ធ្លាប់ទេនៅសុខៗក៏អង្គុយគិតសញ្ជឹង រាល់ថ្ងៃនៅទីក្រុងយូរហើយមានអារម្មណ៍ធុញថប់ជាមួយនឹងបរិយាកាសជុំវិញខ្លួន ម៉ោង៥ល្ងាចមិនទាន់ចរាចរណ៍ស្ទះគ្រប់ផ្លូវ ផ្សែងបំពុលពាសពេញទីក្រុង មកពីធ្វើការហត់នឿយស្រាប់ ហើយត្រូវមកធុញថប់ជាមួយនឹងការស្ទះចរាចរណ៍ពេលល្ងាចមួយទៀត។ ធ្លាប់មានគំនិតអត់ ថាបើមានឱកាសតើគួររស់នៅទីក្រុងបន្តទៀត ឬក៏ផ្លាស់ប្តូរទៅនៅខេត្ត ស្រុកស្រែចម្ការវិញ?
តាមពិតទៅទីក្រុង ឬក៏នៅខេត្ត មានចំណុចល្អរៀងៗខ្លួនអាស្រ័យទៅតាមការគិតរបស់មនុស្សម្នាក់ៗ។ ថ្ងៃនេះអេដមីននឹងមកថ្លឹងថ្លែងការរស់នៅរវាងនៅក្នុងទីក្រុង និងនៅឯខេត្ត។
នៅទីក្រុង៖
-បើកភ្នែកមករៀបចំខ្លួនទៅធ្វើការ ប្រសិនបើងើប រាងលឿន ចរាចរណ៍មិនសូវមមាញឹក អាចទៅដល់កន្លែងធ្វើការមុនម៉ោង ឬក៏ទាន់ម៉ោង។ ប៉ុន្តែប្រសិនបើភ្ញាក់យឺតវិញ ផ្លូវស្ទះមានអារម្មណ៍មិនល្អរឿងស្ទះផ្លូវហើយ ទៅធ្វើការយឺតទៀត។ បើនិយាយពីអាហារពេលព្រឹក មានមួយម៉ឺនឡើងបានគ្រប់ថ្លៃកាហ្វេ និងបាយពេលព្រឹក។ និយាយពីម៉ោងចេញធ្វើការពេលល្ងាចវិញ ប្រសិនបើរស់នៅម្តុំច្បារអំពៅ ចេញពីធ្វើការម៉ោង៥ល្ងាចទម្រាំដល់ផ្ទះអាចដល់ម៉ោង៧យប់អី។ ស្ទះចរាចរណ៍មធ្យម ងំផ្សែងឡានម៉ូតូរុំជុំវិញខ្លួនជិត ជិះមកតាមផ្លូវស្រូបសុទ្ធតែខ្យល់ពុល អារម្មណ៍ធុញថប់រាល់ល្ងាច។ សម្រាប់អ្នកមួយចំនួនប្រហែលជាមិនសូវជាចូលចិត្តបរិយាកាសបែបនេះ ពោលគឺការរំខានដោយការបំពុលសំលេង។ បើនិយាយពីចំណូលចំណាយអាចនឹងមានច្រើន ថ្លៃសាំងផង ហើយទំនិញនានាក៏មានតម្លៃថ្លៃ។
– ស្តាប់មកអាចថានៅទីក្រុងគួរឲ្យធុញទ្រាន់ មិនគួរឲ្យចង់រស់នៅ ប៉ុន្តែបើគិតទៅលើចំណុចល្អក៏រាងច្រើនដែរ។ ឱកាសការងារនៅទីក្រុងគឺមានច្រើន ឲ្យតែអ្នកមានសមត្ថភាពអ្នកនឹងទទួលបានការងារដែលមានប្រាក់ខែសមរម្យ។ ចំណុចវិជ្ជមានរបស់ទីក្រុងមួយទៀតនោះគឺ វិស័យអប់រំ អាចថានៅទីក្រុងមានសាលារៀនគ្រប់ទីកន្លែង មានទាំងសាលារដ្ឋ និងសាលាឯកជន។ ការសិក្សាក៏លែងជាបញ្ហាចោទនៅពេលដែលយើងរស់នៅក្នុងទីក្រុង។ ចំណែកឯការធ្វើដំណើរទៅណាមកណាមានភាពងាយស្រួល។ បើនិយាយពីមធ្យោបាយធ្វើដំណើរ គឺមិនខ្វះទេ អ្វីដែលពិសេសនោះគឺមានរថយន្តក្រុងសាធារណៈសម្រាប់ឲ្យធ្វើដំណើរនៅក្នុងក្រុងភ្នំពេញ។ កន្លែងសម្រាប់កំសាន្តក៏មានច្រើន មានស្ទើរគ្រប់កន្លែង ទាំងយប់ទាំងថ្ងៃមិនដែលឲ្យស្ងាត់ទីក្រុង។
នៅខេត្ត៖
