យោងទៅតាមធនាគារអភិវឌ្ឍអាស៊ី ADB បានប៉ាន់ស្មានថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២០ បានធ្លាក់ចុះ ៣.១% និងបានព្យាករណ៍ថានឹងងើបឡើងវិញ ៤% ក្នុងឆ្នាំ ២០២១ និងមានកំណើនដល់ទៅ ៥.៥% ក្នុងឆ្នាំ ២០២២។ ការរំពឹងទុកប្រកបដោយសុទិដ្ឋិនិយមនេះ គឺដោយសារតែមានវត្តមានវ៉ាក់សាំងកូវីដ-១៩ ក្នុងការចូលរួមទប់ស្កាត់ជំងឺឆ្លង។ យ៉ាងណាមិញ ដោយសារមានវិធានការបិទខ្ទប់ និងបម្រាមគោចរ សេដ្ឋកិច្ចក៏ចាប់ផ្ដើមថមថយ ដែលការណ៍នេះធ្វើឲ្យការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុរបស់យើងជួបការលំបាកដូចគ្នា ថាតើអំឡុងពេលស្ថានភាពនេះគួរទុកលុយសន្សំសិន ឬយកទៅវិនិយោគ?
ការសម្រេចចិត្តយ៉ាងណានោះ វាអាស្រ័យលើស្ថានភាពហិរញ្ញវត្ថុផ្ទាល់ខ្លួន តម្រូវការ និងគោលដៅលោកអ្នក ដោយខាងក្រោមនេះ យើងនឹងលើកយកចំណុចសំខាន់មួយចំនួនមកវែកញែក។
យកលុយដាក់សន្សំ
• ពេលលុយនៅនឹងខ្លួន យើងរមែងមានភាពកក់ក្ដៅជាងពេលលុយនៅជាមួយគេផ្សេង។ ដូចគ្នាទៅនឹងស្ថានការណ៍នេះ បើយើងយកប្រាក់ទៅវិនិយោគ លុយនោះនឹងនៅជាប់ក្នុងទ្រព្យវិនិយោគនោះ។ បើទោះបីជាយើងមានឈ្មោះជាម្ចាស់កម្មសិទ្ធិលើវត្ថុនោះក៏ពិតមែន ប៉ុន្តែយើងពុំមានសាច់ប្រាក់ក្នុងដៃនោះឡើយ។ ករណីបើយើងត្រូវការសាច់ប្រាក់ភ្លាមៗ វាអាចនឹងពិបាកក្នុងការបម្លែងទ្រព្យនោះជាទៅជាប្រាក់ទាន់ពេលវេលា។
• ដ្បិតថា ការសន្សំផ្ដល់ផលចំណេញតិចពីអត្រាការប្រាក់ទាប ប៉ុន្តែហានិភ័យទាបជាងការវិនិយោគដូចគ្នា។
• អ្នកដែលមិនចូលចិត្តប្រឈមមុខនឹងហានិភ័យខ្ពស់ ហើយពេលវេលារបស់គាត់មិនសូវសមប្រកបសម្រាប់ការសិក្សាស្រាវជ្រាវពីការវិនិយោគ ការសន្សំជាជម្រើសល្អជាង។
• កូវីដ-១៩ ជាយុគសម័យនៃកញ្ចប់ប្រាក់ emergency fund។ ដូចនេះ បើសិនជាអ្នកដឹងថា ខ្លួនមិនទាន់មាន emergency ឬមានហើយតែមិនទាន់គ្រប់គ្រាន់សម្រាប់យូរខែ គួរណាស់តែផ្ដោតអាទិភាពលើកញ្ចប់ប្រាក់សម្រាប់គ្រាមានអាសន្នឲ្យបានគ្រប់គ្រាន់។ តួលេខជំងឺកូវីដ ១៩ ហាក់មិនទាន់ថមថយច្រើននោះឡើយ ដែលយើងគួរត្រៀមកញ្ចប់ប្រាក់សម្រាប់គ្រាមានអាសន្ន ចៀសវាងមានបម្រាមបិទខ្ទប់សារជាថ្មីម្ដងទៀត។
យកលុយទៅវិនិយោគ
