វដ្តអាជីវកម្ម (Business Cycle) ឬអាចហៅបានថាវដ្តសេដ្ឋកិច្ច (Economic Cycle) គឺជាចលនា នៃការឡើង ឬចុះទៅតាមដំណាក់កាលនីមួយៗនៅក្នុងសេដ្ឋកិច្ចដែលកំណត់ដោយផលិតផលក្នុង ស្រុកសរុប (GDP : Gross Domestic Products សម្តៅទៅដល់តម្លៃសរុបនៃចំនួនទិន្នផលដែលបាន ផលិតសរុបនៅក្នុងប្រទេសមួយ)។ ប្រសិនបើនិយាយភាសាសាមញ្ញ វដ្តអាជីវកម្មគឺជា ដំណើរវិលជុំ នៃសេដ្ឋកិច្ចនៅក្នុងរយៈពេលណាមួយដោយមានការកើនឡើង និងធ្លាក់ចុះនៃចំនួនផលិតផលក្នុង ស្រុកសរុប (GDP) ប្រៀបធៀបនឹងពេលវេលា (Time)។
វដ្តអាជីវកម្មគឺមាន ៤ដំណាក់កាល៖
1. ដំណាក់កាលពង្រីក (Expansion)៖
ជាដំណាក់កាលមួយដែលសេដ្ឋកិច្ចក្នុងប្រទេសមានភាពល្អប្រសើរ ដោយមានអាជីវកម្មរីកដុះដាលទាំងការផលិត និងកើនឡើងនូវប្រាក់ចំណេញ ព្រមទាំងមានអត្រានៃតម្រូវការអតិថិជន (Demand) ក៏កើនឡើងផងដែរ។
2. ដំណាក់កាលកំពូល (Peak)៖
នេះជាដំណាក់កាលមួយ ដែលសេដ្ឋកិច្ចឈានទៅដល់កម្រិតកំពូល ហើយវាក៏ត្រូវបានគេចាត់ទុកថា វាជាខែចុងក្រោយមុននឹងសេដ្ឋកិច្ចសំខាន់ៗដាំក្បាលចុះ ដូចជាការធ្លាក់់ចុះនូវអត្រានៃការមានការងារធ្វើ (employment rate) តម្រូវការខ្ពស់ ហួសពីការដែលអាចផ្គត់ផ្គង់បាន ព្រមទាំងមានការកើនឡើងនូវអតិផរណា (Inflation) ។
3. ដំណាក់កាលធ្លាក់ចុះ (Contraction)៖
វាជាដំណាក់កាលមួយ ដែលសេដ្ឋកិច្ចចាប់ផ្ដើមធ្លាក់ពីចំណុចកំពូល។ ក្នុងកំឡុងពេលនេះ អត្រាចំនួននៃអ្នកអត់ការងារធ្វើបានកើនឡើងយ៉ាងខ្លាំង តម្លៃភាគហ៊ុនធ្លាក់ចុះ ហើយកំណើនសេដ្ឋកិច្ចមានការថយចុះយ៉ាងគំហុក។ នៅពេលដែលអត្រាការប្រាក់កើនឡើង អតិផរណាក៏កើនឡើងដែរដែលបង្កើតឲ្យមានបញ្ហាខាងផ្នែកហិរញ្ញវត្ថុនៅក្នុងសេដ្ឋកិច្ច។ ការកើនឡើងនៃអតិផរណានេះត្រូវបានចែកចេញ ជា ២ធំ គឺ Recession និង Depression ។ Recession គឺសម្តៅទៅលើការធ្លាក់ចុះនៃសេដ្ឋកិច្ច និងចំនួនផលិតផលក្នុងស្រុកសរុបធ្លាក់ចុះជាច្រើនខែ។ ចំណែកឯ Depression គឺជាការធ្លាក់ចុះនៃ សេដ្ឋកិច្ច និងផលិតផលក្នុងស្រុកសរុបដូច Recession ដែរ តែវាមានរយៈពេលយូររហូតដល់រាប់ឆ្នាំ និងមានសភាពធ្ងន់ធ្ងរជាង Recession ជាឧទាហរណ៏ Great Depression (1929-1939) នៅសហរដ្ឋអាមេរិកជាវិបត្តិសេដ្ឋកិច្ច មួយដែលមាន រយៈពេលយូររហូតដល់ទៅ ១០ឆ្នាំ។
4. ដំណាក់កាលដាំក្បាលចុះ (Trough)៖
ដំណាក់កាលនេះស្ថិតនៅចំណុចដែលទាបជាងគេនៅក្នុងវដ្ដអាជីវកម្ម មុននឹងឈានទៅដល់ចំណុចងើបឡើងវិញ(Recovery)។ ចំណុច Recovery ជាដំណាក់កាល មួយដែលសេដ្ឋកិច្ចចាប់ផ្តើមងើបឡើងវិញ ដើម្បីឈានទៅរកដំណាក់កាលពង្រីកហើយសកម្ម ភាពសេដ្ឋកិច្ចទាំងឡាយក៏ចាប់ផ្តើមមានសន្ទុះម្តងបន្តិចៗ។
តួយ៉ាង វិបត្តិហិរញ្ញវត្ថុសកលនៅឆ្នាំ ២០០៨ ជាពេលមួយដែលសេដ្ឋកិច្ចបានធ្លាក់ចុះនូវ GDP រហូតដល់ចំណុចអវិជ្ជមានដែលកើត ឡើងនៅក្នុងឆ្នាំ២០០៨ ដល់ឆ្នាំ២០០៩។ វិបត្តិនេះកើតឡើងដោយសារតែមានចំនួននៃកម្ចី ក្នុងការទិញផ្ទះបានកើនឡើងនៅសហរដ្ឋអាមេរិកហើយប្រជាជនមិនមានលទ្ធភាពក្នុងការសងកម្ចីទៅកាន់ធនាគារវិញធ្វើឲ្យមានបញ្ហាហិរញ្ញវត្ថុ ដោយធនាគារខ្វះខាតទុនសម្រាប់បង្វិល ហើយធនាគារខ្លះត្រូវប្រកាសក្ស័យធន និងដៃគូធនាគារជាច្រើនបានជួបបញ្ហាហិរញ្ញវត្ថុធ្វើឲ្យ វិបត្តិនេះរីករាលដាលទៅដល់បណ្តាប្រទេសផ្សេងៗរួមមានប្រទេសកម្ពុជាផងដែរ។ ប៉ុន្តែបញ្ហា នេះត្រូវបានបញ្ចប់ទៅវិញនៅក្នុងឆ្នាំ ២០០៩ ដោយរដ្ឋាភិបាលអាមេរិកបញ្ចេញថវិកាជាច្រើន ដើម្បីជួយទប់ស្កាត់ និងកាត់បន្ថយបញ្ហាហិរញ្ញវត្ថុនេះ។
សរុបមក សម្រាប់អាជីវករ ជាពិសេសអ្នកវិនិយោគវដ្តអាជីវកម្មនេះពិតជាសំខាន់ក្នុងការប្រមើមើល ជៀសវាងហានិភ័យដែលអាចកើតឡើង ទោះបីមិនអាចមើលដឹង ១០០% តែក៏អាចកាត់បន្ថយនូវបញ្ហា បានខ្លះផងដែរ៕