នៅសល់ប្រហែលកន្លះខែទៀតទេដល់ឆ្នាំ២០២២ហើយ! តើអ្នកបានរៀបចំផែនការសម្រាប់ឆ្នាំថ្មីនេះហើយឬនៅ? មានគ្រោងនឹងវិនិយោគ ត្រៀមប្រកបអាជីវកម្ម ឬការងារអ្វីខ្លះដែរទេ? បើនៅទេអ៊ីចឹងមកមេីលទាំងអស់គ្នាបន្តិចមើលតេីមានអ្វីខ្លះដែលមានសក្តានុពលអាចនឹង រីកចម្រេីន ហើយគួរវិនិយោគនៅឆ្នាំ២០២២នេះ?
១. អចលនទ្រព្យនៅតែសំខាន់
ដ្បិតថាវិបត្តិកូវីដ១៩ ធ្វើឱ្យរាំងស្ទះដល់ដំណើរការជួញដូរអចលនទ្រព្យក៏ពិតមែន ប៉ុន្តែអ្នកដែលមានទុនគ្រប់គ្រាន់នៅតែបន្តប្រមូលទិញដីធ្លីដោយសង្ឃឹមថាវានឹងឡើងថ្លៃពេលដែលតម្រូវការចាប់ផ្ដើមកើនឡើងវិញក្រោយវិបត្តិនេះកន្លងផុតទៅ។ លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានប៉ាន់ប្រមាណថា ទីផ្សារអចលនវត្ថុនៅកម្ពុជានឹងចាប់ផ្ដើមលូតលាស់ឡើងវិញគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ ២០២២ជាពិសេសនៅក្រោយពេលចូលឆ្នាំចិនដោយគេរំពឹងថានឹងមានអ្នកវិនិយោគ បរទេសកើនឡើងពី30%-40% ( Khmer Times,2021)។ ទោះជាយ៉ាងនេះក្ដីអ្នកគួរសិក្សាដោយប្រុងប្រយ័ត្ន និងប្រមូលព័ត៌មានដែលអាចជឿទុកចិត្តបានបន្ថែមឱ្យបានគ្រប់ គ្រាន់មុននឹងសម្រេចចិត្តវិនិយោគលើអចលនទ្រព្យណាមួយដែលមានសក្ដានុពលខ្ពស់។ ទន្ទឹមនឹងនេះ អ្នកក៏គួរកត់សម្គាល់ផងដែរថាក្នុងវិស័យអចលនទ្រព្យទាមទារពេលវេលា យូរឆ្នាំទើបអាចបានផលចំណេញមកវិញសមប្រកប។
២. ពេលវេលាល្អដើម្បីសាកល្បងជាមួយភាគហ៊ុន និង Forex
នៅកម្ពុជា ការវិនិយោគទៅលើភាគហ៊ុនបណ្ណបំណុល និងការជួញដូររូបិយបណ្ណបរទេស តាមForexនៅមិនទាន់ទទួលបានការចាប់អារម្មណ៍ច្រើននៅឡើយដោយសារការយល់ដឹងនៅមានកម្រិតនិងនៅមានការព្រួយបារម្ភច្រើនពីការខាតបង់។ ដោយឡែក នៅពេលដែលប្រទេសកម្ពុជាចាប់ផ្ដើមបើកទទួលភ្ញៀវទេសចរ និងអ្នកវិនិយោគបរទេសវិញ វាអាចជាឱកាសល្អដែលវិនិយោគិនអាចចូលប្រឡូកក្នុងវិស័យទាំងនេះ។ យ៉ាងណាមិញ វិនិយោគក៏មិនគួររំលងការស្វ័យសិក្សា ស្វែងយល់ឱ្យល្អិតល្អន់ពីវិស័យនេះផងដែរ។
៣. ការជួញដូរ Cryptocurrency
ការជួញដូររូបិយបណ្ណឌីជីថល ឬ cryptocurrency មានការប្រែប្រួលឡើងចុះខ្លាំង ប៉ុន្តែនៅតែមានគេនិយមវិនិយោគច្រើន ដោយសារផលចំណេញដែលអ្នកវិនិយោគមួយ ចំនួនអាចទទួលបាន។ តួយ៉ាងដូចជា Bitcoin ដែលជារូបិយបណ្ណ ឬកាក់ឌីជីថលរៀមច្បងគេ ដែលប្រជាប្រិយភាពខ្លាំង។ ក្រៅពីនេះ ក្នុងចំណោម cryptocurrency ជាច្រើនប្រភេទទៀតមានកាក់ Ethereum ត្រូវបាន Yahoo Finance បានប៉ាន់ប្រមាណថាអាចនឹងវ៉ាដាច់ Bitcoin ក្លាយជា cryptocurrency ដែលមានតម្លៃខ្ពស់ជាងគេក្នុងអំឡុងឆ្នាំ២០២២ (Yahoo Finance, 2021)។ គួរឱ្យដឹងថា នៅប្រទេសកម្ពុជាបច្ចុប្បន្ន cryptocurrency ឬកាក់ឌីជីថលនេះ នៅមិនទាន់ត្រូវបានធនាគារជាតិនៃកម្ពុជាទទួលស្គាល់ជាមធ្យោបាយទូទាត់ផ្លូវការ ឬស្របច្បាប់នៅឡើយទេ។ ទោះជាយ៉ាងនេះក្ដីមានបណ្ដាប្រទេសមួយចំនួនកំពុងពិចារ ណាបង្កើតរូបិយបណ្ណឌីជីថលជាតិដែលនឹងត្រូវគ្រប់គ្រងតាមប្រព័ន្ធ blockchain ដោយធនាគារកណ្ដាលរបស់គេរៀងៗខ្លួន ។
