អត្រាអតិផរណាតែងមានការកើនឡើងជារៀងរាល់ឆ្នាំ គ្រាន់តែថាកំណើននេះទាបឬក៏ខ្ពស់។ ជាធម្មតា កំណើនអតិផរណាក្នុងកម្រិតស្រាលចង្អុលបង្ហាញពីកំណើនសេដ្ឋកិច្ច។ ប៉ុន្តែបើវាកើនខ្ពស់ពេក នោះវាអាចនឹងចោទជាបញ្ហា។ តើកំណើនខ្ពស់កម្រិតណាទើបចោទជាបញ្ហា? តើនឹងមានបញ្ហាអ្វីខ្លះកើតឡើង?
- បើយោងទៅតាម Board of Governors of the Federal Reserve System អត្រាអតិផរណាត្រឹមប្រហាក់ប្រហែល 2% (លើសខ្វះបន្តិចបន្តួច) អាចចាត់ទុកបានថាជាកម្រិតល្អសម្រាប់សេដ្ឋកិច្ច។ តែប្រសិនបើអត្រាអតិផរណាមានកំណើនរហូតដល់លើសពីនេះ 50% ក្នុងមួយខែ វានឹងត្រូវបានចាត់ទុកថាជាអតិផរណាលោតផ្លោះ ឬ hyper-inflation (Federal Reserve Bank of Cleveland)។
#អតិផរណាលោតផ្លោះ កើតឡើងនៅពេលដែលកំណើននៃអត្រាអតិផរណាមានកម្រិតខ្ពស់ខ្លាំង ដែលទំនិញនានាឡើងថ្លៃនិងតម្លៃលុយចុះថោកយ៉ាងគំហុក។ អតិផរណាលោតផ្លោះកម្រនឹងកើតមានណាស់ តែប្រសិនបើកើតឡើង វាមានភាពពិបាកខ្លាំងក្នុងការគ្រប់គ្រប់។
កន្លងមក ករណីនេះបានកើតឡើងទៅលើប្រទេសមួយចំនួនដូចជា ប្រទេស Zimbabwe (ស៊ីមបាវ៉េ) កាលកំឡុងឆ្នាំ 2007 ដល់ជិតដាច់ឆ្នាំ 2008 ដែលកំណើនអត្រាអតិផរណាប្រចាំខែបានលោតទៅដល់ 79.6កោដិ% ឯណោះក្នុងមួយខែ បើយោងតាម Corporate Finance Institute (The Africa Report)។ រីឯប្រទេស Venezuela (វេ៉ណេស៊ុយអេឡា) ដែលកំណើនអត្រាអតិផរណាប្រចាំឆ្នាំកាលពី 2018 បានហក់លោតទៅដល់ 1.3លាន% ឯណោះ (BBC News) ហើយសព្វថ្ងៃមានលុយប្រមាណជាង 4 រយកោដិបូលីវ៉ា ទើបអាចប្ដូរបាន 1 ដុល្លារអាមេរិច។
នៅពេលអតិផរណាមានកំណើនដែលខ្ពស់លោតផ្លោះបែបនេះ វាអាចផ្តល់ផលប៉ះបាល់ធ្ងន់ធ្ងរលើគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ចរបស់ប្រទេសទាំងមូល។
- ដោយប្រជាជនភ័យខ្លាចថា ទំនិញនឹងកាន់តែឡើងថ្លៃនៅថ្ងៃមុខ ពួកគេចាប់ផ្តើមទិញទំនិញយកមកស្តុកទុកដែលធ្វើឲ្យទំនិញនោះមិនមានគ្រប់ចំនួនសម្រាប់បំពេញតម្រូវការគ្រប់គ្នា។
- ដោយសារកង្វះទំនិញនេះឯងទើបធ្វើឲ្យទំនិញទាំងនោះកាន់តែឡើងថ្លៃ ឯលុយក៏កាន់តែចុះថោក។ អ្នកដែលរងការខូចខាតមានដូចជា អ្នកដែលដាក់ប្រាក់សន្សំនៅធនាគារ(ព្រោះលុយធ្លាក់ថ្លៃ) និងដោយសារតែលុយធ្លាក់ថ្លៃនេះឯង មនុស្សកាន់តែមិនចង់យកលុយទៅដាក់នៅធនាគារទៀត ជាហេតុនាំឱ្យធនាគារនិងស្ថាប័នហិរញ្ញវត្ថុប្រឈមនឹងការក្ស័យធនព្រោះគ្មានលុយបង្វិល។
- រីឯរូបិយប័ណ្ណជាតិធ្លាក់ថ្លៃយ៉ាងគំហុកធៀបទៅនឹងតម្លៃរូបិយប័ណ្ណអន្តរជាតិ នោះវាក៏ប៉ះពាល់ដល់ការនាំចេញ-នាំចូលដែរ។
- ចំណែកឯអ្នកដែលទទួលផលប៉ះពាល់ខ្លាំងជាងគេនោះគឺ ប្រជាជនដែលពុំមានលុយគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ព្រោះទំនិញក៏ឡើងថ្លៃ ឯលុយក៏ចុះថោក ហើយណាមួយពិបាករកការងារធ្វើនិងខ្សត់ចំណូល ដោយសារស្ថាប័នក៏ត្រូវកាត់បន្ថយចំណាយព្រោះមិនមានធនធានផ្គត់ផ្គង់ដំណើរការអាជីវកម្ម។
និយាយរួម នៅក្នុងសេដ្ឋកិច្ចមួយមិនអាចអវត្តមានកំណើនអតិផរណាបាននោះទេ។ ទោះបីកំណើនអត្រាអតិផរណាខ្ពស់ពេកអាចជះផលអវិជ្ជមានដល់សេដ្ឋកិច្ចក៏ដោយ តែបើអតិផរណាកើនតិចពេក (ឬមានកំណើនអវិជ្ជមាន) ក៏មិនល្អចំពោះសេដ្ឋកិច្ចដែរ។ ហេតុនេះ អ្នកគ្រប់គ្រងគោលនយោបាយរូបិយវត្ថុតែងព្យាយាមរក្សាកម្រិតអតិផរណាឱ្យនៅត្រឹមកម្រិតមួយល្អសមស្របសម្រាប់សេដ្ឋកិច្ច៕
ឯកសារយោង:
• FRB: What is an acceptable level of inflation? | Board of Governors of the Federal Reserve System| federalreserve.gov
• Hyperinflation | Investopedia
• Hyperinflation: Its Causes and Effects With Examples | The Balance
• Inflation 101: What Is Inflation? | Federal Reserve Bank of Cleveland | clevelandfed.org
• Understand the Different Types of Inflation | Investopedia
• Venezuela: All you need to know about the crisis in nine charts | BBC News
• Zimbabwe: Can the central bank hold rate as inflation soars? | The Africa Report
• Xe Currency Converter | xe.com/currencyconverter
© 2021 - 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។