លោក Robert Kiyosaki ដែលជាអ្នកនិពន្ធសៀវភៅដ៏ល្បីមួយ “Rich Dad Poor Dad” ត្រូវបានបោះពុម្ពក្នុងឆ្នាំ ១៩៩៧ និងបានដាក់លក់ជុំវិញពិភពលោក។ មិនតែប៉ុណ្ណោះ លោកក៏ជាអ្នកជំនួញដ៏ជោគជ័យម្នាក់ដោយការវិនិយោគ ហើយបច្ចុប្បន្នទ្រព្យសម្បត្តិរបស់គាត់មានជាង ១០០លានដុល្លារ។
មុនគាត់ទទួលបានជោគជ័យ គាត់ធ្លាប់បរាជ័យក្នុងការរកស៊ីពីរដងរួចមកហើយកាលពីឆ្នាំ ១៩៧០ និង១៩៧៧។ ក្រោយមកក្នុងឆ្នាំ ១៩៨៥ គាត់បានបើកក្រុមហ៊ុន Excellerated Learning Institute ហើយទទួលបានជោគជ័យធ្វើឲ្យមានឱកាសចាប់ផ្តើមវិនិយោគក្នុងវិស័យអចលនទ្រព្យ។ ប៉ុន្តែគាត់បានលក់ក្រុមហ៊ុននេះក្នុងឆ្នាំ ១៩៩៤ និងបើកក្រុមហ៊ុនមួយទៀតគឺ Cashflow Technologies, Inc. ក្នុងឆ្នាំ ១៩៩៧ ដែលផ្តល់សេវាកម្មពិគ្រោះយោបល់អំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន។ ក្រៅពីការធ្វើជំនួញ លោក Robert ក៏បានចំណាយទ្រព្យសម្បត្តិមួយចំនួនធំបន្ថែមទៀតទៅវិនិយោគលើវិស័យអចលនទ្រព្យ។ មកទល់សព្វថ្ងៃ គាត់ក្លាយជាម្ចាស់នៃអចលនទ្រព្យចំនួនជាង ៧០០០កន្លែង ដែលបង្កើតជាប្រាក់ចំណូលអកម្មយ៉ាងច្រើនសម្រាប់គាត់ជារៀងរាល់ខែ។
ថ្ងៃនេះ អេដមីនចង់ចែករំលែកពីវិធីសាស្ត្រនៃការវិនិយោគលើវិស័យអចលនទ្រព្យរបស់គាត់ឱ្យប្រិយមិត្តបានដឹង។
ក្នុងការវិនិយោគអចលនទ្រព្យ គាត់ផ្តោតលើទស្សនៈការបង្កើតលំហូរសាច់ប្រាក់តាមរយៈប្រាក់ចំណូលអកម្ម ដោយប្រើប្រាស់វិធីសាស្ត្រមួយហៅថា BRRRR ដែលពាក្យពេញគឺ Buy, Rehab, Rent, Refinance, Repeat មានន័យថា៖
- ទិញ (Buy)៖ ទិញផ្ទះនៅពេលដែលវាមានតម្លៃទាបដោយប្រាក់ផ្ទាល់ខ្លួន ឬប្រាក់កម្ចី
- ជួសជុល (Rehab)៖ ជួសជុលវាឱ្យបានស្អាតសម្រាប់ការរស់នៅ
- ជួល (Rent)៖ ដាក់ជួលដើម្បីយកប្រាក់ចំណូលប្រចាំខែ
- ប្រើប្រាស់ហិរញ្ញវត្ថុជាថ្មី (Refinance)៖ យកប្រាក់ចំណូលពីការជួលនោះទៅសងបំណុលថ្លៃផ្ទះ ឬរកស៊ីផ្សេងៗ នៅពេលតម្លៃផ្ទះឡើងថ្លៃ ដាក់ផ្ទះបញ្ចាំយកប្រាក់កម្ចីមកបន្ថែមទុនរកស៊ី ឬសងបំណុលចាស់ ឬវិនិយោគលើផ្ទះថ្មី
- ធ្វើម្តងទៀត (Repeat)៖ អនុវត្តជំហានបួនខាងលើម្តងហើយម្តងទៀត
វិធីសាស្ត្រនេះត្រូវបានប្រើប្រាស់ដោយអ្នកវិនិយោគជាច្រើនក្នុងការកសាងចំណូលរបស់ពួកគេក្នុងពេលបច្ចុប្បន្ន។
ក្រៅពីការវិនិយោគលើវិស័យអចលនទ្រព្យ គាត់បានផ្តល់យោបល់ក្នុងការវិនិយោគលើ មាស ប្រាក់ និងកាក់ Bitcoin ផងដែរ ដែលគាត់ហៅថាលុយពិត (Real Money) ក្នុងគោលបំណងបង្ការពីការធ្លាក់ថ្លៃនៃតម្លៃលុយដុល្លារនៅពេលមានអតិផរណាកើតឡើង។
តាមរយៈការវិនិយោគរបស់លោក Robert Kiyosaki បានបង្រៀនយើង ដូចជា៖
- ការវិនិយោគមិនមែនធ្វើតាមអារម្មណ៍ តែត្រូវមានផែនការច្បាស់លាស់
- ប្រើប្រាស់លុយទៅលើទ្រព្យសកម្មណា(Asset) ដែលបង្កើតប្រាក់ចំណូល ជាជាងរបស់ដែលឆាប់ធ្លាក់ថ្លៃ(Liability)
- ប្រភពចំណូលត្រូវមានលើសពី១
- ចេះវិភាគពីសក្តានុពលនៃអចលនទ្រព្យដែលអ្នកនឹងវិនិយោគ ជៀសវាងការខាតបង់
- ខ្ចីបំណុលមកបង្កើតទ្រព្យ មិនមែនយកមកចាយ
“បើអ្នកបរាជ័យមានន័យថាអ្នកកំពុងតែធ្វើអ្វីមួយ ប្រសិនបើអ្នកកំពុងធ្វើអ្វីមួយ អ្នកនឹងអាចមានឱកាស” - Robert Kiyosaki