តើភាពអត់ការងារធ្វើជាអ្វី? មនុស្សជំទង់ដែលនៅតែផ្ទះ មិនធ្វើអ្វីសោះ ទើបរាប់ថាអត់ការងារធ្វើមែនទេ?
តាមការពន្យល់ក្នុងសទ្ទានុក្រមវិទ្យាសាស្ត្រសេដ្ឋកិច្ច ខ្មែរ-អង់គ្លេស-បារំាង “ភាពអត់ការងារធ្វើ ឬនិកម្មភាព” សំដៅដល់សា្ថនភាពដែលមនុស្សម្នាក់ដល់អាយុធ្វើការ មានសមត្ថភាព និងមានបំណងធ្វើការ និងខិតខំស្វែងរកការងារធ្វើ ប៉ុន្តែពុំអាចរកការងារធ្វើបាន។
អត្រាអ្នកអត់ការងារធ្វើនេះ ជាសូចនាករមួយដ៏សំខាន់ ដើម្បីកំណត់ពីដំណើរការសេដ្ឋកិច្ចក្នុងប្រទេសមួយ។ ខាងក្រោមនេះ យើងនឹងសិក្សាភាពអត់ការងារធ្វើ៣ប្រភេទសំខាន់ៗ ដែលត្រូវបានគេសិក្សាក្នុងផ្នែកសេដ្ឋកិច្ច។
១ ភាពអត់ការងារធ្វើដោយសារយន្ដការនៃផ្សារពលកម្ម (Frictional unemployment) ៖
សំដៅលើភាពអត់ការងារធ្វើរយៈពេលខ្លី និងក្នុងលក្ខខណ្ឌស្ម័គ្រចិត្ត ដែលកើតឡើងដោយសារបុគ្គលិកលាឈប់ពីការងារក្នុង គោលបំណងស្វែងរកការងារថ្មី តួនាទីថ្មី ឬជាការងារដែលត្រូវនឹងជំនាញគាត់។ ភាពអត់ការងារធ្វើប្រភេទនេះ ក៏រាប់បញ្ចូលផងដែរនូវករណីដែល និស្សិតទើបបញ្ចប់ការសិក្សាថ្មីៗហើយរកការងារធ្វើមិនទាន់បាន។ ទោះជាពេលដែលសេដ្ឋកិច្ច មានកំណើនល្អក្ដីក៏នៅតែអាចមានភាពអត់ការងារធ្វើប្រភេទនេះដែរ។
២ ភាពអត់ការងារធ្វើដោយសារការផ្លាស់ប្ដូររចនាសម្ពន្ធផលិតកម្ម (Structural unemployment)៖
នេះជាភាពអត់ការងារធ្វើទ្រង់ទ្រាយធំដែលកើតឡើងដោយសារកត្តាសកលភាវូបនីយកម្ម ការរីកចម្រើននៃបច្ចេកវិទ្យាក្នុងទីផ្សារការងារ តួយ៉ាងដូចជាការប្រើប្រាស់បញ្ញាសិប្បនិម្មិត និងរ៉ូបូតិចជាដើម។ ឧទាហរណ៍ អ្នកបេះផ្លែឈើ បានបាត់បង់ការងារ ដោយសារមានវត្តមានម៉ាស៊ីន ឬរ៉ូបត។ ភាពអត់ការងារធ្វើប្រភេទនេះ ក៏អាចកើតឡើងផងដែរ នៅពេលដែលជំនាញរបស់និយោជិត មិនត្រូវគ្នានឹងការចង់បានរបស់និយោជក។
៣ និកម្មភាពខួប (Cyclical unemployment)
ភាពអត់ការងារធ្វើប្រភេទនេះកើនឡើងនៅអំឡុងពេលវិបត្តិសេដ្ឋកិច្ច ហើយថយចុះវិញពេលដែលស្ថានភាពសេដ្ឋកិច្ចល្អប្រសើរឡើងវិញ។ ឧទាហរណ៍ ការឆ្លងរាតត្បាតនៃជំងឺ កូវីដ១៩ សេដ្ឋកិច្ចក៏ចាប់ផ្ដើមទ្រុឌទ្រោម បានញ៉ាំងឱ្យបុគ្គលិកក្នុងវិស័យអាកាសចរណ៍ជាច្រើន ត្រូវបាត់បង់ការងារ។
យោងតាមអង្គការពលកម្មអន្តរជាតិ កម្ពុជាយើងក្នុងឆ្នាំ2021 អត្រានិកម្មភាពស្ថិតនៅត្រឹម 0.6% ខណៈពេលដែលប្រទេសឡាវមានអត្រាអ្នកអត់ការងារធ្វើដល់ 1.3% ប្រទេសថៃ 1.4% និងប្រទេសវៀតណាម 2.2%។ ហើយក្នុងឆ្នាំ2022 នេះ គេរំពឹងថាអត្រានិកម្មភាពនៅកម្ពុជាធ្លាក់ត្រឹម 0.31% ដែលជាតួលេខទាបជាងគេ ក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន។
ជារួម យើងឃើញថាភាពអត់ការងារធ្វើទាំង៣ប្រភេទនេះ ខុសគ្នាដោយសាររយៈពេលខ្លី ឬវែង និងមូលហេតុបង្ករបស់វា។ នៅមានរឿងរ៉ាវដែលត្រូវសិក្សាជាច្រើនទៀត ទាក់ទិនទៅនឹងប្រធានបទនេះ។ ជួបគ្នានៅអត្ថបទក្រោយៗ៕ 😉
© 2022 - 2023 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
ឯកសារយោង
1. The world bank - Unemployment, total, Cambodia
2. Cambodia’s unemployment rate lowest in Asean See less