វាជារឿងចាំបាច់ខ្លាំងណាស់នៅក្នុងការគ្រប់គ្រងបំណុលដែលយើងមានឲ្យបានល្អ ជាពិសេសពេលយើងមានបំណុលច្រើន។ យើងអាចគ្រប់គ្រងបំណុលរបស់យើងបានតាមជំហានខាងក្រោម៖
ជំហានទី១ បូកសរុបរាល់បំណុលទាំងអស់៖
បូកសរុបបំណុលរបស់យើងទាំងអស់ ព្រោះវាអាចជួយយើងឲ្យដឹងពីទំហំសាច់ប្រាក់ដែរយើងត្រូវរៀបចំទុកសម្រាប់សងបំណុល និងអាចឲ្យយើងត្រៀមខ្លួនបានជាមុន ករណីចំណូលរបស់យើងមិនគ្រប់គ្រាន់សម្រាប់ការសងត្រឡប់នោះ។
ជំហានទី២ ជ្រើសរើសវិធីសាស្ត្រដោះបំណុល៖
យើងត្រូវរៀបចំថ្ងៃសងបំណុលរបស់យើងជាកាលវិភាគមួយឲ្យត្រឹមត្រូវ ដើម្បីឲ្យដឹងថាយើងត្រូវសងបំណុលមួយណាមុន មួយណាក្រោយ ហើយវាក៏ជួយយើងឲ្យរៀបចំប្រាក់សម្រាប់សងបានគ្រប់ចំនួន និងទាន់ពេលវេលាផងដែរ។ បើសិនជាបំណុលរបស់យើងមិនមានការកំណត់ពេលវេលាសងពីម្ចាស់បំណុលទេ យើងក៏អាចប្រើវិធីសាស្ត្រ Snowball Method ដែលកាក់សេនធ្លាប់បានបង្ហាញពីមុនយកមកប្រើក៏បាន។
Click here to read more about: វិធីដែលជួយអ្នកឲ្យជៀសផុតពីការជាប់បំណុលវ័ណ្ឌក
ជំហានទី៣ តាមដានបញ្ជីសងបំណុលជាប្រចាំ៖
យើងត្រូវតាមដានបំណុលរបស់យើងជាប្រចាំ ដើម្បីឲ្យដឹងថាបំណុលមួយណាសងអស់ មួយណាមិនទាន់សង មួយណានៅតិច មួយណានៅច្រើនជាដើម។
ជំហានទី៤ ដោះស្រាយបំណុលឱ្យទាន់ពេលវេលា៖
ការសងបំណុលឲ្យបានមុន ឬទាន់ពេលវេលាជារឿងដែលចាំបាច់ណាស់ ជាពិសេសគឺបំណុលពីធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុ ព្រោះវាអាចជួយយើងឲ្យទទួលបានពិន្ទុឥទានល្អពីប្រព័ន្ធកត់ត្រា ដែលងាយស្រួលដល់យើងពេលត្រូវការខ្ចីប្រាក់នាពេលខាងមុខ។