ការសន្សំលុយទុកឬយកលុយទៅវិនិយោគគឺជាស្ថានភាពដែលមនុស្សភាគច្រើនពិបាកនឹងធ្វើការសម្រេចចិត្ត។ ប៉ុន្តែជាក់ស្តែង វាអាស្រ័យទៅលើស្ថានភាពហិរញ្ញវត្តុនិងគោលដៅចំបងរបស់អ្នក។
ការសន្សំលុយ
ការសន្សំលុយ ជាការទុកដាក់លុយដោយឡែក មានសុវត្ថិភាព ហេីយអាចយកមកប្រេីប្រាស់ក្នុងពេលណាក៏បាននៅពេលដែលអ្នកត្រូវការ។ វាធ្វេីអោយអ្នកមានសេរីភាពក្នុងការសម្រេចចិត្តមុននឹងទិញអ្វីមួយដែលជាតម្រូវការរបស់ខ្លួន ឬទុកបម្រុងនាពេលមានអាសន្ន។ នៅពេលមានលុយសន្សំគ្រប់គ្រាន់ អ្នកនឹងមានអាម្មណ៍កក់ក្តៅ ហេីយបន្តសន្សំលុយបន្ថែមទៀត ដេីម្បីសម្រេចគោលដៅផ្សេងៗនាថ្ងៃមុខ។ ឧទាហរណ៍ដូចជាការទិញឡាន ផ្ទះ ឬចាប់ផ្តេីមវិនិយោគលេីអាជីវកម្មផ្សេងៗផងដែរ។
ការវិនិយោគ
រីឯការវិនិយោគ គឺជាដំណេីរនៃការយកលុយរឺដេីមទុនទៅទិញទ្រព្យ រឺបណ្ដាក់ទុនទៅលេីអាជីវកម្មផ្សេងៗ ដែលអ្នកគិតថាអាចនឹងផ្តល់អោយអ្នកវិញនូវប្រាក់ចំណេញក្នុងពេលណាមួយ។ ការវិនិយោគទាំងនេះ អាចជាការវិនិយោគលើអចលនទ្រព្យ ទិញភាគហ៊ុន រឺបណ្តាក់ទុនលេីអាជីវកម្មជាមួយមិត្តភក្តិជាដេីម។ ការសម្រេចចិត្តយកលុយទៅវិនិយោគក្នុងរយៈពេលខ្លីឬរយៈពេលវែង ទាមទារអោយអ្នកត្រៀមចិត្តរួចរាល់ក្នុងការជួបហានិភ័យផ្សេងៗ ជាពិសេសនៅពេលប្រទេសមានចលាចល ឬជួបនឹងវិបត្តិសេដ្ឋកិច្ចជាដើម។ ទន្ទឹមនឹងនេះ ការសម្រេចចិត្តបណ្តាក់ទុនវិនិយោគក៏អាចឱ្យអ្នកទទួលបានផលចំណេញច្រេីននិងរហ័សផងដែរ ទៅតាមភាពលូតលាស់នៃអាជីវកម្ម និងទីផ្សារសេដ្ឋកិច្ចនោះ។
អញ្ចឹងតេីគួរសន្សំឬវិនិយោគ?
ជាទូទៅ ការសន្សំត្រូវកេីតមានមុនការវិនិយោគ។ អ្នកអាចចាត់ទុកវាជាមូលដ្ឋាននៃការវិនិយោគ ព្រោះថាអ្នកអាចមានដេីមទុនយកទៅវិនិយោគបានទាល់តែអ្នកសល់លុយសន្សំដែរ។ ទោះជាយ៉ាងណា លុយសន្សំក៏មិនមែនត្រូវតែសន្សំទុករហូតទេ។ អ្នកអាចសាកគិតមេីលថា បេីអ្នកយកលុយទៅសន្សំក្នុងធនាគារចំនួន១០០០ដុល្លារ ដែលផ្តល់អោយអ្នកវិញនូវការប្រាក់៣%ក្នុងមួយឆ្នាំ (simple interest) លុយនោះនឹងកេីនឡេីងដល់១៦០០ដុល្លារក្នុងរយៈពេល២០ឆ្នាំ។ ប៉ុន្តែបេីអ្នកយកលុយ១០០០ដុល្លារនោះទៅវិនិយោគដែលអាចផ្តល់ប្រាក់ចំណេញមកវិញជាមធ្យម១០%ក្នុងមួយឆ្នាំ នោះលុយអ្នកអាចកេីនដល់ទៅ៣០០០ដុល្លារឯណោះក្នុងរយៈពេល២០ឆ្នាំ។
ដូចនេះ ការសន្សំរឺការវិនិយោគ វាផ្អែកទៅលេីគោលដៅនៃការចង់បាន និងការហ៊ានប្រឈមនឹងហានិភ័យរបស់អ្នក៕ តេីអ្នកអាចចែករំលែកពីបទពិសោធន៍ក្នុងការសន្សំ និងវិនិយោគរបស់អ្នកផងបានទេ?