៤. ធុរកិច្ចថ្មីក្នុងវិស័យ AI
AI (artificial intelligence) ឬតាមការបកប្រែជាភាសាជាតិយើងគឺ «ប្រាជ្ញាសិប្បនិម្មិត» សំដៅលើបច្ចេកវិទ្យាដែលអាចធ្វើត្រាប់តាមឥរិយាបថ និងសមត្ថភាពរបស់មនុស្សក្នុងការ បំពេញការងារ ឬការកំសាន្ត។ ជាឧទាហរណ៍ គេហទំព័រ Building Metaverse បានអោយដឹងថា Metaverse នឹងបង្កេីតបច្ចេកវិទ្យា AI ក្នុងពេលឆាប់ៗនេះ។ យើងដឹងស្រាប់ហេីយថា Metaverse ជាក្រុមហ៊ុនរបស់លោក Mark Zuckerberg ។ បច្ចេកវិទ្យាAIនៅមិនទាន់ត្រូវបានប្រើប្រាស់ទូលំទូលាយនៅកម្ពុជានៅឡើយ ដោយសារកង្វះធនធានផ្នែកនេះ កង្វះបណ្ដាញគាំទ្រដោយអ្នកជំនាញផ្នែក AI និងលទ្ធភាពទទួលបានទិន្នន័យជាភាសាខ្មែរ (យោងតាមតាមប្រសាសន៍លោក Yin Seng ពីក្រុមហ៊ុនបង្កើត software Slash Foundry)។ យ៉ាងណាមិញ លោក Yin Seng បានលើកឡើងថាបច្ចេកវិទ្យាAIមានសក្ដានុពលខ្ពស់ក្នុងការចូលរួមបង្កើនប្រសិទ្ធភាពការងារ (efficiency) ក្នុងវិស័យផ្សេងៗគ្នាជាច្រើន។ ហេតុនេះ វិស័យ AI មានទំនោរអាចនឹងក្លាយជាវិស័យមួយដែលមានតម្រូវការច្រើននៅពេលខាងមុខ។
៥. អាជីវកម្មផ្សេងៗ
មុខរបរដែលកំពុងពេញនិយមក្នុងអំឡុងពេលកូវីដ១៩មានដូចជា អាជីវកម្មលក់ម្ហូបអាហារអនឡាញ អាជីវកម្មទំនិញអនឡាញ ក្រុមហ៊ុនដឹកជញ្ជូន។ ក្រុមហ៊ុនដឹកជញ្ជូនកំពុងប្រជាប្រិយភាពខ្លាំងជាងគេ ហេីយវាក៏អាចរីកចម្រេីនបន្ថែមទៀតនៅប៉ុនា្មនឆ្នាំទៅមុខទៀត។ អាជីវកម្មដែលអាចទិញលក់អនឡាញបាន កំពុងទទួលបានប្រជាប្រិយភាពខ្លាំងណាស់ដែរ ព្រោះថាមនុស្សចាប់ផ្ដើមទម្លាប់នឹងភាពងាយស្រួលនៃការទិញទំនិញអនឡាញ។ ដូចនេះអ្នកគួរគប្បីសាករកមុខរបរ ឬវិនិយោគនៅក្រុមហ៊ុនប្រភេទនេះ។
អេដមីនសូមរំលឹកផងដែរថាមិនមានការវិនិយោគណាដែល ធានាថានឹងបានផលចំណេញ មកវិញច្រើនភ្លាមៗក្នុងរយៈពេលខ្លីនោះទេ។ ដូចបានលើកឡើងខាងលើសូម្បីតែក្នុងវិស័យ អចលនទ្រព្យក៏អ្នកអាចត្រូវរង់ចាំរយៈពេលយូរទើបទ្រព្យវាអាចកើនតម្លៃនិងអាចលក់យកចំណេញបានដែរ។
សូមចងចាំពាក្យមួយនៅក្នុងការវិនិយោគថា «high risk high return»។ ហេតុនេះ វិនិយោគិនគ្រប់រូបចាំបាច់ត្រូវមានមូលនិធិហិរញ្ញវត្ថុដាច់ដោយឡែកដែលអាចធានាបានថា បើការវិនិយោគរបស់អ្នកត្រូវខាតបង់ស្ថានភាពហិរញ្ញវត្ថុរបស់អ្នកនៅតែអាចទ្រទ្រង់ជីវភាពរបស់អ្នកបាន។
ចំណាំ** អត្ថបទខាងលើនេះគឺជាមតិយោបល់ពីក្រុមការងារ និងបុគ្គលពាក់ព័ន្ធក្នុងការបង្កើតអត្ថបទនេះប៉ុណ្ណោះដោយមិនធានាផលចំណេញ ឬកំហាតបង់ណាមួយឡើយ។ ដូច្នេះអ្នកគប្បីស្រាវជ្រាវ ព័ត៌មានបន្ថែមទៀតមុននឹងសម្រេចចិត្តវិនិយោគលើជម្រើសណាមួយខាងលើនេះ៕
សម្រាប់អ្នកចាប់អារម្មណ៍វិនិយោគលើភាគហ៊ុនឬ Forex អាចអានអត្ថបទរបស់ Kakcent ដែលធ្លាប់បានចែករំលែកកន្លងមកនៅទីនេះ៖
👉 https://www.kakcent.com/what-you-should-know-before-buy.../
👉 https://www.kakcent.com/mutual-funds-and-exchange-traded.../
👉 https://www.kakcent.com/forex/