ដោយសារយើងមិនអាចមើលឃើញអនាគត ហេតុអ្វីយើងចាំបាច់ព្រួយបារម្ភ? អ្នកខ្លះនិយាយថា ចង់ហូបឬប្រើអីទិញហ្នឹងទៅ ចង់ធ្វើអីក៏ធ្វើហ្នឹងទៅ ទាន់មានលទ្ធភាព អាចរកបាន។ ការយល់ឃើញនេះមិនប្រាកដថាខុសទាំងស្រុងទេ ប៉ុន្តែបើយើងមើលពីជ្រុងម្ខាងទៀតដោយសារយើងមិនអាចដឹងថាថ្ងៃស្អែកមានរឿងអ្វីកើតឡើង ទេីបយើងចាំបាច់ត្រូវ ត្រៀមសម្រាប់ថ្ងៃស្អែក។
គិតឱ្យវែងឆ្ងាយបន្តិច ពេលយើងចាស់ទៅ តើយើងបានអ្វីចាយទៅ? បើយើងអត់ប្រាក់សន្សំ ឬវិនិយោគសម្រាប់ចូលនិវត្តន៍ផង សង្ឃឹមថាកូនៗ របស់អ្នកនឹងចិញ្ចឹមអ្នក? មិនប្រាកដទេកូនៗអាចត្រូវការពឹងពាក់លើហិរញ្ញវត្ថុរបស់ អ្នកក៏ថាបានដែរ។
1. បើយើងសុខចិត្តចាយលុយឱ្យសប្បាយឥឡូវ
អ្នកចាយលុយដោយមិនមានផែនការហិរញ្ញវត្ថុច្បាស់លាស់ ឬអត់មានការកំណត់ត្រឹមត្រូវ ហើយរស់នៅលើសពីអ្វីដែលអ្នកមាន។ នៅថ្ងៃមុខ អ្នកអាចប្រឈមមុខ នឹងបញ្ហាហិរញ្ញវត្ថុ នៅពេលមានជំងឺ មានគ្រោះអគ្គីភ័យគ្រោះធម្មជាតិ ឬបាត់បង់ការងារ។ល។ វិបត្តិកូវីដ១៩ជា ឧទាហរណ៍ជាក់ស្ដែង បើយើងមិនមានប្រាក់បម្រុងទុកសម្រាប់ចាយវាយក្នុងគ្រាលំបាកនេះទេ នោះប្រហែលជាមានតែត្រូវខ្ចីបំណុលគេ ហើយមានន័យថាបញ្ហាកាន់តែធ្ងន់ធ្ងរ។
2. បើយើងវិនិយោគទុកប្រមូលផលពេលក្រោយ
ងាយយល់ទេ នៅពេលដែលអ្នកចំណាយលុយ លុយទាំងនោះនឹងក្លាយជារបស់អ្នកដទៃ ប៉ុន្តែបើអ្នកវិនិយោគលុយរបស់អ្នក នេាះវានឹងកើនឡើង ហើយអ្នកអាចយកប្រើវាបាន នៅពេលចាំបាច់។ បេីនិយាយពី វិនិយោគមានច្រេីនបែបច្រេីនទម្រង់ អ្នកអាចវិនិយោគទៅតាមលទ្ធភាព អ្នកអាចធ្វេីទៅបានមិនថា ទិញលក់អចលនទ្រព្យ គណនីសន្សំមានកាលកំណត់នៅធនាគារ ទិញលក់ភាគហ៊ុន បណ្ណបំណុល ឬការទិញធានារ៉ាប់រងជាដើម។ ការដាក់ទុនវិនិយោគនេាះអាចជួយអ្នកបាន លុះត្រាអ្នកសិក្សាឱ្យបានត្រឹមត្រូវ។ ការវិនិយោគបន្តិចម្ដងៗក្នុងរយៈពេលវែង នឹងនាំឱ្យយើងទទួល បានប្រាក់ចំណេញនាពេលអនាគត ហើយប្រាក់ចំណេញ នឹងជួយក្នុងពេលចូលនិវត្តន៍ ឬជួយអ្នកក្នុងស្ថានភាពគ្រាអាសន្នជាពិសេសបញ្ហាសុខភាព នៅពេលចាស់ជរា។
ជារួម មិនមែនមិនចង់ឱ្យអ្នកចំណាយលុយទៅលើអ្វីដែលអ្នកចូលចិត្តនោះទេ គ្រាន់តែអ្នកត្រូវ តែសន្សំប្រាក់ខ្លះសម្រាប់អនាគតខ្លួនឯង។ និយាយទៅចំណាយលុយទៅលើអ្វីដែលមាន ប្រយោជន៍ជាជាងគ្មានប្រយោជន៍។ វិធីដែលអ្នកអាចត្រៀមបម្រុងទុកបានសម្រាប់អនាគត គឺការសន្សំ និងការវិនិយោគដើម្បី បង្កើនហិរញ្ញវត្ថុរបស់អ្នកនេះឯង៕
© 2021 - 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។