ការសម្រេចទិញផ្ទះ ឬសង់ផ្ទះក៏ដោយគឺទាមទារឲ្យអ្នកទិញមានការសម្រេចចិត្ត និងគិតឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីជៀសវាងនូវការខាតបង់ដោយប្រការណាមួយ។ តួយ៉ាងបើយើងនិយាយពីការយកលុយទៅសង់ផ្ទះវិញ អ្នកត្រូវគិតគូរតាំងពីចំណុចចាប់ផ្តើមរហូតដល់ចុងបញ្ចប់ និយាយរួមគ្រប់ជំហានតាំងពីមុនសាងសង់រហូតដល់ការចូលទៅរស់នៅ។
ខាងក្រោមនេះជាចំណុចគោលសំខាន់ៗមួយចំនួនដែលអាចយកទៅពិចារណាមុននឹងចាប់ផ្តើមយកលុយទៅសង់ផ្ទះ៖
ទីតាំងដែលចង់រស់នៅ
ចំណុចនេះគឺជាចំណុចមួយសំខាន់ដែលអ្នកមិនគួរមើលរំលង។ អ្នកត្រូវជ្រើសរើសទីតាំងណាដែលមានសុវត្ថិភាពក្នុងការរស់នៅ ជាពិសេសនោះគឺតំបន់ដែលអ្នកទៅរស់នៅនោះមានប្រព័ន្ធទឹក និងចរន្តអគ្គិសនីសម្រាប់ផ្គត់ផ្គង់អ្នកដែលឬទេ។ ម្យ៉ាងទៀតតំបន់ដែលអ្នករស់នៅនោះគឺទីប្រជុំជន ឬក៏នៅតំបន់ដាច់ស្រយាលពីទីក្រុង។ ប្រសិនបើចង់សង់ផ្ទះក្នុងការរកសុី អ្នកគួរតែជ្រើសរើសតំបន់ណាដែលមានមនុស្សរស់នៅច្រើន នោះទើបរបររបស់អ្នកដំណើរការទៅមុខ។
ថវិកាបម្រុងសម្រាប់សាងសង់
អ្នកត្រូវគិតមើលថាអ្នកនឹងត្រូវចំណាយលុយប៉ុន្មានក្នុងការសង់ផ្ទះនេះ។ អ្នកក៏ត្រូវគិតទៅលើថ្លៃគ្រឿងដេគ័រទាំងក្នុងនិងក្រៅផ្ទះ គ្រឿងផ្ទះបាយ បូករួមទាំងថ្លៃរត់ឯកសារចាំបាច់នានា។
អ្នកជំនាញគូសប្លង់
ការដែលជ្រើសរើសស្ថាបត្យករ ឬអ្នកគូសប្លង់ដែលមានជំនាញត្រឹមត្រូវគឺជារឿងសំខាន់ ព្រោះថាបើអ្នកជ្រើសរើសអ្នកគ្មានជំនាញវិជ្ជាជីវៈត្រឹមត្រូវ ផ្ទះដែលសាងសង់មកនឹងពុំមានគុណភាពល្អនោះដែរ។ ម្យ៉ាងទៀតវាជារឿងសំខាន់ដែលសាងសង់ផ្ទះ គួរតែមានអ្នកជំនាញគូសប្លង់ ព្រោះពួកគេសុទ្ធតែជាអ្នកមានជំនាញក្នុងការផ្តល់នូវភាពច្បាស់លាស់ និងភាពលម្អិតក្នុងការសាងសង់ផ្ទះរបស់អ្នក។ អ្វីដែលពិសេសនោះ ពួកគេក៏នឹងជួយអ្នកក្នុងការប៉ាន់ស្មាននូវសម្ភារៈដែលត្រូវការក្នុងការសាងសង់ដែលអាចនឹងជួយសន្សំលុយរបស់យើង។
ម៉ូតផ្ទះដែលខ្លួនចង់បាន
អ្នកគួរណាស់តែត្រៀមម៉ូតផ្ទះដែលខ្លួនចង់បាន ធ្វើដូច្នេះក៏អាចសម្រួលការងារអ្នកគូសប្លង់ និងជាងសាងសង់។ អ្នកក៏គួរគិតដល់ម៉ូតណាដែលមិនចំណាយលុយអស់ច្រើន សាមញ្ញៗមិនសាំញ៊ាំ។
គ្រឿងសំណង់និងសម្ភារៈចាំបាច់
ការដែលជ្រើសរើសនូវគ្រឿងសំណង់ដែលមានគុណភាពខ្ពស់គឺជារឿងសំខាន់ ព្រោះវានឹងជួយធានានូវអាយុកាលផ្ទះរបស់អ្នកឲ្យបានយូរ។ ហើយអ្នកត្រូវតែគិតផងដែរថា គួរតែទិញខ្លួនឯង ឬក៏ឲ្យជាងសាងសង់គាត់ម៉ៅទិញឲ្យ។
ជាងសាងសង់ផ្ទះ
រើសជាងសាងសង់ដែលអាចទុកចិត្តបាន ជៀសវាងធ្វើបានពាក់កណ្តាលរត់ចោលការដ្ឋាន។ ម្យ៉ាងទៀត ជាងសាងសង់នេះគួររើសអ្នកដែលមានជំនាញច្បាស់លាស់ក្នុងការសាងសង់ នោះផ្ទះដែលជាផលសម្រេចនឹងមានគុណភាពខ្ពស់ ដោយធានាថាមិនមានបញ្ហាគ្រោះថ្នាក់ខូចខាតកើតមាននៅថ្ងៃមុខ។