ហ្គេមដូចជា Mobile Legend, Genshin Impact, DOTA និង PUBG ជាហ្គេម Free ដែលមិនតម្រូវឱ្យយើងចំណាយប្រាក់ដើម្បីលេងទេ ប៉ុន្តែហេតុអ្វីបានជាហ្គេមទាំងនេះ អាចរកប្រាក់ចំណូលបានយ៉ាងច្រើន? ចម្លើយគឺ Microtransaction!
មុនដំបូងចំណាយប្រាក់តិចៗទេ ប៉ុន្តែបូកចុះបូកឡើងអស់ប្រាក់ច្រើនគួរសមដែរ។ នៅពេលចំណាយប្រាក់លើហ្គេម អ្នកគួរយល់ពីគម្រូអាជីវកម្មបែប Microtransaction នេះ និងយកចិត្តទុកដាក់ក្នុងការចំណាយ ដើម្បីកុំឱ្យដាច់យ៉ៃដោយមិនដឹងខ្លួនថាបាត់លុយទៅណាអស់។ ចង់ស្វែងយល់ពី Microtransaction អត់? សូមអានបន្ត!
អ្វីទៅជា Microtransaction
Microtransaction គឺជាការលក់ឬទិញក្នុងតម្លៃទាប ហើយពេលខ្លះតម្លៃនោះអាចទាបរហូតទៅដល់ក្រោម ១ដុល្លារឯណោះ។
តើ Microtransaction ប៉ះពាល់ដល់អ្នកលេងវ័យក្មេងដូចម្តេចខ្លះ?
-ទម្លាប់ចាយមិនល្អ: នៅទូទាំងពិភពលោក គឺមានករណីច្រើនណាស់ដែលក្មេងបានចំណាយប្រាក់រាប់រយ និងរាប់ពាន់ដុល្លារទាំងដែលឱពុកម្តាយមិនដឹងខ្លួន ដោយសារតែអ្នកលេងវ័យជំទង់និងវ័យក្មេងមិនសូវមានការគិតគូរដិតដល់ ហើយឆាប់នឹងចំណាយប្រាក់ដែលបានមកពីម្តាយឪពុក។
-ទម្លាប់លេងល្បែងសុីសង: នៅក្នុងប្រទេសមួយចំនួន គេចាត់ទុកMicrotransactionជាល្បែងសុីសងម្យ៉ាង ដែលប៉ះពាល់ដល់អាកប្បកិរិយា ទម្លាប់ និង បុគ្គលិកលក្ខណ:របស់ក្មេងឬ អ្នកលេងវ័យជំទង់ ហើយធ្វើឱ្យពួកគេមានបញ្ហាជីវិតហើយអាចប្រឈមមុខនឹងការញៀនល្បែងនៅថ្ងៃអនាគត ។
-ការប៉ះពាល់ដល់ផ្លូវចិត្ត: បញ្ហានេះមិនសូវជាមានអ្នកនឹកស្មានដល់នោះទេ ប៉ុន្តែនៅក្នុងសង្គមហ្គេមខ្លះអ្នកដែលមិនចំណាយប្រាក់មួយចំនួនតែងតែរិះគន់ និងចោទប្រកាន់ដល់អ្នកដែលចំណាយប្រាក់ថា មានសមត្ថភាពលេងក្លែងក្លាយ ឬមិនស្មើរភាពគ្នា។ នេះហើយដែលធ្វើឱ្យអ្នកដែលត្រូវបានគេរើសអើង ចាប់ផ្តើមបាក់ទឹកចិត្ត មានជំលួសជាមួយមិត្តភក្តិ និងប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់ពួកគេទៀតផង។
ហេតុអ្វីវាធ្វើឲ្យយើងចំណាយប្រាក់ដោយមិនដឹងខ្លួន?
ប្រសិនបើយើងនិយាយពីចិត្តវិទ្យា និងទម្លាប់នៃការចំណាយរបស់អ្នកប្រើប្រាស់ (Spending Behaviour) ការចំណាយប្រាក់សុទ្ធមានលក្ខណៈខុសពីការចំណាយហិរញ្ញវត្ថុក្នុងហ្គេម។
ពេលយើងចង់បានអ្វីមួយនៅក្នុងហ្គេម យើងត្រូវយកប្រាក់របស់យើងទៅទិញហិរញ្ញវត្ថុក្លែងក្លាយ ដូចជាពេជ្រ ជាមុនសិន ហើយទើបយកពេជ្រនោះទៅទិញវត្ថុនានា ដូចជា Skin និង Character ឬ Hero តាមក្រោយ។ ការធ្វើបែបនេះជាការបង្កើតរបាំងចិត្តវិទ្យាមួយ ដែលធ្វើឱ្យអ្នកលេងមានអារម្មណ៍ថាគេមិនបានចំណាយប្រាក់ពិតនោះឡើយ។
© 2021 – 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។