ប្រិយមិត្តកាក់សេនយើងធ្លាប់ឮពាក្យ «ឯករាជ្យភាពហិរញ្ញវត្ថុ ឬ Financial Independence» ឬអត់? អេដមីនជឿថា ប្រិយមិត្តដែលឧស្សាហ៍អានមាតិការបស់យើងប្រាកដជាធ្លាប់ឃើញពាក្យមួយនេះហើយ!
Financial Independence នេះ ក៏មានច្រើនដំណាក់កាលដែរ ដោយដំណាក់កាលនីមួយៗមានលក្ខណៈផ្សេងៗពីគ្នា។ ចុះអ្នកវិញ កំពុងស្ថិតនៅដំណាក់កាលមួយណា?
ចែករំលែកគំនិត និងផែនការដើម្បីទទួលបានឯករាជ្យភាពហិរញ្ញវត្ថុជាមួយប្រិយមិត្តអ្នកអានយើងដទៃទៀតម្នាក់បន្តិចមើល៎!
«ឯករាជ្យភាពហិរញ្ញវត្ថុ»
ឯករាជ្យភាពហិរញ្ញវត្ថុជាទូទៅសំដៅដល់ ភាពដែលអ្នកមានចំណូលហួសចំណាយ និងគ្រប់គ្រាន់សម្រាប់ចិញ្ចឹមអ្នកពេញមួយជីវិត។
ចាប់ពីអាយុ១៨ឆ្នាំទៅ
នកគួរផ្តើមដំណើរឆ្ពោះទៅកាន់ឯករាជ្យភាពហិរញ្ញវត្ថុចាប់ពីអាយុ១៨ឆ្នាំទៅ ដោយសារវាជាកំឡុងពេលដែលអ្នកចាប់ផ្ដើមចេញធ្វើការ អាចរកប្រាក់ចំណូល អាចគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអាចប្រើប្រាស់សេវាធនាគារផ្សេងៗបានដោយខ្លួនឯង ដូចជាការបង្កើតគណនីសន្សំនៅធនាគារជាដើម។
Click here to read more about: ហេតុអ្វីរកលុយទាន់ខ្លួននៅក្មេង?
7 ដំណាក់កាល
ដំណាក់កាល Financial Dependency
ក្នុងដំណាក់កាល Financial Dependency អ្នកពឹងផ្អែកទាំងស្រុងទៅលើនរណាម្នាក់ចំពោះការចាយវាយ និងការរស់នៅប្រចាំថ្ងៃ។ អ្នកមិនមានប្រាក់ចំណូលដែលរកបានដោយខ្លួនឯងនោះទេ ហើយក៏មិនមានសេរីភាពក្នុងការចាយលុយតាមចិត្តដែរ។
ដំណាក់កាលបន្ទាប់ហៅថា Financial Solvency
ដំណាក់កាលបន្ទាប់ហៅថា Financial Solvency ជាដំណាក់កាលដែលអ្នកមានប្រាក់ចំណូលគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់ការរស់នៅនិងចំណាយចាំបាច់ ដូចជាបង់ថ្លៃទឹក ថ្លៃភ្លើង ថ្លៃម្ហូប ឬ ថ្លៃស្នាក់នៅជាដើម។ អ្នកអាចនៅសល់ប្រាក់សន្សំតិចតួច ក៏ប៉ុន្តែភាគច្រើន វាជាប្រាក់បានត្រឹមតែទុកសម្រាប់គ្រាអាសន្នប៉ុណ្ណោះ។
ដំណាក់កាល Financial Stability
Financial Stability ដែលមានន័យថាអ្នកលែងមានការព្រួយបារម្ភលើថ្លៃរស់នៅចាំបាច់ហើយ ព្រោះចំណូលអ្នកមានស្ថិរភាព និងច្រើនជាងតម្រូវការចំណាយប្រចាំថ្ងៃ។ អ្នកមិនត្រឹមតែនៅសល់ប្រាក់ ហើយអាចសន្សំសម្រាប់គ្រាអាសន្នប៉ុណ្ណោះនោះទេ តែថែមទាំងអាចសន្សំសម្រាប់ការចូលនិវត្តន៍ និងការចាយវាយផ្សេងៗទៀត។
ដំណាក់កាល Debt Freedom
បើសិនអ្នកធ្លាប់មានបំណុល ដំណាក់កាល Debt Freedom សំដៅដល់ស្ថានភាពមួយដែលអ្នកមានទាំងប្រាក់ចំណាយគ្រប់គ្រាន់ ហើយព្រមទាំងមានប្រាក់ដោះបំណុលទាំងអស់ទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ អ្នកនឹងមិនត្រូវការខ្ចីបំណុលគេនៅថ្ងៃមុខនោះទេ ព្រោះអ្នកមានប្រាក់សន្សំគ្រប់គ្រាន់ហើយ។
ដំណាក់កាល Financial Security
