នរណាគេខ្លះវក់លេងហ្គេម Hay Day តាំងពីក្មេងដូចអេដមីន? និយាយពីថាវក់លេងខ្លាំងណាស់ដល់ថ្នាក់ភ្លេចបាយភ្លេចទឹក។ លេងៗខ្វះប្លង់ដី ខ្វះពូថៅ ឆាតសួរមិត្តភកិ្តមានពីណាមានអត់ ជួយលក់ឲ្យខ្លះផង។ មុនដំបូងគិតថាហ្គេមនឹងគឺលេងអត់ប្រយោជន៍ខាតពេល ហើយម៉ាក់ស្តីឲ្យពីលើថែមទៀត។ អេដមីនគិតៗទៅដូចមិនអ៊ីចឹងទាំងអស់នោះទេ។ ខាងក្រោមនេះជាមេរៀនមួយចំនួនដែលអ្នកលេង អាចរៀនបានពី Hay Day ៖
១. ភាសា
ដូចដឹងហើយថាហ្គេម Hay Day ប្រើប្រាស់ភាសាអង់គ្លេសជាគោល។ អីចឹងទៅ អ្នកលេងបានស្គាល់ពាក្យជាច្រើនទាក់ទងទៅនឹងរបស់របរ ការធ្វើចម្ការ និងឈ្មោះដំណាំច្រើនមុខ។
និយាយដោយស្មោះត្រង់ កាលពីមុនពេលលេងដំបូងៗ អេដមីនអត់ទាំងដឹងប្លង់ដីហ្នឹងអង់គ្លេសគេថាម៉េចទេ ទាល់តែលេងទៅបានដឹងថាគេហៅ land deed (បើនិយាយទៅ កាលហ្នឹងអេដមីនអត់ចេះពាក្យច្រើនគួរសម)។ រហូតលេងយូរៗទៅក៏បានស្គាល់ពាក្យជាច្រើនដែលទាក់ទងនឹងជីវភាពប្រចាំថ្ងៃ។
២. ចំណេះចាត់ចែងធនធាន
ក្នុងហ្គេមនេះដូចជាជីវភាពប្រចាំថ្ងៃដែរ ប្រសិនប្រើធនធានដោយមិនគិតពីផលចំណេញនោះវានឹងនាំឲ្យមានការខាតបង់ច្រើន។ ក្នុង Hay Day ត្បូងត្រូវបានចាត់ទុកជាវត្ថុកម្រ។ បើប្រើប្រាស់វាដោយខ្ជះខ្ជាយ តែដល់ពេលត្រូវការវា យើងនឹងមិនអាចធ្វើអ្វីចេញទេ។ ឧទាហរណ៍ដូចអេដមីនផ្ទាល់ ពេលខ្លះប្រើផ្លូវកាត់ ដោយយកលុយមែនទែនទៅទិញត្បូងទាំងនោះ។ ត្រង់នេះហើយដែលយើងត្រូវរៀនលៃលក ចាត់ចែងទំនុកបម្រុងឲ្យច្បាស់មុននឹងប្រើប្រាស់ធនធាន ឬចំណាយលើអ្វីមួយ ខណៈគិតដល់ថ្ងៃក្រោយ។
៣. ចេះផ្សព្វផ្សាយផលិតផល
ដូចជីវិតមែនទែនអ៊ីចឹង សម័យនេះហើយ បើចង់ឲ្យមានគេស្គាល់និងមានអ្នកទិញច្រើន អ្នកលក់ត្រូវចេះផ្សព្វផ្សាយផលិតផលរបស់ខ្លួន។ រីឯការផ្សព្វផ្សាយនេះទៀតសោត យើងត្រូវចេះថ្លឹងថ្លែងថាផលិតផលណាដែលមានតម្រូវការច្រើន ទើបអាចលក់ចេញបានច្រើន។ ប៉ុន្តែបើផលិតផលដែលមិនមានតម្រូវការនោះ ទោះផ្សព្វផ្សាយប៉ុណ្ណាក៏គ្មានអ្នកទិញដែរ។ ដូចក្នុង Hay Day ដែរ ពេលយើងចង់លក់ទំនិញអ្វីមួយ យើងត្រូវដាក់ផ្សព្វផ្សាយទំនិញរបស់យើងនៅក្នុង Roadside shop របស់យើង ដើម្បីឲ្យវាលោតទៅក្នុង daily newspaper។
៤. ការកំណត់ថ្លៃផលិតផល
ធម្មតាទេ អ្នកទិញរមែងរកតែរបស់តម្លៃសមរម្យ។ ដូចនេះ បើចង់តម្រូវតាមអ្នកទិញ ត្រូវចេះកំណត់តម្លៃទៅតាមតម្រូវការរបស់អតិថិជន ឬចេះបង្កើតប្រម៉ូសិន បញ្ចុះតម្លៃជាដើម ដើម្បីឲ្យលក់ដាច់។ ក្នុង Hay Day ក៏មិនខុសពីជីវិតពិតប៉ុន្មាន ម្នាក់ៗសុខចិត្តលក់របស់របរ និងផលិតផលក្នុងតម្លៃទាបដើម្បីឲ្យមានអ្នកទិញ។ ការប្រកួតប្រជែងក្នុងទីផ្សាររបៀបនេះហើយ ដែលអាចបង្រៀនយើងឱ្យចេះកំណត់ថ្លៃផលិតផល ថាគួរលក់ក្នុងតម្លៃប៉ុណ្ណាទើបសមរម្យតាមភ្ញៀវត្រូវការ។
៥. ចេះមើលតម្រូវការទីផ្សារ
នៅក្នុង Hay Day មានផលិតផលដើម និងជម្រើសនៃការផលិតទំនិញជាច្រើន។ ដូចនេះ អ្នកលេងនឹងត្រូវគិតថា តើទំនិញណាដែលគួរផលិតឱ្យស្របទៅតាមតម្រូវការទីផ្សារ ទើបអាចបានផលចំណេញច្រើន។ ដូចជីវិតពិតដែរ បើយើងលក់ផលិតផលដែលពុំមានតម្រូវការទីផ្សារ នោះអាជីវកម្មរបស់អ្នកនឹងមិនដើរទៅមុខទេ។
បែបនេះហើយបានថា មិនមែនឱ្យតែលេងហ្គេមអាក្រក់រហូតឯណា។ មែនទេ? បើអេដមីនលេងជិត ៧-៨ឆ្នាំហើយ តែក៏រៀនបានច្រើនដែរទាក់ទងទៅនឹងជីវិតពិត។ ទោះយ៉ាងណា អេដមីនគិតថាបទពិសោធន៍ទទួលបានអាចនឹងខុសៗគ្នាពីមនុស្សម្នាក់ទៅម្នាក់ទៀត។ ចុះអ្នកលេង Hay Day ឯទៀត ចាប់បានមេរៀនអីខ្លះពី Hay Day ?
ចុចទីដើម្បីស្វែងយល់បន្ថែមពី: អ្នកលេងហ្គេមអាចរកលុយបានមកពីណាខ្លះ?
© 2021 – 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។