Forex និងBinaryជាគំនិតនៃការវិនិយោគថ្មីមួយដែលមានការចាប់អារម្មណ៍ច្រើនក្នុងវិស័យហិរញ្ញវត្ថុ កម្ពុជា។ ការពិតForex និងBinary មិនមែនជារឿងថ្មីសម្រាប់អ្នកវិនិយោគក្នុងវិស័យហិរញ្ញវត្ថុនោះទេ ព្រោះមានអ្នកវិនិយោគមួយចំនួនធ្លាប់ទទួលបានប្រាក់ចំណេញ និងមួយចំនួនទៀតក៏បានធ្លាក់ខ្លួនជំពាក់បំណុលស្ទើរតែងើបខ្លួនមិនរួច។ ដោយសារតែពួកគេមានចំណេះដឹងផ្នែកហិរញ្ញវត្ថុពិតប្រាកដ ឬដោយសារតែសំណាង របស់ពួកគេម្នាក់ៗ? ពាក្យថា “ចំណេះដឹង” ប្រហែលជាមានទំនាក់ទំនងច្រើនជាមួយនឹងការវិនិយោគ ចំណែកពាក្យ “សំណាង” ក៏ប្រហែលជាត្រូវបានគេប្រើក្នុងន័យជាការលេងភ្នាល់ ឬការលេងល្បែងស៊ីសង។ ដូចនេះ តើForex និងBinaryជាប្រភេទមួយនៃល្បែងស៊ីសង ឬជាការវិនិយោគដែលទាមទារចំណេដឹងហិរញ្ញវត្ថុដ៏ពិតប្រាកដ?
Forex ពាក្យពេញថា Foreign Exchange ការជួញដូររូបិយបណ្ណគឺសំដៅដល់ប្រតិបត្តិការជួញ ដូររូបិយប័ណ្ណមួយទៅនឹងរូបិយបណ្ណមួយផ្សេង។ ឧទាហរណ៍របស់Forex គឺការប្តូរឬទិញប្រាក់ដុល្លារ អាមេរិចមកជាប្រាក់បាតថៃ។ ជាទូទៅការប្តូរ ឬជួញដូររូបិយបណ្ណលក្ខណៈជាការស្វែងរក ប្រាក់ចំណេញ ត្រូវបានគេធ្វើក្នុងទីផ្សារមួយមានឈ្មោះថា “ទីផ្សារជួញដូររូបិយប័ណ្ណអន្តរជាតិ”។ ចំណែក Binary ឬBinary Option គឺជាការជួញដូរប្រភេទ ហិញ្ញវត្ថុ (កិច្ចសន្យា ទ្រព្យសកម្ម ភាគហ៊ុន) ដែលអ្នកវិនិយោគគ្រាន់តែទាយថា តើឧបករណ៍ហិញ្ញវត្ថុដែលគេវិនិយោគមានតម្លៃកើន ឡើង ឬចុះក្នុងរយៈពេលកំណត់។ បើអ្នកវិនិយោគគិតត្រូវពួកគេនឹងទទួលបានប្រាក់ចំណេញ តែផ្ទុយមកវិញបើគិតខុស នោះពួកគេមិនទទួលបានអ្វីទាំងអស់។ ឧទាហរណ៍ Binary Option មួយកំពុងតែមានតម្លៃ៦៥ដុល្លារអាមេរិកក្នុងទីផ្សារដោយមានសុពលភាពវិនិយោគ ត្រឹមម៉ោង១២ថ្ងៃត្រង់ ហើយអ្នកវិនិយោគអាចទិញវាក្នុងតម្លៃ៤០ដុល្លារអាមេរិក។ លក្ខខណ្ឌសម្រាប់ ការវិនិយោគគឺប្រសិនម៉ោង១២ថ្ងៃត្រង់កន្លងផុតវាស្រាប់តែមានតម្លៃលើពី៦៥ដុល្លារ នោះអ្នក វិនិយោគនឹងទទួលបាន១០០ដុល្លារត្រលប់មកវិញ។ ផ្ទុយមកវិញ បេីដល់ពេលវេលាកំណត់តម្លៃរបស់ វាបែរជាស្ថិតនៅក្រោម ៦៥ដុល្លារ នោះអ្នកវិនិយោគនឹងត្រូវខាតបង់ប្រាក់ចំនួន៤០ដុល្លារដែលបាន វិនិយោគ។
ជាទូទៅការវិនិយោគគឺចាំបាច់ត្រូវការសិក្សាឈ្វេងយល់បន្ថែមមុននឹងវិនិយេាគ។ ប្រសិនបើយើង ចំណាយពេល ដើម្បីប្រមូលព័ត៌មាន ពិសេសព័ត៌មានដែលមានឥទ្ធិពលដល់ការប្រែប្រួលរបស់ Forex និងBinary មុនសម្រេចចិត្តប្រហែលជាយើងអាចកាត់បន្ថយហានិភ័យក្នុងការវិនិយោគ។ ករណីនេះForex និងBinary គួរចាត់ទុកជាការវិនិយោគព្រោះយើងបានប្រើប្រាស់ធនធានដែលយើង មានទាំងអស់រួមមាន ព័ត៌មាន និងចំណេះដឹង មុននឹងសម្រេចចិត្តវិនិយោគដើម្បីទទួលបានប្រាក់ ចំណេញ ជាជាងការប្រើប្រាស់សំណាងរបស់ខ្លួន។
ផ្ទុយមកវិញ ប្រសិនបើយើងគ្រាន់តែសម្រេចចិត្តក្នុងរយៈពេល ២ ទៅ ៥ នាទី តាមអារម្មណ៍ ឬតាមសំណាងរបស់ខ្លួន ដូចនេះ Forex និង Binary គឺច្បាស់ណាស់មិនខុសពីការភ្នាល់នោះទេ។ ជាទូទៅ Binary Optionទាមទារឲ្យមានការសម្រេចចិត្តភ្លាមៗពីអ្នកវិនិយោគ។ អ្នកវិនិយោគ គ្មានឱកាសគ្រប់គ្រាន់ស្វែងរកព័ត៌មានជាជំនួយក្នុងការសម្រេចចិត្ត នេះបង្ហាញថាមានហានិភ័យខ្ពស់ សម្រាប់ការវិនិយោគ។
គោលបំណងសំខាន់ក្នុងការបង្កើតForexនិងBinary គឺសុទ្ធតែមានបំណងជាការវិនិយោគដើម្បីស្វែងប្រាក់ចំណេញ ប៉ុន្តែដោយសារមានកង្វះខាតបទបញ្ញតិ្តក្នុងការគ្រប់គ្រង និងត្រួតពិនិត្យលើដំណើរការរបស់Forex និងBinary បានធ្វើឲ្យនេះក្លាយទៅជាឱកាសដ៏ល្អសម្រាប់ជនខិលខូចជនឆបោកមួយចំនួនដែលបានប្រើប្រាស់លក្ខណៈសម្បត្តិរបស់Forex និងBinaryជាល្បែងភ្នាល់បោកប្រាស់អ្នកវិនិយោគ។ ដូចនេះមុននឹងសម្រេចចិត្តថា វិនិយោគក្នុង Forex និងBinary ចាំបាច់ត្រូវប្រមូលព័ត៌មាន និងសិក្សាឲ្យបានគ្រប់ជ្រុងជ្រោយជាមុនសិន៕
© 2021 – 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។