រៀនត្រឹមកម្រិតបរិញ្ញាបត្រ គ្រប់គ្រាន់ទេ? បើគិតត្រឡប់ទៅប៉ុន្មានឆ្នាំមុន អ្នកទាំងអស់គ្នាប្រហែលជាអាចឆ្លើយសំនួរនេះបានយ៉ាងងាយ។ តែខណៈពេលពិភពលោកមានការអិភវឌ្ឍកាន់តែឈានទៅមុខលើគ្រប់វិស័យពីមួយថ្ងៃទៅមួយថ្ងៃ ការអប់រំថ្នាក់ខ្ពស់កាន់តែមានភាពចាំបាច់ ជាពិសេសក្នុងទីផ្សារការងារដែលមានការប្រកួតប្រជែងខ្ពស់នេះ។
1 តើថ្នាក់ក្រោយបរិញ្ញាបត្រមានសារសំខាន់សម្រាប់ខ្ញុំដូចម្ដេចខ្លះ?
មានភាពប្រកួតប្រជែងខ្ពស់ក្នុងទីផ្សារការងារ៖
កន្លែងធ្វើការភាគច្រើនចង់បានបុគ្គលិកដែលមាន សញ្ញាបត្រខ្ពស់ និងមានបទពិសោធន៍ការងារយូរឆ្នាំ។ ហេតុនេះ ការសិក្សាបានខ្ពង់ខ្ពស់ជួយឱ្យអ្នកលេចធ្លោក្នុងការប្រជែងយកការងារធ្វើ។
ឱកាសទទួលបានប្រាក់ចំណូលខ្ពស់៖
កម្រិតប្រាក់ខែផ្អែកលើកត្តាជាច្រើនយ៉ាង ដោយក្នុងនោះរួមមានកម្រិតថ្នាក់សិក្សា សញ្ញាបត្រ បទពិសោធន៍ និងការមើលឃើញនូវសមត្ថភាពរបស់អ្នកជាដើម។ អាស្រ័យហេតុនេះ កម្រិតវប្បធម៌ក្រោយថ្នាក់ឧត្តមសិក្សាមានលទ្ធភាពជួយជម្រុញអ្នកនូវឱកាសទទួលបានប្រាក់ខែខ្ពស់ទៅតាមនោះដែរ។
បានពង្រឹងជំនាញកាន់តែខ្លាំង និងឱកាសឡើងតំណែងខ្ពស់៖
នៅពេលអ្នកមានចំណេះដឹងកាន់តែខ្ពស់ អ្នកមានការអភិវឌ្ឍ និងចំណេះដឹងក្នុងការបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាព ដូច្នេះ អ្នកឆាប់មានឱកាសក្នុងការឡើងតំណែង។
កម្មវិធីសិក្សាស៊ីជម្រៅ៖
កម្មវិធីសិក្សាភាគច្រើនបង្រៀនអ្នកឲ្យមានការគិតស៊ីជម្រៅ មានភាពច្នៃប្រឌិត វិភាគករណីសិក្សានិង តម្រូវឲ្យអ្នកអភិវឌ្ឍខ្លួនតាមការសិក្សាស្រាវជ្រាវ។ល។ នេះបានន័យថាការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនឹងជួយពង្រឹងចំណេះដឹងឯកទេសក្នុងវិស័យ ឬជំនាញរបស់អ្នក។
ការសិក្សាក្រេបយកចំណេះវិជ្ជា គឺគ្មានទីបញ្ចប់៖ ពេលពិភពលោកកាន់តែរីកចម្រើន កម្រិតនៃការទទួលបានការអប់រំក៏កាន់តែចាំបាច់ដែរ។ ដូចដែលអ្នកប្រាជ្ញ រូបវិទ្យា Albert Einstein បានពោលពាក្យមួយឃ្លាថា៖ “ការរីកលូតលាស់នៃការយល់ដឹងគួរចាប់ផ្ដើមតាំង ពីពេលកើត ហើយបញ្ចប់ទៅវិញ តែនៅពេលដែលស្លាប់ប៉ុណ្ណោះ”។
2 ធ្វើដូចម្ដេចទើបដឹងថាយើងគួរបន្តចាប់យកថ្នាក់អនុបណ្ឌិត ឬបណ្ឌិត?
ដោយសារពីមួយថ្ងៃទៅមួយថ្ងៃ ពិភពលោកកាន់តែមានការអភិវឌ្ឍជាលំដាប់ កម្រិតការអប់រំកាន់តែរីកចម្រើនផងដែរ។ ប៉ុន្តែដើម្បីដឹងថាគួរបន្តការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ អ្នកអាចមើលលើតម្រូវការផ្ទាល់ខ្លួនមួយចំនួនដូចជាតម្រូវការទីផ្សារការងារ គោលដៅជីវិតដែលអ្នកបានកំណត់ និងស្វែងយល់ពីអត្ថប្រយោជន៍ និងលទ្ធភាពរបស់អ្នកផ្ទាល់ក្នុងការបន្តការសិក្សា រួមទាំងកម្រិតនៃការអប់រំនាពេលសម័យបច្ចុប្បន្ន។ល។
ជាចុងក្រោយ បើសិនជាអ្នកអាចមានឱកាស និងលទ្ធភាពក្នុងការបន្តការសិក្សានៅថ្នាក់អនុបណ្ឌិត និងបណ្ឌិត សូមអ្នកព្យាយាម ឈោងឆាប់គោលដៅនេះចុះ។ កុំបោះបង់ ព្រោះការអប់រំមិនមានព្រំដែន សីមាខណ្ឌព័ទ្ធនោះទេ។ ចំណេះដឹងជាធនធានមិនចេះរីងស្ងួត ចោរលួចមិនបាន ភ្លើងឆេះមិនដល់ រៀនច្រើន កាន់តែចម្រើនឡើង៕
© 2022 - 2023 KAKCENT | រក្សាសិទ្ធិដោយកាក់សេន