កម្រិតឥទ្ធិពលនៃការសាយភាយវប្បធម៌ប្រទេសកូរ៉េខាងត្បូង កាន់តែមានភាពខ្លាំងក្លាពីមួយឆ្នាំទៅមួយឆ្នាំ។ វប្បធម៌របស់ប្រទេសមួយនេះមិនត្រឹមតែសាយភាពទៅកាន់មនុស្សធម្មតាតែមួយមុខនោះទេ ប៉ុន្តែវាក៏បានក្លាយជាចាត់ទុកជាអំណាចទន់របស់ប្រទេសកូរ៉េខាងត្បូងក្នុងការភ្ជាប់ខ្លួនជាមួយនឹងពិភពលោក។
ថ្ងៃនេះអេដមីននឹងលើកយកនូវដើមចមដែលធ្វើឲ្យមានការរីកសាយភាពនៃឥទ្ធិពលរបស់វាមកលើពិភពលោក។
ការសាយភាពនូវឥទ្ធិពលនៃវប្បធម៌កូរ៉េនេះត្រូវបានគេដាក់ឈ្មោះឲ្យថា រលកវប្បធម៌កូរ៉េ (Korean wave) ដែលការសាយភាយនេះមានឥទ្ធិពលកាន់តែខ្លាំងឡើងចាប់ពីពាក់កណ្តាលទសវត្សរ៍ទី៩០។ កំឡុងពេលនោះ វិស័យភាពយន្ត និងវិស័យចម្រៀង kpop ត្រូវបានទទួលការគាំទ្រជាខ្លាំងពីសំណាកប្រទេសជិតខាង ដូចជាប្រទេសចិននិងជប៉ុនជាដើម។ កត្តាមួយចំនួនដែលបណ្តាលឲ្យមានការផ្ទុះនូវភាពល្បីល្បាញជុំវិញប្រទេសក្នុងទ្វីបអាសុីនិងពិភពលោកទាំងមូលមានដូចជា៖
ការបើកទា្វរអន្តរជាតិប្រទេសរបស់ខ្លួន៖
ចាប់ពីដើមទសវត្សរ៍ឆ្នាំ៩០មក ប្រទេសកូរ៉េខាងត្បូងបានអនុញ្ញាតឲ្យជនជាតិខ្លួនធ្វើដំណើរទៅក្រៅប្រទេស ដែលនេះជាឱកាសមួយសម្រាប់ជនជាតិកូរ៉េទាំងមូលក្នុងការបន្តទៅការសិក្សា នៅ ឯក្រៅ ប្រទេស ដើម្បីយកចំណេះដឹងដែលខ្លួនបានរៀនមកអភិវឌ្ឍវិស័យខ្សែភាពយន្តប្រទេសកូរ៉េខាងត្បូងផ្ទាល់។ ដោយយើងអាចសង្កេតបានថា មិនថាខ្សែភាពយន្ត ឬចម្រៀងរបស់កូរ៉េចាប់ពីចុងទសវត្សរ៍ទី៩០មក គឺអាចវាយលុកចូលទៅ ទីផ្សាររបស់ប្រទេសជិតខាងដូចជាប្រទេសជប៉ុនជាដើម។
ការធ្វើអន្តរជាតូបនីយកម្ម៖
ដូចដែលបានរៀបរាប់ក្នុងចំណុចខាងលើមក ការដែលបើកទ្វារប្រទេសរបស់ខ្លួន វាក៏បានអនុញ្ញាតឲ្យប្រទេសកូរ៉េខាងត្បូងផ្ទាល់បានធ្វើនូវអន្តរជាតូបនីយកម្មទៅ លើវិស័យខ្សែភាពយន្ត និងវិស័យ kpop ផ្ទាល់។ ពោលគឺការផលិតរាល់មាតិការដែលទាក់ទងនឹងចម្រៀងនិងខ្សែភាពយន្តគឺត្រូវបានផលិតដេាយគុណភាព ដែលអាចវាយលុកចូលទីផ្សារអន្តរជាតិ។ យើងអាចក្រលេកទៅមើលក្រុមកូរ៉េ Seo Taiji and Boys ដែលជា ក្រុមតារាចម្រៀងមុនដំបូងគេបង្អស់នៅក្នុងប្រវត្តិសាស្រ្តប្រទេសកូរ៉េខាងត្បូង ដែលទទួលបានប្រជាប្រិយភាពខ្លាំងព្រមទាំងមានអ្នកគាំទ្រអន្តរជាតិជាច្រើន។ គួរឲ្យដឹងដែលថា ក្រុម Seo Taiji and Boys ក៏ជាក្រុមដំបូងបង្អស់ដែលបានត្រួសត្រាយផ្លូវក្នុងវិស័យ kpop សម្រាប់តារាជំនាន់ក្រោយៗទៀត ដោយបទចម្រៀងរបស់ពួកគេជាបទដែលមានការរួមបញ្ចូលរវាងក្បាច់រាំ hip hop របស់អាមេរិច ដែលបង្កើតបានជាបទចម្រៀង kpop រហូតមកដល់សព្វថ្ងៃ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ សមាជិកម្នាក់របស់ Seo Taiji and Boys គឺលោក Yang Hyun-suk ដែលអ្នកទាំងអស់គ្នាប្រហែលជាស្គាល់គាត់រួចមកហើយដែលគាត់ជាអ្នកបង្កើតក្រុមហ៊ុនផលិតកម្មយក្សនៅ កូរ៉េ ដែលមានឈ្មោះថា YG Entertainment។