ចំណែកឯ Financial Security គឺសំដៅដល់ពេលអ្នកមានលុយសន្សំសម្រាប់គ្រាអាសន្ន និងសម្រាប់ចូលនិវត្តន៍ ហើយនៅមានប្រាក់ដើម្បីវិនិយោគលើអចលនទ្រព្យ ឬចលនទ្រព្យផងដែរ។ បន្ថែមពីលើនេះ អ្នកអាចប្រើប្រាស់ប្រាក់ចំណេញពីការវិនិយោគនោះ ដើម្បីយកទៅវិនិយោគបន្ត ឬសម្រាប់ផ្គត់ផ្គង់តម្រូវការផ្សេងៗបន្ថែមពីលើចំណូលដទៃទៀត។
ដំណាក់កាល Financial Independence
ដំណាក់កាល Financial Independence ជាដំណាក់កាលមួយដែល អ្នកមានប្រាក់សន្សំគ្រប់គ្រាន់ក្នុងការចិញ្ចឹមខ្លួនឯងពេញមួយជីវិត ដោយនៅសល់ប្រាក់ចំណូលសម្រាប់ចាយវាយលើអ្វីផ្សេងៗទៀត។ អ្នកអាចចូលនិវត្តន៍ ឬលាឈប់ពីការងារទៅតាមចិត្តអ្នកបាន ដោយសារអ្នកមានទ្រព្យគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ខ្លួនឯងពេញមួយជីវិតហើយ។
ដំណាក់កាល Financial Freedom
Financial Freedom គឺជាពេលមួយដែលអ្នកមានទ្រព្យសម្បត្តិហូរហៀរដែលអាចឲ្យអ្នកផ្លាស់ប្តូររបៀបរស់នៅតាមតម្រូវការ និងបំណងប្រាថ្នាខ្លួន។ អ្នកនឹងមិនមានវិបត្តិហិរញ្ញវត្ថុ ឬ បំណុលទៀតឡើយ ហើយអាចរស់នៅដោយសំបូរសប្បាយ មិនថាអ្នកត្រូវចិញ្ចឹមអ្នកដទៃ ឬផ្គត់ផ្គង់គ្រួសារក៏ដោយ។
ដំណាក់កាលចុងក្រោយ Financial Abundance
ដំណាក់កាលចុងក្រោយ គឺ Financial Abundance មានន័យថាអ្នកមានប្រាក់លើសលប់ជាងអ្វីដែលអ្នកត្រូវការ។ អ្នកដែលស្ថិតក្នុងដំណាក់កាលនេះ ពេលខ្លះចូលចិត្តធ្វើសប្បុរសធម៌ និងបរិច្ចាគដល់អ្នកខ្វះខាតជាទ្រង់ទ្រាយធំ ហើយចាប់អារម្មណ៍លើការជួយដោះស្រាយបញ្ហាពិភពលោកជាដើម។
គន្លឹះ
គន្លឹះមួយចំនួនដើម្បីឲ្យអ្នកឈានទៅរកឯករាជ្យភាពហិរញ្ញវត្ថុមានដូចជា៖
- កំណត់និយមន័យឯករាជ្យភាពហិរញ្ញវត្ថុរបស់អ្នក ដោយមើលទៅលើស្ថានភាពបច្ចុប្បន្នរបស់ខ្លួនឯងជាក់ស្តែង ហើយដាក់គោលដៅ ឬបង្កើតគម្រោងដូចជា គម្រោងសន្សំ ឬ គម្រោងវិនិយោគក្នុងរយ:ពេលវែងជាដើម ព្រមទាំងស្វែងរកវិធីដើម្បីសម្រេចវាទៅថ្ងៃមុខ
- កាត់ការចំណាយមិនចាំបាច់តាមសមត្ថភាពដែលអាចធ្វើបាន តែចាំថា អ្នកមិនចាំបាច់ផ្លាស់ប្តូររបៀបរស់នៅដែលធ្វើឲ្យអ្នកលះបង់ក្តីសុខ និងសុវត្ថិភាពរបស់ខ្លួននោះទេ
- ស្វែងរកវិធីរកលុយបន្ថែម ដើម្បីសន្សំសម្រាប់ការចូលនិវត្តន៍ និងគ្រាអាសន្ន ជាពិសេសរកចំណូលពីការងារអកម្មបន្ថែម ពីព្រោះវាផ្តល់ពេលវេលា និងសេរីភាពឲ្យអ្នកធ្វើការងារសកម្មផ្សេងៗទៅតាមចិត្ត ហើយជួយឲ្យអ្នកជៀសផុតពីការត្រូវខ្ចីបំណុលគេ
- អ្នកគួរតែវិនិយោគលើខ្លួនឯងដូចជា ការសិក្សារៀនសូត្រយកមុខជំនាញបន្ថែម ឬហ្វឹកហាត់លើជំនាញដែលមានស្រាប់។ ដូច្នេះអ្នកនឹងមានជម្រើសការងារច្រើន ហើយកាន់តែប្រសើរ អ្នកនឹងមានគំនិតរកសុីច្រើនទៀត៕
© 2021 – 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។