ថ្ងៃមុន កាក់សេនបានលើកឡើងពីហេតុផលខ្លះៗដែលយើងគួររៀបចំគម្រោងចូលនិវត្តន៍ តែថ្ងៃនេះ យើងងាកមកមើលរបៀបរៀបចំផែនការចូលនិវត្តន៍វិញម្ដង។
ការរៀបផែនការចូលនិវត្តន៍មិនមែនទាល់តែវ័យរាងជ្រេទើបគួរគិតគូរនោះទេ ព្រោះអ្នកគួរចាប់ផ្ដើមឱ្យបានកាន់តែឆាប់កាន់តែល្អ។
ខាងក្រោមគឺជាដំណាក់កាលដែលអ្នកអាចចាប់ផ្ដើមរៀបចំផែនការចូលនិវត្តន៍ដូចតទៅ៖
១. យល់ពីស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្នរបស់ខ្លួន
ជាដំបូងអ្នកត្រូវដឹងច្បាស់ពីស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្នរបស់អ្នកជាមុនសិន ថាតើបច្ចុប្បន្ននេះ ខ្លួនមានចំណូលចំណាយប៉ុន្មាន? មានបំណុលជាប់ខ្លួនដែរឬទេ? បើមាន តើនឹងអាចសងបំណុលរួចពេលណា? ទាំងនេះគឺដើម្បីគិតគូរនឹងរៀបចំជំហានបន្ទាប់ថា ត្រូវខំរកចំណូលបន្ថែមឬយ៉ាងណា ត្រូវចាយប៉ុន្មាន សន្សំប៉ុន្មានរាល់ខែ ទើចអាចសម្រេចបានគោលដៅចូលនិវត្តន៍ឱ្យទាន់ពេលវេលាដែលគ្រោងទុក។
២. ប៉ាន់ស្មានតម្រូវការចំណាយពេលចូលនិវត្តន៍
ដើម្បីរៀបចំផែនការចូលនិវត្តន៍បាន យើងត្រូវដឹងជាមុនសិនថាយើងនឹងត្រូវការលុយទុកចាយពេលចូលនិវត្តន៍ប្រហែលប៉ុន្មាន។ តម្រូវការចំណាយពេលចូលនិវត្តន៍អាចខុសគ្នាច្រើនពីតម្រូវការចំណាយបច្ចុប្បន្នរបស់អ្នក ដោយពេលនេះ អ្នកអាចត្រូវចំណាយលើមធ្យោបាយធ្វើដំណើរ ការកំសាន្តតិចតួចពេលចុងសប្ដាហ៍ ឬ លើសម្ភារនិងភាពហ៊ឺហាស៊ីវិល័យពេលវ័យក្មេង។ តែពេលចាស់ទៅ ចំណាយចាំបាច់នឹងផ្លាស់ប្ដូរទៅជាចំណាយលើការព្យាបាលឬថែទាំសុខភាពវិញ។ល។ ឬអ្នកមានគម្រោងថានឹងចង់ដើរលេង ឬ ចង់ទិញផ្ទះ ឬ សន្សំលុយទុកឱ្យកូនឱ្យចៅពេលចូលនិវត្តន៍ នោះតម្រូវការប្រាក់ចូលនិវត្តន៍របស់អ្នកក៏អាចខុសគ្នាទៅតាមនោះដែរ។
៣. កំណត់គោលដៅចូលនិវត្តន៍របស់អ្នក
បន្ទាប់ពីប៉ាន់ស្មានដឹងពីចំណាយដែលអ្នកនឹងត្រូវការ អ្នកអាចកំណត់គោលដៅចូលនិវត្តន៍របស់អ្នកបានហើយ ដូចជាអាយុ និងចំនួនថវិកាសម្រាប់ពេលចូលនិវត្តន៍។ ឧទាហរណ៍ថា ឥលូវអ្នកអាយុ២៥ឆ្នាំ ហើយអ្នកចង់ចូលនិវត្តន៍នៅអាយុ ៧០ឆ្នាំ ជាមួយទឹកប្រាក់ $100,000។ ដូចនេះអ្នកមានពេល ៤៥ឆ្នាំ ដើម្បីសម្រេចគោលដៅបង្រ្គប់ថវិកានេះ។
៤. បង្កើតគម្រោងនិងអនុវត្តផែនការរបស់អ្នក
ដូចបានរៀបរាប់ខាងលើ ដើម្បីសម្រេចបានគោលដៅ អ្នកត្រូវគិតគូរលៃលកថានឹងត្រូវរកចំណូលប៉ុន្មាន ចាយប៉ុន្មាន ហើយសន្សំប៉ុន្មានមួយខែៗ។ យ៉ាងណាមិញ អ្នកគួរពិចារណាបន្ថែមលើថ្លៃចំណាយនាពេលអនាគត ដ្បិតថាតម្លៃទឹកប្រាក់អាចនឹងប្រែប្រួលខុសពីបច្ចុប្បន្នកាល។ ទន្ទឹមនឹងនេះ អ្នកត្រូវប្រាកដថាការអនុវត្តតាមផែនការចូលនិវត្តន៍របស់អ្នក នឹងមិនប៉ះពាល់ដល់គម្រោងសន្សំឬគោលដៅហិរញ្ញវត្ថុដទៃទៀតនោះទេ។
គន្លឹះ៖ អ្នកអាចបង្កើតគណនីធនាគារមួយដាច់ដោយឡែកសម្រាប់ប្រាក់ចូលនិវត្តន៍ដើម្បីកុំឱ្យប៉ះពាល់ដល់គោលដៅហិរញ្ញវត្ថុដទៃទៀត ជាពិសេសគម្រោងសន្សំផ្សេងៗឬកញ្ចប់លុយសម្រាប់ពេលមានអាសន្ន ព្រមទាំងបង្កើនប្រាក់ចំណូលបន្ថែមបើចាំបាច់ ដែលវាអាចជាការបង្កើតប្រភពប្រាក់ចំណូលអកម្មឬប្រភពចំណូលទី២ទី៣បន្ថែម។
លើសពីនេះ ដើម្បីពង្រឹងផែនការចូលនិវត្តន៍ឱ្យកាន់តែមានប្រសិទ្ធភាព អ្នកក៏អាចស្វែងរកនិងប្រឹក្សាយោបល់ពីអ្នកជំនាញផងដែរចំពោះគម្រោងចូលនិវត្តន៍របស់អ្នក តួយ៉ាងគឺសេវាកម្មពីភ្នាក់ងារធានារ៉ាប់រងជាច្រើននៅក្នុងប្រទេសកម្ពុជា។ យ៉ាងណាមិញ សម្រាប់គ្រឹះស្ថានរដ្ឋ និងស្ថាប័នឯកជនមួយចំនួននៅក្នុងប្រទេសកម្ពុជា ក៏មានរៀបចំទាក់ទងនឹងប្រាក់សោធនសម្រាប់និយោជិកផងដែរ ដោយផ្អែកទៅតាមលក្ខខណ្ឌមួយចំនួនដែលស្ថាប័ននោះបានកំណត់។
សម្រាប់អ្នកវិញ បានគិតពីរឿងរៀបចំផែនការចូលនិវត្តន៍ហើយឬនៅ?