ការសម្រាលច្បាប់ហាមមិនឲ្យចាក់ផ្សាយទៅលើវិស័យខ្សែភាពយន្ត៖
ក្នុងឆ្នាំ១៩៩៦ ប្រទេសកូរ៉េខាងត្បូងបានសម្រាលច្បាប់ហាមមិនឲ្យចាក់ផ្សាយសម្រាប់វិស័យខ្សែភាពយន្តនៅក្នុងប្រទេសផ្ទាល់។ ការដែលសម្រាលច្បាប់ដូច្នេះ វាជាឱកាសមួយសម្រាប់អ្នកដឹកនាំរឿងដោយឲ្យពួកគេមានសេរីភាពក្នុងផលិតរឿងមួយដែលមានគុណភាពដោយរួមបញ្ចូលទាំងបញ្ហាឆ្លុះបញ្ចាំងនៅពីតថសង្គមរបស់ប្រទេស កូរ៉េផ្ទាល់។ មានរឿងជាច្រើនទៀតដែលទទួលបានការគាំទ្រជាខ្លាំង ដោយសារតែវាបានយកបញ្ហាសង្គមក្នុងប្រទេសកូរ៉េខាងត្បូងមកបង្ហាញក្នុងសាច់រឿង ដូចជារឿង Parasite ដែលទទួលបានពានរង្វាន់ Oscar កាលពីឆ្នាំ២០១៩, រឿង Minari ដែលតួសម្តែងនៅក្នុងរឿងនេះបានទទួលពានរង្វាន់ Oscar ផ្នែក “តួសម្តែងស្រីរងឆ្នើម” និង រឿង Squid Game ជាដើម។
ដោយយើងដឹងហើយអំពីកត្តាខាងលើដែលធ្វើឲ្យឥទ្ធិពលរបស់វាមានការសាយភាយយ៉ាងខ្លាំងមកលើពិភពលោកទាំងមូល។ ចំពោះឥទ្ធិពល វាបានជះមកលើទ្វីបអាសុីនិងពិភពលោកទាំងមូលជាច្រើនវិស័យដូចជា៖
Fashion៖ ឥទ្ធិពលរបស់កូរ៉េខាងត្បូងមានភាពខ្លាំងក្លាទាំងក្នុងវិស័យ kpop និង ខែ្សភាពយន្ត។ រាល់សម្លៀកបំពាក់ ម៉ូតសក់ និងគ្រឿងតុបតែងខ្លួនមួយចំនូនសុទ្ធសឹងតែរងឥទ្ធិពលរបស់ប្រទេសកូរ៉េ។ បើនិយាយពីម៉ូតសម្លៀកបំពាក់ ស្រីៗណាដែលមិនដែលស្លៀកខោរិបជើងនោះ ដោយម៉ូតខោនេះទៀតសោតគឺបានមកពីក្រុមតារាចម្រៀងស្រី SNSD ឬក៏ Girl Generation នៅ ក្នុងបទចម្រៀងចំណងជើងថា “Gee”។ ម៉ូតខោមួយនេះមានការគាំទ្រ និងមានការលក់ដាច់ជាខ្លាំងរួមទាំងប្រទេសយើងផងដែរ នៅ ក្នុងឆ្នាំ២០០៩។
ម្ហូបអាហារ៖ នៅ ក្នុងភាពយន្តរបស់កូរ៉េ គឺគេមិនភ្លេចនោះទេតួឯកសំខាន់ជាងគេនោះគឺ គីមឈីនេះឯង។ អ្នកដឹកនាំរឿងតែងតែបន្ថែមនូវឈុតឆាកតួអង្គញុាំគីមឈីដែលនេះជាការបង្ហាញវប្បធម៌ និងម្ហូបអាហាររបស់ខ្លួនទៅតាមម្ហូបអាហារ។ គួរឲ្យដឹងដែរថាមិនត្រឹមមានតែគីមឈីនោះទេ នៅមានម្ហូបជាច្រើនទៀតដែលបានធ្វើឲ្យគេស្គាល់ច្បាស់ពីប្រទេសកូរ៉េខាងត្បូងដូចជាមីកញ្ចប់ដែលគេហៅថា Ramyeon មីកូរ៉េគោក ឬក៏មី buldak សាច់អាំងកូរ៉េ និង ឆាមីសួរកូរ៉េ ឬក៏ Japchae ជាដើម។ ជាលទ្ធផលយើងអាចឃើញបានថា ហាងលក់ម្ហូបអាហារកូរ៉េមាននៅគ្រប់ទីកន្លែង បើនិយាយពីប្រទេសយើងក៏មានហាងលក់ម្ហូបកូរ៉េច្រើនគ្រាន់បើ ទៅណាក៏ឃើញហើយមានមនុស្សពេញៗ។ បើពេលអត់លុយ មីកំប៉ុងចុងខែគឺមិនភ្លេចទេមីកូរ៉េកញ្ចប់ក្នុងទូ និងគីមឈីនៅសល់។ ដូចដែលបាននិយាយខាងលើ វាបង្ហាញយ៉ាងច្បាស់ថាប្រទេសកូរ៉េខាងត្បូងបានចែកចាយវប្បធម៌របស់ខ្លួនស្ទើរគ្រប់ទិសទី។
