ប្រិយមិត្តមានដឹងទេថា ការផ្សាយពាណិជ្ជកម្មជាផ្នែកដ៏ធំមួយដែលជួយឱ្យក្រុមហ៊ុនកូកាកូឡាមានភាពជោគជ័យ និងល្បីល្បាញខ្លាំង។ ក្រុមហ៊ុនភេសជ្ជៈមួយនេះតែងតែចំណាយ ១០ ភាគរយនៃប្រាក់ចំណូលជារៀងរាល់ឆ្នាំ ដែលមានទំហំទឹកប្រាក់ប្រហែលនឹង ៤ ប៊ីលានដុល្លារសម្រាប់ការផ្សាយពាណិជ្ជកម្មរបស់ខ្លួន។ ក្រៅពីការចំណាយប្រាក់ជាច្រើន ពាណិជ្ជកម្មរបស់កូកាកូឡាក៏បានបង្កប់នូវអត្ថន័យ និងភាពច្នៃប្រឌិតខ្ពស់ផងដែរ ហើយវាបានជួយឱ្យក្រុមហ៊ុនភេសជ្ជៈមួយនេះឈានមុខគេទាំងការលក់ និងការធ្វើទីផ្សារ។
ក្រុមហ៊ុនកូកាកូឡាបានប្រើវិធីសាស្ត្រផ្សេងៗក្នុងការផ្សាយពាណិជ្ជកម្មដូចជា៖
- ប្រើប្រាស់ពាក្យស្លោកងាយស្រួលយល់៖ ដូចជាពាក្យ “Enjoy” និង “Happiness” ដែលបង្កប់ភាពសាមញ្ញ និងងាយបកប្រែទៅជាច្រើនភាសាទូទាំងពិភពលោក។
- ភាពបត់បែនទៅតាមប្រពៃណីរបស់ប្រទេសផ្សេងៗ៖ ពាណិជ្ជកម្មរបស់កូកាកូឡាតែងតែសម្របខ្លួនទៅតាមវប្បធម៌ និងការពេញនិយមរបស់ប្រទេសនីមួយៗ។
- ការផ្សព្វផ្សាយមានភាពទូលំទូលាយ៖ កូកាកូឡាបានប្រើប្រាស់មធ្យោបាយជាច្រើនដើម្បីផ្សាយពាណិជ្ជកម្ម ដូចជាការធ្វើទីផ្សារ ដោយណែនាំឱ្យអតិថិជនខ្លួន ចូលរួមក្នុងការចែករំលែកបទពិសោធ និងចំណាប់អារម្មណ៍របស់ពួកគេនៅលើហ្វេសប៊ុក ដែលវាបានផ្សារភ្ជាប់ទំនាក់ទំនងរវាងអតិថិជន និងកូកាកូឡាកាន់តែជិតស្និទ្ធ។
- ការបង្កើតអនុស្សាវរីយ៍ល្អៗជាមួយមនុស្សជិតស្និទ្ធ៖ ពាណិជ្ជកម្មរបស់កូកាកូឡាមិនមែនផ្តោតសំខាន់តែលើរូបរាងរបស់ដប ឬការវេចខ្ចប់របស់វានោះទេ តែថែមទាំងចែករំលែកនូវភាពរីករាយតាមរយៈការជួបជុំគ្រួសារ ឬមិត្តភក្តិជាមួយនឹងវត្តមានរបស់កូកាកូឡា។
អេដមីននឹងលើកយកពាណិជ្ជកម្មល្បីៗទាំង ៤ របស់កូកាកូឡាឱ្យប្រិយមិត្តបានដឹង៖
- “Share A Coke campaign” ចាប់ផ្តើមនៅឆ្នាំ ២០១១ ក្នុងប្រទេសអូស្ត្រាលី និងនូវែលសេឡង់។ ក្រោយពីទទួលបានភាពជោគជ័យ កូកាកូឡាបានធ្វើទីផ្សារបន្តក្នុងសហរដ្ឋអាមេរិកដោយជ្រើសរើសឈ្មោះមនុស្សដែលសម្បូរជាងគេចំនួន ២៥០ ឈ្មោះមកព្រីននៅលើដប។ យុទ្ធនាការនេះមានការរីកចម្រើន និងជោគជ័យយ៉ាងខ្លាំង ព្រមទាំងរីកសាយដល់ទីផ្សារនៃប្រទេសផ្សេងៗទៀតដូចជាចិន ចក្រភពអង់គ្លេស និងប្រេស៊ីល។
- “The World’s cup campaign” ក្នុងឆ្នាំ ២០១៤ ការឧបត្ថម្ភផ្តាច់មុខរបស់កូកាកូឡាក្នុងការប្រកួតបាល់ទាត់ពិភពលោក (FIFA World Cup) នៅប្រទេសប្រេស៊ីលក្នុងឆ្នាំ ២០១៤ បានធ្វើឱ្យមនុស្សរាប់លាននាក់ក្នុងប្រទេសជាង ៩០ មានការចាប់អារម្មណ៍។ ជាមួយគ្នានេះកូកាកូឡាក៏បានផលិតវីដេអូដែលបង្ហាញពីការប្រមូលមនុស្សមកពីគ្រប់ទិសទីដើម្បីចូលរួមទស្សនាការប្រកួតបាត់ទាត់ពិភពលោកក្នុងឆ្នាំ ២០១៤ ផងដែរ។
- ពាណិជ្ជកម្ម “Hey Kid, Catch!” ក្នុងឆ្នាំ ១៩៧៩ បានបង្ហាញពីការចែករំលែកកូកាកូឡារបស់ក្មេងម្នាក់ទៅកាន់កីឡាករបាល់អោប (Rugby) ដោយភាពសប្បាយចិត្ត និងភ្ជាប់ជាមួយពាក្យស្លោក “Have a coke and a smile”។
- ពាណិជ្ជកម្ម “Masterpiece” ក្នុងឆ្នាំ ២០២៣ កូកាកូឡាបានប្រើប្រាស់បចេ្ចកវិទ្យាថ្មីជាប្រយោជន៍សម្រាប់ការផលិតពាណិជ្ជកម្មរបស់ពួកគេ តាមរយៈការធ្វើឱ្យរូបភាពដែលដាក់តាំងមានភាពរស់រវើក ហើយមានលក្ខណៈ 3D។
ពាណិជ្ជកម្មទាំងនេះបានផ្តោតលើកេរ្តិ៍ឈ្មោះ (branding) និងការភ្ជាប់ទំនាក់ទំនងនៃមនុស្សជុំវិញពិភពលោក។ ក្រៅពីនេះ ការវេចខ្ចប់ដបស័ក្តិសមនឹងវប្បធម៌របស់ប្រទេសដែលក្រុមហ៊ុនកូកាកូឡានឹងធ្វើទីផ្សារ។ ការផ្លាស់ប្តូរ ការធ្វើពាណិជ្ជកម្មទៅតាមពេលវេលា និងការរីកចម្រើននៃបច្ចេកវិទ្យា ព្រមទាំងភ្ជាប់ជាមួយភាពច្នៃប្រឌិតថ្មីៗបានធ្វើឱ្យអតិថិជនមានការចាប់អារម្មណ៍ខ្លាំង។ ទាំងអស់នេះហើយដែលរួមចំណែកក្នុងភាពជោគជ័យរបស់កូកាកូឡា៕