មានអារម្មណ៍វង្វេងទិសដៅ សម្លឹងមិនឃើញកោះត្រើយ ឯកោ បាត់បង់ភាពជឿជាក់…
បញ្ហាទាំងនេះ សុទ្ធតែជាវិបត្តិរបស់មនុស្សជំទង់ជាច្រើនក្នុងវ័យចន្លោះ ២០-៣០ឆ្នាំ។
វិបត្តិជីវិតក្នុងវ័យពាក់កណ្ដាល៥០ ឬ Quarter Life Crisis គឺជារយៈពេលមួយនៅក្នុងជីវិត ជាទូទៅកើតឡើងលើមនុស្សចាប់ពី២០ឆ្នាំ ទៅ៣០
ឆ្នាំ (ឬ៣៥ឆ្នាំ) ដោយអាស្រ័យលើស្ថានភាពជីវិតរបស់បុគ្គលម្នាក់ៗ នៅពេលពួកគេ៖
- ថប់បារម្ភអំពីទិសដៅ និងគុណភាពជីវិត
- មិនកក់ក្ដៅ ហើយខកចិត្តនឹងការងារ វិថីស្នេហា ព្រមទាំងស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេ។
បញ្ហាមួយចំនួនដែលមនុស្សក្នុងចំណោមវ័យនោះ ភាគច្រើនតែងជួបប្រទះមានដូចជា៖
- ភាន់គោលដៅជីវិត ស្នេហា និងអាជីពការងារ
- វិលវល់ ស្ត្រេស ធ្លាក់ទឹកចិត្ត (Depression)
- បាត់បង់កម្លាំងចិត្ត
- ប្រៀបធៀបជីវិតខ្លួនឯងជាមួយអ្នកដទៃ
- ច្របូកច្របល់លើបញ្ហាហិរញ្ញវត្ថុ។
ជំនួសឲ្យការផ្ដោតទៅបញ្ហាកើតមាន យើងគួរព្យាយាមរកដំណោះស្រាយមករំដោះខ្លួន កែប្រែបញ្ហាឱ្យក្លាយជាឱកាស និងមេរៀនជីវិត ដូចតទៅ៖
1 ការឆ្លុះបញ្ចាំងពីខ្លួនឯង (Self reflection)
ចំណុចចម្បងនៃការយកឈ្នះវិបត្តិវ័យ២៥ឆ្នាំនេះ គឺការស្វែងយល់ពីខ្លួនឯង។ អ្នកគួរឆ្លៀតពេលខ្លះ ដើម្បីចោទសួរខ្លួនឯងអ្នកជានរណា? ចង់បានអ្វី? អ្វីដែលបង្កជាស្ត្រេសដល់អ្នក? អ្វីដែលធ្វើឱ្យអ្នកសប្បាយចិត្ត? តើក្ដីប្រាថ្នារបស់អ្នកជាអ្វី? តើគោលបំណងនោះសម្រេចបានប៉ុនណាហើយ? ធ្វើបែបនេះ អាចជំរុញឱ្យអ្នករកឃើញចំណុចខ្លាំង ចំណុចខ្សោយ អ្វីដែលអ្នកស្រឡាញ់ចូលចិត្តពិតប្រាកដ និងរៀបចំសកម្មភាពជីវិតប្រចាំថ្ងៃបានរលូន។
2 ផ្ដល់ពេលវេលាឱ្យខ្លួនឯង
យើងគួរតែដកឃ្លាពីភាពសាញនោះ មកធ្វើអ្វីៗឱ្យអ្នកសប្បាយចិត្ត កាត់បន្ថយការគិតអវិជ្ជមាន រំសាយទុក្ខកង្វល់។ អ្នកអាចអនុវត្តលំហាត់ប្រាណពេលព្រឹក ដើរលំហែនៅសួនច្បារ ឬដើរកម្សាន្តជាមួយមិត្តភក្ដិនៅទីកន្លែងណាមួយក៏បាន។
3 ត្រូវអត់ធ្មត់ និងមិនដាក់សម្ពាធដល់ខ្លួនឯង
