នរណាខ្លះមានអារម្មណ៍ថារឿងរ៉ាវដែលកើតឡើងក្នុងឆ្នាំ២០២១ គឺត្រឹមតែមួយពព្រិចភ្នែក មិនទាន់បានត្រៀមខ្លួនស្រួលបួលផង សល់ប៉ុន្មានម៉ោងទៀតដាច់ឆ្នាំចាស់ចូលឆ្នាំថ្មីបាត់។ តែមិនថ្វីទេ បើទោះជាដើរលឿនយ៉ាងណាក៏ដោយ ថ្ងៃនេះអេដមីននឹងសម្រាយខ្លីៗជូនអ្នកទាំងអស់គ្នា នូវព្រឹត្តិការណ៍ក្នុងស្រុកដែលកើតឡើងក្នុងឆ្នាំ២០២១។
២០ កុម្ភៈ ២០២១៖
ព្រឹតិ្តកាណ៍២០កុម្ភៈ ត្រូវបានគេចាត់ទុកថា ជាករណីឆ្លងសហគមន៍នូវជំងឺកូវីដ១៩។ ចាប់ផ្តើមពីពេលនោះជំងឺកូវីដ១៩ មានការរីករាលដាលកាន់តែខ្លាំងឡើងដែលធ្វើឲ្យចំនួនអ្នកឆ្លងមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
២ មីនា ២០២១៖
បើកក្បាលខែមីនាមក ប្រទេសយើងក៏ទទួលបានដំណឹងល្អ ដែលនោះគឺប្រទេសយើងបានក្លាយជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោកដែលទទួលបាននូវជំនួយវ៉ាក់សាំង AstraZeneca មានឈ្មោះថា Covishield ចំនួន ៣២៤.០០០ ដូស ផ្តល់ជាជំនួយដោយមជ្ឈមណ្ឌលកូវ៉ាក់ (Covac Facility)។
១១ មីនា ២០២១៖
ដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩កាន់តែមានភាពខ្លាំងក្លា និងពិបាកទប់ស្កាត់ រាជរដ្ឋាភិបាលបានចេញសេចក្តីប្រកាសចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ប្រកាសឲ្យសាធារណជនទាំងអស់ត្រូវអនុវត្តការរក្សាគម្លាត និងពាក់ម៉ាសគ្រប់ពេលវេលា និងគ្រប់ទីកន្លែងដើម្បីទប់ស្កាត់ការចម្លងនូវវីរុសដ៏កាចសាហាវមួយនេះ។
១៥ មេសា ២០២១៖
រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចមួយទៀត នោះគឺការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ជាបណ្តោះអាសន្នសម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីវេលាម៉ោងសូន្យនាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។
៥ ឧសភា ២០២១៖
រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចស្តីពីការដាក់ចេញវិធានការរដ្ឋបាលសម្រាប់ភូមិសាស្ត្ររាជធានី ភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយបែងចែក ជា “តំបន់ ក្រហម”, “តំបន់ លឿងទុំ” និង “តំបន់ លឿង”។
មិថុនា ២០២១៖
យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា ប្រទេសកម្ពុជាទទួលបានចំណូលនាំចេញ ប្រហែល 8.201 ពាន់លានដុល្លារក្នុងរយៈពេល 6 ខែដំបូងនៃឆ្នាំ 2021 ដែលកើនឡើង 17 ភាគរយបើធៀបទៅនឹង៦ខែដំបូងកាលពីឆ្នាំមុន។
១២ កក្កដា ២០២១៖
កម្ពុជាសំរេចបិទច្រកព្រំដែនជាមួយប្រទេសវៀតណាម រយៈពេល១ខែដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ដោយចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១។
១១ សីហា ២០២១៖
ធនាគារជាតិនៃកម្ពុជាបានធ្វើពិធីសម្ពោធដាក់ឱ្យដំណើរការគម្រោងទូទាត់ និងផ្ទេរប្រាក់ឆ្លងដែនរវាងប្រទេសម៉ាឡេស៊ី និងប្រទេសកម្ពុជាតាមរយៈប្រព័ន្ធបាគងជាមួយធនាគារមេយប៊ែង។