នយោបាយ៖ ប្រទេសកូរ៉េខាងត្បូងបានចាត់ទុក រលកវប្បធម៌កូរ៉េឬ Korean wave ជាអំណាចទន់ (soft power) ដើម្បីពង្រឹងចំណងមិត្តភាព និងទំនាក់ទំនងការទូតជាមួយប្រទេសក្នុងពិភពលោក។ តួយ៉ាងដូចជាឆ្នាំ២០១៩ ប្រធានាធិបតីប្រទេសកូរ៉េខាងត្បូង លោក មូនចេអ៉ីន បានអញ្ជើញក្រុមតារាចម្រៀង Exo ដើម្បីធ្វើកិច្ចជំនួបជាមួយនឹងអតីតប្រធានាធិបតីសហរដ្ឋអាមេរិច លោកដូណាល់ ត្រាំ កំឡុងពេលកិច្ចប្រជុំថ្នាក់ដឹកនាំ G20 Summit ក្នុងឆ្នាំ២០១៩។ ក្រៅ ពីនេះកាលពីប៉ុន្មានខែមុន ក្រុមតារាចម្រៀង BTS ត្រូវបានតែងតាំងជា “Presidential Special Envoy For Future Generations and Culture” ដោយប្រធានាធិបតីប្រទេសកូរ៉េ និងត្រូវអញ្ជើញឲ្យឡើងថ្លែងសុន្ទរកថាក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) សម័យប្រជុំលើកទី៧៦ នៅ ទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិនៅ ទីក្រុងញូវយ៉ក។
សកម្មភាពទាំងអស់នេះបានបញ្ជាក់ឲ្យឃើញថា រលកវប្បធម៌កូរ៉េពិតជាមានឥទ្ធិពលយ៉ាងខ្លាំងក្លាពីមួយឆ្នាំទៅមួយឆ្នាំដោយវាក៏ជាមូលហេតុមួយដែលធ្វើឲ្យប្រទេសកូរ៉េ ក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសមហាអំណាចផ្សេងៗទៀតនៅលើពិភពលោក។ ឥទ្ធិពលរបស់ប្រទេសកូរ៉េកាន់តែមានវិសាលភាពធំជាមុនក៏មកពីប្រជាប្រិយភាពស្រាប់របស់ប្រទេសខ្លួនបូករួមជាមួយនឹងគុណភាពនៃការផលិតស្នាដៃរបស់ខ្លួន។ ដោយឥទ្ធិពលរបស់វាអាចនឹងមានច្រើនជាងអ្វីដែលបានរៀបរាប់ខាងលើ នេះគ្រាន់តែត្រួសៗចំណុចសំខាន់ៗតែប៉ុណ្ណោះ៕
ឯកសារយោង៖
A BRIEF HISTORY OF K-POP
A Retrospective on the Korean Film Policies: Return of the Jedi
BTS appointed as Presidential Special Envoy for Future Generation and Culture, to give speech at 76th UN General Assembly
BTS at UNGA: How Hallyu, K-Pop’s success translates into South Korean soft power
Film Censorship and Political Legitimation in South Korea, 1987-1992
Hallyu as a Government Construct: The Korean Wave in the Context of Economic and Social Development
Hallyu (Korean Wave)
Korean Wave (Hallyu) – The Rise of Korea’s Cultural Economy & Pop Culture
K-pop star power kicks off Trump’s visit to South Korea
The Legacy of Girls’ Generation’s ‘Gee,’ 10 Years Later
© 2021 – 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។