ខ្លី តែខ្លឹម!! ចំណាយពេលត្រឹមតែ១នាទីដើម្បីទទួលបានចំណេះដឹងថ្មីៗ។
អតិផរណាកើនឡើងជារៀងរាល់ថ្ងៃ តែបើសិនជាកើនលើស២% នោះវានឹងផ្តល់ហានិភ័យខ្ពស់ដល់ការរស់នៅប្រចាំថ្ងៃរបស់យើងជាមិនខាន។
អានទាំងអស់គ្នាពី ផលប៉ះពាល់ ៣ ដែលអតិផរណាមានលើហិរញ្ញវត្ថុ!
ធ្វើឲ្យតម្លៃលុយធ្លាក់ចុះ
អតិផរណាគឺនៅពេលផលិតផល និងសេវាកម្មឡើងថ្លៃសឹងតែគ្រប់មុខ ដែលយើងត្រូវចំណាយប្រាក់ច្រើនជាងមុនទៅលើមុខទំនិញដដែលនោះ ឬនិយាយបានថា «ទំនិញឡើងថ្លៃ តម្លៃលុយធ្លាក់ចុះ»។ ជាហេតុនាំឲ្យស្តង់ដារនៃការរស់នៅរបស់មនុស្សក៏ត្រូវផ្លាស់ប្តូរ ក៏ព្រោះតែចំណូលមិនអាចទប់ទល់នឹងការកើនឡើងនៃចំណាយបាន រហូតបង្កជាបញ្ហាហិរញ្ញវត្ថុផ្ទាល់ខ្លួន។ ជាឧទាហរណ៍គឺការឡើងថ្លៃនៃសាំង និងទំនិញសម្រាប់ជីវភាពប្រចាំថ្ងៃដែលកំពុងចោទជាបញ្ហាដល់បុគ្គលគ្រប់រូប។
បង្កឲ្យចមាន វិបត្តិសេដ្ឋកិច្ច
ដោយសារបម្រែបម្រួលនៃតម្លៃទំនិញបង្កឲ្យតម្រូវការរបស់អ្នកប្រើប្រាស់ធ្លាក់ចុះ ហើយក៏ជាហេតុនាំឱ្យសកម្មភាពសេដ្ឋកិច្ចមានការធ្លាក់ចុះដូច្នោះដែរ។ មិនតែប៉ុណ្ណោះ វិបត្តិសេដ្ឋកិច្ចអាចជះផលប៉ះពាល់ទៅដល់អាជីវកម្មតូចធំគ្រប់ប្រភេទ ក៏ដោយសារបម្លាស់ប្ដូរនៃឥរិយាបថរបស់អ្នកប្រើប្រាស់។ ដើម្បីស្រោចស្រង់ការប៉ះពាល់ផ្នែកហិរញ្ញវត្ថុ អាជីវកម្មត្រូវកាត់បន្ថយផលិតកម្ម ដែលវានាំឲ្យភាពអត់ការងារធ្វើកើនឡើង។
ការវិនិយោគធ្លាក់ចុះ
ស្របពេលទីផ្សារកំពុងមានភាពមិននឹងនរ វិនិយោគិនមានការព្រួយបារម្ភ បាត់បង់ទំនុកចិត្ត និងរារែកក្នុងការបណ្ដាក់ទុនវិនិយោគតទៀត។ ម្យ៉ាងវិញទៀត កំឡុងពេលសេដ្ឋកិច្ចប្រឈមនឹងអតិផរណា រាជរដ្ឋាភិបាលនិងធនាគារកណ្ដាលអាចនឹងត្រូវចាត់គោលនយោបាយបង្កើនអត្រាការប្រាក់ ដោយរំពឹងថាតម្រូវការនឹងថមថយ ហើយអត្រាអតិផរណាមិនកើនឡើងលឿនពេក។ ប៉ុន្តែដោយអត្រាការប្រាក់កើនឡើង នោះតម្រូវការនៃការខ្ចីប្រាក់មកវិនិយោគនឹងធ្លាក់ចុះជាលទ្ធផល៕
© 2022 – 2023 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។