ទីផ្សារហិរញ្ញវត្ថុ ឬ Financial Markets សំដៅដល់ទីផ្សារដែលមានការជួញដូរ ឬ ទិញ-លក់មូលបត្រ ឬទ្រព្យហិរញ្ញវត្ថុដូចជា ភាគហ៊ុន និងសញ្ញាបណ្ណជាដើម។ ក្រុមហ៊ុនជាច្រើនដែលបានដាក់លក់ភាគហ៊ុន ឬបណ្ណបំណុលរបស់ខ្លួននៅលើទីផ្សារហិរញ្ញវត្ថុ ដើម្បីបង្កើនដើមទុនបន្ថែមសម្រាប់អាជីវកម្មរបស់ពួកគេ។ រីឯវិនិយោគិនក៏អាចទទួលបានផលចំណេញពីការជួញដូរទ្រព្យហិរញ្ញវត្ថុទាំងនោះក្នុងទីផ្សារហិរញ្ញវត្ថុនេះផងដែរ។
តួនាទី និងអត្ថប្រយោជន៍សំខាន់ៗនៃទីផ្សារហិរញ្ញវត្ថុមានជាច្រើនដូចជា៖
- ការប្រើប្រាស់ប្រាក់ឲ្យកាន់តែមានប្រយោជន៏ (ឧ. ក្នុងន័យយកប្រាក់សន្សំទៅវិនិយោគយកចំណេញ)
- កំណត់តម្លៃមូលបត្រដែលដាក់លក់លើទីផ្សារ
- ងាយស្រួលប្តូរទ្រព្យហិរញ្ញវត្ថុទៅជាសាច់ប្រាក់ (មូលបត្រដូចជាហ៊ុន ឬបណ្ណបំណុល)
- ផ្តល់ព័ត៌មានទាក់ទងនឹងមូលបត្រដោយឥតគិតថ្លៃ។
ប្រភេទទីផ្សារហិរញ្ញវត្ថុមួយចំនួន:
Stock Market ឬ ផ្សារហ៊ុន
Stock Market ឬ ផ្សារហ៊ុន ជាផ្សារដែលទូទៅជាងគេក្នុងចំណោមផ្សារហិរញ្ញវត្ថុទាំងអស់។ ក្នុងផ្សារភាគហ៊ុន វិនិយោគិនដែលមានបំណងចង់ក្លាយជាម្ចាស់ភាគហ៊ុននៅក្រុមហ៊ុនណាមួយ អាចទិញភាគហ៊ុនថ្មីដែលក្រុមហ៊ុនចុះឈ្មោះបោះលក់បន្ថែម ឬទើបបោះលក់លើកដំបូង (IPO) ឬជួញដូររវាងវិនិយោគិន។ ឧទាហរណ៍នៃផ្សារហ៊ុនមាន ផ្សារភាគហ៊ុនទីក្រុងញ៉ូវយ៉ក (NYSE) ផ្សារមូលបត្រកម្ពុជា (CSX) ជាដើម។
Bond Market ឬ ផ្សាសញ្ញបណ្ណ
សញ្ញបណ្ណត្រូវបានបោះលក់នៅពេលណាដែលក្រុមហ៊ុនត្រូវការប្រាក់បន្ថែមមកទ្រទ្រង់ប្រតិបត្តិការ ឬពង្រីកអាជីវកម្ម ហើយអ្នកដែលបានទិញសញ្ញាបណ្ណនោះ ត្រូវបានចាត់ទុកជាម្ចាស់បំណុលនៃក្រុមហ៊ុនមួយនោះ។
Commodity Market ឬ ផ្សារវត្ថុធាតុដើម
ផ្សារវត្ថុធាតុដើម ឬផ្សារទំនិញ សំដៅដល់ការជួញដូរទំនិញធំៗ និងចាំបាច់ដូចជា ប្រេង មាស សាច់ ស្រូវ -ល- ដែលភាគច្រើនជាធនធានធម្មជាតិ និងផលិតផលកសិកម្ម។ ការជួញដូរប្រភេទនេះមិនចាំបាច់ទាក់ទងនឹងផលិតផលផ្ទាល់នោះទេ តែគេជួញដូរដោយ ប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិច។ ឧទាហរណ៍នៃផ្សារវត្ថុធាតុដើមទាំងនេះរួមមាន Chicago Mercantile Exchange (CME) និង Intercontinental Exchange (ICE)។
Over-the-Counter (OTC) ឬ ផ្សារហ៊ុនបន្ទាប់បន្សំ
Over-the-Counter (OTC) ឬ ផ្សារហ៊ុនបន្ទាប់បន្សំ ជាទីផ្សារជួញដូរមូលបត្រដែលធ្វើឡើងតាមប្រព័ន្ធអេឡិចត្រូនិច មិនមានទីតាំងពិតប្រាកដនោះទេ។ ក្រុមហ៊ុនមួយចំនួនដែលដាក់លក់ទ្រព្យហិរញ្ញវត្ថុតាម OTC ក៏ដោយសារតែមិនមានលក្ខណៈគ្រប់គ្រាន់ក្នុងការចុះឈ្មោះនៅលើផ្សារមូលបត្រ។
ក្រៅពីទីផ្សារទាំងបួនខាងលើ នៅមានផ្សារហិរញ្ញវត្ថុុមួយចំនួនទៀត ដូចជា Forex Market, Money Market, Derivatives Market និង Cryptocurrency Market ជាដើម។ ទីផ្សារហិរញ្ញវត្ថុទាំងនេះមានច្រើនបែប ច្រើនទម្រង់ ដែលជាកន្លែងធ្វើជំនួញសម្រាប់អ្នកវិនិយោគ និងក្រុមហ៊ុន ព្រមទាំងហុចផលប្រយោជន៍ជាច្រើនទៀតដូចជា ផ្ដល់ឱកាសឱ្យក្រុមហ៊ុនបង្កើនទុនបន្ថែម សាធារណៈជនមានជម្រើសវិនិយោគ រួមទាំងបង្កើតឱកាសការងារជាច្រើនទៀតផង៕
ប្រភពស្រាវជ្រាវ៖
- Financial Markets: Definitions, Types and Functions | The Balance
- Financial Markets Definition | Investopedia
- Financial Markets - Overview, Types, and Functions | Corporate Finance Institute (CFI)
- What is Financial Market? | Business Jargons
- What Are Some Examples of Financial Markets and Their Roles? | Investopedia
- Over-The-Counter (OTC) Definition | Investopedia
ចុចទីនេះដើម្បីស្វែងយល់បន្ថែមពី: Bull Market (ទីផ្សារគោ) និង Bear Market (ទីផ្សារខ្លាឃ្មុំ)
© 2021 - 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។