក្នុងនោះផងដែរ។
ការិយាល័យឥណទានកម្ពុជាបានផ្តល់សារ:សំខាន់ណាស់ចំពោះអតិថិជន និងសហគ្រាសហិរញ្ញវត្ថុ ដែលជាអ្នកទាញយកផលប្រយោជន៍ពីព័ត៌មានឥណទានដូចជា ការស្នើសុំឥណទាន និងការពិនិត្យពិច័យអនុម័តផ្ដល់កម្ចី។ យើងដឹងហើយថា មុនពេលទទួលបានឥណទានពីធនាគារ យើងត្រូវការកំណត់ត្រាឬប្រវត្តិឥណទានល្អ ដែលអាចបញ្ជាក់បានថានឹងអាចមានលទ្ធភាពសងត្រឡប់មកវិញ។
លើសពីនេះ ចំណាត់ថ្នាក់របស់ឥណទានល្អ នាំមកនូវការងាយស្រួលក្នុងការទទួលបាននូវកម្ចីទ្រង់ទ្រាយធំ ជាមួយនឹងអត្រាការប្រាក់ទាប។ ដូចនេះហើយ ព័ត៌មានដែលបានមកពី ការត្រួតពិនិត្យលើឥណទានតាមរយ:ការិយាល័យឥណទានកម្ពុជា ជាឯកសារដែលគាំទ្រឲ្យដំណើរការខ្ចីបុលមានប្រសិទ្ធិភាពខ្ពស់។ ម្យ៉ាងវិញទៀត ការិយាល័យនេះក៏ជួយសហគ្រាសក្នុងស្រុកក្នុងការគ្រប់គ្រងឥណទាន លុបបំបាត់នូវការបោកបញ្ឆោត ជាមួយនឹងការសម្រេចចិត្តបានល្អក្នុងវិស័យជំនួញរបស់ពួកគេ។
ចំពោះក្រុមហ៊ុនផ្តល់ឥណទានវិញក៏ត្រូវការជាចាំបាច់នូវព័ត៌មានទាំងអស់នេះដើម្បីយកទៅធ្វើការវាស់ស្ទង់កម្រិតសមត្ថភាពរបស់កូនបំណុល និងការសម្រេចចិត្តដែលត្រឹមត្រូវដើម្បីរក្សាទំនាក់ទំនងល្អជាមួយកូនបំណុលដែលជាអតិថិជន កាត់បន្ថយហានិភ័យឥណទាន និងពង្រីកប្រាក់ចំនេញ ក្នុងពេលតែមួយ។
សម្រាប់ព័ត៌មានលម្អិតបន្ថែមអំពីការប្រើប្រាស់ និងប្រភេទនៃសេវាកម្មនេះ អ្នកអាចចូលទៅក្នុងគេហទំព័រផ្ទាល់របស់ការិយាល័យឥណទានកម្ពុជា: https://www.creditbureau.com.kh/our-members/benefit/