-ការនៅខេត្តក៏ជារឿងល្អ ប៉ុន្តែអ្នកត្រូវគិតលើចំណុចមួយចំនួនដូចជា ឱកាសការងារពុំសូវមានច្រើនដូចនៅទីក្រុង។ ប្រសិនបើអ្នកសម្រេចចិត្តមកនៅខេត្ត អ្នកត្រូវប្រាកដចិត្តថានៅឯខេត្តមានការងារសម្រាប់អ្នកធ្វើ។ បើនិយាយពីផ្សារវិញ ទាល់តែមកទីប្រជុំជនបានមាន ពេលខ្លះឆ្ងាយពីកន្លែងដែលយើងរស់នៅ ទម្រាំតែមកដល់ចំណាយពេលអស់មួយថ្ងៃពេញ។ បើសិនជាអ្នកសម្រេចចិត្តមកស្រុកស្រែចម្ការ តំបន់ខ្លះអាចនឹងពុំមានទឹកស្អាត និងអគ្គិសនីសម្រាប់ប្រើប្រាស់ បើមានក៏ជារបស់ឯកជនដែលអាចមានតម្លៃថ្លៃអាស្រ័យតាមស្រុកតំបន់ដែលយើងរស់នៅ។ បើនិយាយពីរឿងអ៉ីនធឺណេត ក៏អាចជាបញ្ហាចោទ ព្រោះថាពេលខ្លះកន្លែងដែលយើងរស់នៅពុំទាន់មានសេវាគ្រប់គ្រាន់ បើសិនជារៀនអនឡាញអាចនឹងមានភាពរអាក់រអួល។
-អាចថាអានចំណុចខាងលើមានចំណុចអវិជ្ជមានច្រើន ប៉ុន្តែបើយើងក្រលេកទៅមើលចំណុចវិជ្ជមានក៏អាចឲ្យអ្នកយកទៅពិចារណាបាន។ នៅទីក្រុងយូរហើយ មានអារម្មណ៍ថាធុញថប់ជាមួយជីវិត គ្មានឯកជនភាពនិងសំលេងរំខាន អីចឹងហើយការដែលផ្លាស់ប្តូរមករស់នៅឯខេត្តអាចជារឿងល្អ។ មកនៅខេត្ត បើនៅតំបន់ស្រុកស្រែចម្ការ ភ្ញាក់ឡើងអ្នកនឹងលឺតែសម្លេងមាន់រងាវ ដោយពុំមានសំលេងរំខានផ្សេងពីនេះ។ អ្នកនៅស្រុកស្រែចម្ការមានទម្លាប់មួយនោះគឺ ការក្រោកពីព្រលឹមដើម្បីធ្វើការងាររៀងៗខ្លួនរបស់ពួកគេ។ អ្នកអាចបណ្តុះទម្លាប់មួយនេះដោយចាប់ផ្តើមថ្ងៃថ្មីជាមួយការក្រោកពីដំណេកនៅពេលព្រលឹម យើងនឹងមានអារម្មណ៍ថាយើងមានពេលវេលាច្រើន។ ម្យ៉ាងទៀតអ្នកក៏មិនបាច់ភ័យការស្ទះផ្លូវ ឬក៏ផ្សែងពុលនោះឡើយ អារម្មណ៍ក៏ស្រស់ថ្លាទៅតាមនឹងដែរ។ ទម្លាប់ដ៏ល្អរបស់អ្នកនៅតាមស្រុកស្រែចម្ការនោះគឺ វប្បធម៌ចែករំលែក និងជួយគ្នាក្នុងគ្រាលំបាក។ ការចំណាយក៏អាចចុះ ព្រោះបន្លែសាច់អីគឺសុទ្ធតែដាំ និងចិញ្ចឹមដោយខ្លួនឯង ហើយមិនបាច់ភ័យខ្លាចរឿងគេដាក់គីមីនោះឡើយ។ និយាយរួម ការដែលមកនៅស្រុកស្រែចម្ការអាចនឹងជួយផ្លូវចិត្តរបស់អ្នកអេាយអារម្មណ៍ស្ងប់ល្អ។
ដូចអានពីខាងលើហើយថារស់នៅទីក្រុងនិងខេត្តគឺមានចំណុចល្អរៀងៗខ្លួន ដែលចំណុចវិជ្ជមាននិងអវិជ្ជមានគឺដើរទន្ទឹមគ្នា។ ដូច្នេះហើយយើងអាចធ្វើការសម្រេចដោយខ្លួនឯង ដោយថ្លឹងថ្លែងមើលទៅតាមការគួរ។ ចាំ comment ប្រាប់អេដមីនផងថាតើអ្នកទាំងអស់គ្នាចង់រស់នៅទីក្រុងឬក៏នៅខេត្ត។
© 2021 – 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។