ខ្លី តែខ្លឹម!! ចំណាយពេលត្រឹមតែ១នាទីដើម្បីទទួលបានចំណេះដឹងថ្មីៗ។
NFTs គឺជាប្រភេទទ្រព្យសកម្មឌីជីថលដូចជារូបភាពគំនូរឌីជីថល សិល្បៈ តន្ត្រី ឬវីដេអូជាដើម។ រាល់ការវិនិយោគរមែងមានហានិភ័យ ដូចនេះមុនវិនិយោគគួរតែប្រុងប្រយ័ត្ន និងសិក្សាពីវាឲ្យបានច្បាស់លាស់។
អ៊ីចឹង យើងមកមើលពីហានិភ័យ ៣ ដែលអ្នកគួរដឹងមុនវិនិយោគលើ NFTs ជាមួយកាក់សេនទាំងអស់គ្នា!
ទិញចំ NFTs ក្លែងក្លាយ
នៅក្នុងទីផ្សារ NFTs ភាគរយដែលយើងអាចទិញចំ NFTs ក្លែងក្លាយមានច្រើន ដោយសារតែមានអ្នកយកស្នាដៃអ្នកដទៃមកធ្វើជា NFTs លក់យកចំណេញខ្លួនឯងដោយមិនមានការអនុញ្ញាតពីម្ចាស់ដើម។ ទោះបីជាម្ចាស់ដើមបានស្នើខាងវេបសាយឲ្យបិទការលក់ NFTs ក៏ដោយ ប៉ុន្ដែខាងវេបសាយមិនទាន់អាចគ្រប់គ្រង និងដោះស្រាយបានទាំងស្រុង ទើបបញ្ហានេះបន្តមានជារឿយៗ។ ដូច្នេះហើយ បើយើងទិញប៉ះចំ NFTs ក្លែងក្លាយ យើងអាចនឹងខាតបង់ប្រាក់ មិនអាចទាមទារសំណង និងធ្វើឲ្យ NFTs បាត់បង់តម្លៃ។
តម្លៃរបស់ NFTs អាចមានការប្រែប្រួល
តម្លៃរបស់ NFTs អាចមានការប្រែប្រួលឡើងចុះ ដោយសារ NFTs ជាឧបករណ៍អេឡិចត្រូនិច ថែមទាំងទីផ្សាររបស់វាក៏មិនសូវរឹងមំុាដែលងាយរងគ្រោះ និងទទួលផលប៉ះពាល់ពីកត្តាសេដ្ឋកិច្ចដូចនឹងទីផ្សារគ្រីបតូដែរ។ ថែមពីនេះទៅទៀត តម្លៃ NFT មួយអាចឡើងចុះទៅតាមប្រជាប្រិយភាពរបស់វា ឬមកពីអ្នកលក់ និងកត្តាដែលមានគេក្លែងបន្លំយកទៅចែកចាយបន្តដែរ។
មិនមែនគ្រុប NFTs សុទ្ធតែបានថ្លៃ
NFTs ខ្លះលក់មិនបានថ្លៃដោយសារ NFTs នោះមិនមានចំណុចពិសេស ឬពិបាកដោះដូរ ព្រោះមិនសូវមានតម្លៃសម្រាប់ការវិនិយោគ អ្នកលក់មិនសូវល្បី មិនសូវមានគេទុកចិត្តជាដើម។ ដ្បិតថា សឹងគ្រប់ឌីជីថលអាចបង្កើតបានជា NFTs ប៉ុន្តែភាគច្រើនមានតែNFTs ដែលជា គំនូរ Collectibles និង វត្ថុហ្គេមជាដើមដែលលក់បានថ្លៃជាងគេ។ NFTs ទាំងនេះមានប្រជាប្រិយខ្លាំង ដោយសារជារបស់មានតែមួយគ្មានពីរ មានស្នាដៃល្អ និងអាចជាការវិនិយោគល្អទៅអនាគត ហើយអាចដោះដូរទៅវិញបានក្នុងតម្លៃខ្ពស់៕
© 2022 – 2023 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។