• សម្រាប់បុគ្គលដែលសុខភាពលុយកាក់ស្ថិតក្នុងកម្រិតប្រសើរមួយ សុវត្ថិភាពការងារ និងចំណូលគាត់មានស្ថិរភាពល្អ ហើយ emergency fund ក៏មានពេញលេញ អ្នកអាចចាប់ផ្ដើមវិនិយោគបាន អំឡុងពេលមានបញ្ហាសេដ្ឋកិច្ចនេះ ជាពិសេសលើវិស័យអចលនទ្រព្យ។ ការព្រួយបារម្ភជុំវិញជំងឺឆ្លង និងកំណើនសេដ្ឋកិច្ចដែលធ្លាក់ចុះ ធ្វើឲ្យចំនួនអ្នកទិញអចលនវត្ថុធ្លាក់ចុះ ខណៈតួលេខអ្នកលក់មានច្រើន ដែលជាកត្តាមួយអាចធ្វើឲ្យតម្លៃត្រូវធ្លាក់ថ្លៃ។
នោះបានន័យថា បើអ្នកចង់វិនិយោគលើអចនទ្រព្យ វាជាកាលៈទេសៈល្អមួយ ដ្បិតថា ទម្រាំចាំដល់សេដ្ឋកិច្ចងើបស្ទុះឡើងវិញ ហើយជំងឺរាតត្បាតរសាត់ផុតទៅ នោះតម្លៃរបស់អចលនវត្ថុទាំងនោះអាចនឹងកើនឡើងមកវិញ។
• សម្រាប់អ្នកចង់វិនិយោគ ហើយពុំទាន់មានលុយធំដុំ មិនមែនបានន័យថា អ្នកមិនអាចប្រឡូកក្នុងសកម្មភាពវិនិយោគនោះទេ។ អ្នកអាចសម្លឹងមើលការវិនិយោគណាដែលមានតម្លៃទាបជាងដី ផ្ទះ ឬខុនដូ ដូចជាគណនីសន្សំមានកាលកំណត់នៅធនាគារ ភាគហ៊ុន បណ្ណបំណុលជាដើម។ តួយ៉ាង ក្នុងទីផ្សារមូលបត្រកម្ពុជា សាធារណជនអាចទិញ ចាប់ពីមួយហ៊ុនឡើងទៅ។ និន្នាការរបស់មនុស្សមួយភាគធំទៅលើការវិនិយោគគឺមិនរាថយឡើយ សេដ្ឋកិច្ចដើរទៅមុខក៏វិនិយោគ សេដ្ឋកិច្ចថយចុះក៏នៅតែវិនិយោគ។
• ពេលសេដ្ឋកិច្ចកំពុងអន់ថយ គួរវិនិយោគដោយឈរលើគោលការណ៍ពិពិធកម្មផលបត្រ ឬនិយាយឱ្យងាយយល់ «កុំដាក់ពងមាន់ក្នុងកន្រ្តកតែមួយ»។ បានន័យថាជាការបណ្ដាក់ទុនវិនិយោគរបស់អ្នកច្រើនកន្លែង ទៅលើប្រភេទទ្រព្យ ឬមូលបត្រផ្សេងៗគ្នា ដើម្បីកាត់បន្ថយហានិភ័យទូទៅនៃផលបត្រវិនិយោគសរុបរបស់អ្នក (investment diversification)។
ក្នុងស្ថានភាពនេះ សន្សំក្ដី វិនិយោគក្ដី ខណៈពេលដែលបញ្ហាសេដ្ឋកិច្ចជាចំណែកមួយជះឥទ្ធិពលដល់ការសម្រេចចិត្តរបស់យើង សូមអ្នកថ្លឹងថ្លែងឱ្យបានល្អិតល្អន់លើស្ថានភាពហិរញ្ញវត្ថុផ្ទាល់ខ្លួន សមត្ថភាពគ្រប់គ្រងហានិភ័យ ទស្សនវិស័យ និងការទោរទន់ទៅរកសន្សំជាង ឬវិនិយោគជាង។ តែបើអ្នកកំពុងស្ថិតក្នុងដំណាក់កាលនៃឯករាជ្យភាពហិរញ្ញវត្ថុនោះ សន្សំផង និងវិនិយោគផងគឺកាន់តែល្អ៕
-------------------------------------------------------
© 2021 - 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។