០១ តុលា ២០២១៖
ក្រសួងពាណិជ្ជកម្មបានចុះផ្សាយនូវសេចក្តីជូនដំណឹងអំពីការឡើងថ្លៃនៃប្រេងឥន្ធនៈនៅក្នុងប្រទេស ដោយសាំងធម្មតាបានឡើងថ្លៃទៅដល់៤៣០០រៀលក្នុងមួយលីត្រ និងសាំងម៉ាស៊ូតឡើងថ្លៃទៅដល់ ៤០០០រៀលនៅក្នុងមួយលីត្រ។ រីឯសាំងស៊ុបពែរនៅតាមស្ថានីយ៍ប្រេងឥន្ធនៈបានឡើងថ្លៃរហូតទៅដល់៤៨៥០រៀល។
១៨ តុលា ២០២១៖
រាជរដ្ឋាភិបាលបានសម្រេចឲ្យធនាគារជាតិនៃកម្ពុជាចេញផ្សាយ ក្រដាសប្រាក់ ៣០.០០០ (៣មុឺន) រៀល គំរូថ្មី ក្នុងឱកាសខួបគម្រួប ៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១ – ២៣ តុលា ២០២១) និងខួប គម្រួប៣០ឆ្នាំនៃការយាងនិវត្តន៍របស់ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” មកកាន់មាតុភូមិវិញ (១៤ វិច្ឆិកា ១៩៩១ – ១៤ វិច្ឆិកា ២០២១)។
២៥ វិច្ឆិកា ២០២១៖
ប្រព័ន្ធដំណើរការរបស់ធនាគារ ABA មានបញ្ហារអាក់រអួលទូទាំងផ្ទៃប្រទេស ដែលធ្វើឲ្យអ្នកប្រើប្រាស់ជាច្រើនពុំអាចដំណើរការប្រតិបត្តិសាច់ប្រាក់តាមប្រព័ន្ធទូរស័ព្ទ។
១៤ ធ្នូ ២០២១៖
ករណីលើកដំបូងបំផុតនៃវីរុសកូវីដ១៩ បំប្លែងថ្មី អូមីក្រុង (Omicron variant) ដែលជាករណីនាំចូល ដោយអ្នកជំងឺបានធ្វើដំណើរតាមជើងហោះហើរចេញពីប្រទេសហ្កាណា (Ghana) ឆ្លងកាត់តាមឌូបៃ រួចបន្តជើងហោះហើរទៅព្រលានយន្តហោះទីក្រុងបាងកកនៃប្រទេសថៃ ទើបបន្តដំណើរមកដល់ប្រទេសកម្ពុជា។
២៦-២៧ ធ្នូ ២០២១
ដោយកន្លងទៅប្រហែលជាបុ៉ន្មានថ្ងៃមុននេះ ក្រសួងអប់រំ យុវជននិងកីឡា បានបន្តនូវការប្រលងមធ្យមសិក្សាទុតិយភូមិទូទាំងប្រទេសឆ្នាំសិក្សា ២០២០-២០២១ ដោយប្រព្រឹត្តទៅយ៉ាងជោគជ័យដោយកំណត់បានគុណភាពនិងស្តង់ដារនៃការប្រលង។
ដោយព័ត៌មានក្រៅប្រទេសមួយទៀតដែលមានភាពល្បីល្បាញនោះគឺ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ស្ថាបនិកក្រុមហ៊ុន Facebook លោក Mark Zuckerberg បានធ្វើសេចក្តីប្រកាសអំពីការផ្លាស់ប្តូរឈ្មោះនៃក្រុមហ៊ុនរបស់ខ្លួន គឺពីក្រុមហ៊ុន Facebook ទៅឈ្មោះ Meta។
អាចថាឆ្នាំនេះមានរឿងច្រើនបានកើតឡើង ដោយមានទាំងដំណឹងល្អ និងដំណឹងមិនសូវល្អ។ ព័ត៌មានខាងលើគ្រាន់តែជាការត្រួសៗអ្វីដែលបានកើតឡើងក្នុងឆ្នាំ២០២១ ដោយក្រុមការងារកាក់សេនទាំងមូលបានធ្វើការសង្ខេបជូនចំពោះប្រិយមិត្តអ្នកអាចទាំងអស់គ្នា។ បើសិនជាមានការខ្វះចន្លោះត្រង់ព្រឺត្តិការណ៍ណាមួយ ចាំជួយ comment ប្រាប់អេដមីនផងណា។
ជាចុងក្រោយ អេដមីននិងក្រុមការងារកាក់សេន ទាំងអស់សូមធ្វើការអរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់អ្នកទាំងអស់គ្នា។ ចាំជួបគ្នាជាមួយអត្ថបទថ្មីៗរបស់កាក់សេននៅឆ្នាំក្រោយទៀតណា!
© 2021 – 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។