ជួនកាលយើងមើលឃើញមជ្ឍដ្ឋានជុំវិញអាយុស្រករយើង មានរបររកស៊ី មានឡាន មានផ្ទះ ធ្វើឱ្យយើងខ្វះការអត់ធ្មត់ ចង់ជោគជ័យដូចគេ ហើយប្រឹងប្រែងទាំងខុសទិសដៅ។ ប៉ុន្តែយើងត្រូវដឹងថានិយមន័យជោគជ័យ មិនដូចគ្នាឡើយសម្រាប់មនុស្សម្នាក់ៗ។ ក្រៅពីមានលុយសន្ធឹកសន្ធាប់នោះ សុភមង្គលជាមួយគ្រួសារ មានការងារល្អ មានសុខភាពល្អ ក៏ជាភាពជោគជ័យមួយ! អ្វីៗត្រូវការពេលរបស់វា ទើបលេចចេញលទ្ធផល ឱ្យតែអ្នកមិនបោះបង់ ស្វែងរកវិធីដែលត្រឹមត្រូវដើម្បីសម្រេចសុបិននោះ។ ដូចពាក្យចាស់លោកពោលថា “សន្សឹមកុំបំបោល ក្រែងពុំដល់ដូចប្រាថ្នា”។
4 កុំបណ្ដោយខ្លួនតាមពាក្យសម្ដីរិះគន់
ប្រសិនបើយើងយកចិត្តទុកដាក់នូវលើពាក្យសម្ដីរិះគន់ ក្នុងន័យជាន់ពន្លិច របស់អ្នកដទៃខ្លាំងពេកនឹងធ្វើឲ្យប៉ះពាល់ផ្លូវចិត្ត។ ដ្បិតយើងមិនអាចហាមអ្នកដទៃឱ្យមកនិយាយពីយើង តែយើងអាចហាមខ្លួនមិនគិត ប្រមូលអារម្មណ៍ឲ្យមូល តាំងចិត្តឲ្យស្ងប់។ មិនមាននរណាស្គាល់ពីជីវិតយើង ច្បាស់ជាងខ្លួនឯងយើងទេ!
5 ត្រូវចេះគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន
មានមនុស្សវ័យ២០ឆ្នាំជាងនេះ មិនតិចនាក់ទេ ដែលស្ត្រេសរឿងលុយកាក់។ ជាដំបូន្មាន អ្នកត្រូវយល់ដឹងពីរបៀបគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន រួមមាន៖ (១). ស្វែងរកចំណូលអកម្មបន្ថែម (២). ចាយសន្សំសំចៃ (៣). បង្កើតទម្លាប់សន្សំលុយ (៤). វិនិយោគ។ ចំណេះដឹងទាំងនេះ មិនខ្វះទេ ដែលលោកអ្នកអាចសិក្សាតាមរយៈ Youtube, ទំព័រហ្វេសប៊ុកដែលបកស្រាយពីប្រធានបទលុយកាក់, ការអានសៀវភៅ, ស្ដាប់អ្នកជំនាញ។ល។
ក្រៅពីនេះ អ្នកក៏គួរស្វែងរកការគាំទ្រលើកទឹកចិត្តពីក្រុមគ្រួសារ មនុស្សដែលយើងទុកចិត្ត និងប្រឹក្សាជាមួយអ្នកជំនាញផងដែរ ទោះអាចមិនបានជាជំនួយធំដំតែក៏បានធូរស្រាលមួយផ្នែកដែរ។ ការរស់នៅក្នុងសង្គម ត្រូវចេះប្រាស្រ័យទាក់ទង និងជួយទុក្ខធុរៈគ្នាទៅវិញទៅមក។
វ័យ២០ឆ្នាំជាងនេះ ជាវ័យដែលបង្រៀនអ្នកជាច្រើនពីរសជាតិជីវិត។ អ្នកគួរកំណត់គោលដៅ និងស្វែងរកមធ្យោបាយអមនានា ឱ្យបានច្បាស់លាស់ ទើបអ្នកមិនជាប់ផុងក្នុងវិបត្តិជីវិតទ្រង់ទ្រាយធំ៕
© 2022 - 2023 KAKCENT | រក្សាសិទ្ធិផលិតដោយកាក់សេន