ការវិនិយោគគឺជាសកម្មភាពនៃការទិញនូវប្រភេទមូលប័ត្រផ្សេងៗ និងអចលនទ្រព្យជាដើម ដើម្បីអាចទទួលបាននូវផលចំណេញត្រឡប់មកវិញក្នុងពេលវេលាណាមួយ។ ដើម្បីអាចវិនិយោគបាន គឺទាមទារឱ្យយើងមាននូវចំណេះដឹង និងវិធីសាស្រ្ដនានានៃការវិនិយោគនោះ ដែលថ្ងៃនេះ យើងនឹងស្វែងយល់ពីប្រភេទនៃការវិនិយោគចំនួនពីរ។ ការវិនិយោគសកម្ម (Active Investing) ជាសកម្មភាពដែលវិនិយោគិនទិញលក់ ឬជួញដូរនៅក្នុងទីផ្សារជាប្រចាំ រីឯការវិនិយោគអកម្ម (Passive Investing) ជាសកម្មភាពដែលវិនិយោគិនទិញលក់ ឬជួញដូរនៅក្នុងទីផ្សារដែរ ប៉ុន្ដែមិនសូវមានសកម្មភាពញឹកញាប់នោះទេ។
កត្តា ៥ យ៉ាងដែលបង្ហាញពីភាពខុសគ្នានៃការវិនិយោគសកម្ម និងការវិនិយោគអកម្មនេះ៖
1. រយៈពេលនៃការវិនិយោគ៖
ការវិនិយោគអកម្ម គឺវិនិយោគិនទិញ និងរក្សាទុក (buy and hold) ដើម្បីទទួលបានប្រាក់ចំណេញនៅក្នុងរយៈពេលវែង។ ឧទាហរណ៍ វិនិយោគិនទិញភាគហ៊ុន និងរក្សាទុកក្នុងរយៈពេលវែង ដើម្បីទទួលបានប្រាក់ចំណេញ ឬភាគលាភរបស់ក្រុមហ៊ុន តាមរយៈការឡើងថ្លៃនៃភាគហ៊ុនដែលបានទិញនោះ។ ចំពោះការវិនិយោគសកម្ម វិនិយោគិនផ្ដោតទៅលើការវិនិយោគក្នុងរយៈពេលខ្លី ពោលគឺពួកគេអាចទទួលបានប្រាក់ចំនេញនៃការប្រែប្រួលតម្លៃនៅក្នុងទីផ្សារក្នុងពេលដ៏ខ្លីនោះ។
2. ផលចំណេញ កំហាត និងហានិភ័យ៖
ការវិនិយោគអកម្មអាចទទួលបានផលចំណេញខ្ពស់ ប្រសិនបើអ្នកសម្រេចចិត្តវិនិយោគត្រូវ។ ប៉ុន្ដែ ប្រសិនបើមានការប្រែប្រួលថ្លៃក្នុងរយៈពេលវែង នោះវាក៏នាំឱ្យកើតមាននូវហានិភ័យផងដែរ ដូចនេះដើម្បីបញ្ចៀសនូវហានិភ័យនេះ វិនិយោគិនប្រភេទនេះគួរជ្រើសរើសវិធីពិពិធកម្មផលបត្រ រីឯការវិនិយោគសកម្ម ទទួលបានការចំណេញខ្ពស់នៅពេលដែលតម្លៃទីផ្សារកើនក្នុងរយៈពេលខ្លី ប៉ុន្ដែក៏មានហានិភ័យខ្ពស់ ប្រសិនបើមានការធ្វេសប្រហែស ឬគិតខុសមួយពេល។
3. ការចំណាយផ្សេងៗ៖
ការវិនិយោគអកម្ម មិនទាមទារឱ្យមានការចំណាយច្រើនដងលើឈ្មួញជើងសារក្នុងការធ្វើប្រតិបត្តិការនោះទេ ព្រោះថាវិនិយោគិនបែបអកម្មនេះមិនសូវមានសកម្មភាពច្រើនក្នុងទីផ្សារ។ រីឯការវិនិយោគសកម្ម ទាមទារឱ្យមានការចាយវាយលើថ្លៃប្រតិបត្តិការនានា ដូចជាចំណាយលើឈ្មួញជើងសារជាដើម ដោយសារវិនិយោគិនត្រូវធ្វើសកម្មភាពប្រតិបត្តិការនៅលើទីផ្សារជាញឹកញាប់។
4. ភាពបត់បែនក្នុងការវិនិយោគ៖
ការវិនិយោគអកម្ម មិនសូវមានភាពបត់បែនច្រើននោះទេ ដោយសារការទិញនិងលក់ផ្អែកលើការប្រែប្រួលថ្លៃក្នុងរយៈពេលវែងមួយ ខណៈពេលដែលការវិនិយោគសកម្ម តម្រូវឱ្យមានភាពបត់បែនខ្ពស់ ដោយវិនិយោគិនសម្រេចចិត្តក្នុងការវិនិយោគដើម្បីទទួលបានផលចំណេញក្នុងរយៈពេលខ្លី ដូចជាការជួញដូររូបិយប័ណ្ណបរទេស (FOREX) ដែលវិនិយោគិនត្រូវសម្រេចចិត្តទិញនិងលក់វិញភ្លាមៗទៅការតាមឡើងចុះនៃតម្លៃរូបិយប័ណ្ណនោះ។
5. តម្រូវការជំនាញ៖
ការវិនិយោគអកម្ម វិនិយោគិនអាចនឹងមិនទាមទារពេលវេលាដិតដល់ច្រើនលើជំនាញបច្ចេកទេស ដ្បិតថាវិនិយោគិនបែបអកម្មនេះកម្រនឹងចូលធ្វើប្រតិបត្តិការវិនិយោគ និងមិនសូវតាមដានពីស្ថានភាពទីផ្សារជាប្រចាំទេ ពួកគេតែងតែមានឈ្មួញជើងសារ ឬអ្នកជំនាញហិរញ្ញវត្ថុជួយសម្រេចចិត្តក្នុងការវិនិយោគរបស់ពួកគេ។ រីឯការវិនិយោគសកម្ម តម្រូវឱ្យវិនិយោគិនមានជំនាញក្នុងការវិភាគពីទីផ្សារ តម្លៃ និងការវិភាគបច្ចេកទេសផ្សេងៗទៀត ដើម្បីអាចទទួលបានផលចំណេញច្រើនក្នុងរយៈពេលខ្លី និងចៀសផុតពីហានិភ័យនានា។
រួមសេចក្ដីមក ការវិនិយោគសកម្ម និងការវិនិយោគអកម្មគឺសុទ្ធតែជាវិធីសាស្រ្ដដ៏ពេញនិយមដែលត្រូវបានគេប្រើប្រាស់ដើម្បីវិនិយោគ។ ប្រសិនបើអ្នកចង់សម្រេចចិត្តវិនិយោគ អ្នកគួរស្វែងយល់ពីវិធីសាស្រ្ដទាំងពីរនេះឱ្យបានស៊ីជម្រៅ ឬក៏ប្រឹក្សាជាមួយអ្នកជំនាញ និងពិចារណាលើសមត្ថភាព ក៏ដូចជាពេលវេលាផ្ទាល់ខ្លួន និងការត្រៀមខ្លួនក្នុងការប្រឈមនឹងហានិភ័យនានាជាមុនសិន ដើម្បីឱ្យសម្រេចចិត្តវិនិយោគដោយត្រឹមត្រូវ។