កាលពីអត្ថបទមុនៗ កាក់សេន បានលើកឡើងរួចមកហើយពីបំណុលល្អ និងបំណុលអាក្រក់ ប៉ុន្តែនូវរាល់បំណុលនីមួយៗសុទ្ធតែប៉ះពាល់ដល់ផ្លូវអារម្មណ៍គ្រាន់តែតិច ឬច្រើនដែលវាអាចប៉ះពាល់ដល់ បញ្ហាផ្លូវចិត្ត ឬអាចឈានទៅដល់ការបាក់ទឹកចិត្តរឿងបំណុលថែមទៀតផង ករណីបំណុលនោះមានចំនួនតួរលេខច្រើនលើសលប់។
ខាងក្រោមនេះ គឺជារោគសញ្ញាមួយចំនួនដែលបញ្ជាក់ថា អ្នកកំពុងមានជំងឺបាក់ទឹកចិត្តរឿងបំណុលហើយ៖
អ្នកព្យាយាមគេចវេសពីបញ្ហាបំណុល ឧស្សាហ៍ស្ត្រេស គេងពុំសូវលក់ គិតច្រើន ស្មុគស្មាញ ធុញថប់ មានអារម្មណ៍នឿយហត់ អស់កម្លាំង មិនចង់ចេញក្រៅជួបអ្នកដ៏ទៃ មិនចូលចិត្តភាពអ៊ូអរដូចមុន ឆាប់ខឹង និងមានអារម្មណ៍តប់ប្រមល់ ឆាប់ភ័យ ឬតក់ស្លុត អស់សង្ឃឹម លែងចង់ដោះស្រាយបញ្ហា ឬអាចឈានទៅដល់ការសម្លាប់ខ្លួនថែមទៀតផង។
អញ្ចឹង! តើអ្នកគួរធ្វើដូចម្ដេចដើម្បីដោះស្រាយបញ្ហាទាំងនេះបាន?
១. ប្រឈមមុខជាមួយបញ្ហា
ប្រមូលវិក្ក័យប័ត្រដែលអ្នកកំពុងមាន និងបូកសរុបបំណុលទាំងអស់ដែលអ្នកកំពុងមាន បន្ទាប់មកប្រឈមមុខជាមួយម្ចាស់បំណុល ពន្យល់ពីស្ថានភាពជាក់ស្ដែងដែលអ្នកកំពុងជួបប្រទះ ដោយជ្រើសរើសយកវិធីសាស្ត្រពិភាក្សាមកដោះស្រាយ ចៀសជាងគេចវេស។
ជាក់ស្ដែង សម្រាប់គ្រឹះស្ថានធនាគារមួយចំនួនក្នុងប្រទេសកម្ពុជាក៏មានករណីលើកលែងដូចគ្នាដែរ ជាពិសេសអំឡុងពេលមានជំងឺកូវីឌ-១៩ នេះ ម្ចាស់បំណុលអាចធ្វើការសងត្រឡប់តែការប្រាក់សិន ដោយស្ថិតក្នុងលក្ខខណ្ឌចំនួនរយៈពេលណាមួយ។
២. រៀបចំប្រាក់ចំណូលចំណាយឡើងវិញ
បន្ទាប់ពីបូកសរុបប្រាក់បំណុលរួចរាល់ រឿងបន្ទាប់គឺរៀបចំប្រាក់ចំណូលចំណាយឡើងវិញ ដោយគួរធ្វើឡើងជាសៀវភៅកត់ត្រា ឬបញ្ជីចំណូលចំណាយប្រចាំការខែ។ សម្រាប់រូបមន្តនៃការគ្រប់គ្រងប្រាក់ចំណូលចំណាយនេះ កាក់សេនក៏ធ្លាប់លើកឡើងពីមុនដូចគ្នាដែរ ដោយអ្នកអាចអនុវត្តតាមរូបមន្ត 50-30-20 ឬ ប្រសិនបើបំណុលអ្នកមានចំនួនច្រើន អ្នកអាចកាត់បន្ថយមក 50-50 ដោយ 50% សម្រាប់ចំណាយទូទាត់ចាំបាច់ និង 50% ទៀតសម្រាប់បំណុល។
★ គន្លឺះ៖ ប្រាក់ចំណូលរបស់អ្នកគួរមានច្រើនប្រភព ដែលគួរតែខុសពីចំណូលសកម្ម។
៣. ស្វែងរកវិធីសាស្ត្រទូទាត់បំណុល
វិធីសាស្ត្រនៃការទូទាត់បំណុលអាចមានច្រើនប្រភេទដែលអ្នកអាចយកមកអនុវត្ត ដូចជាវិធីសាស្ត្រដោះបំណុលតាម Snowball Method ដែលយើងផ្ដោតសំខាន់ប្រាក់បំណុលពីតិចទៅច្រើន ដោយឥតគិតការប្រាក់។
ឬអ្នកអាចដោះស្រាយបំណុលតាមវិធីសាស្ត្រ Debt Avalanche ដែលវាផ្ដោតសំខាន់លើបំណុលដែលមានអត្រាការប្រាក់ខ្ពស់មកមុនក៏បាន។
៤. គួរតាមដានជាប្រចាំពីគម្រោងទូទាត់
ដើម្បីឱ្យការសងបំណុលកាន់តែមានភាពប្រសិទ្ធភាព អ្នកគួរតាមដានជាប្រចាំពីគម្រោង និងចំណាយជាប្រចាំរបស់អ្នក។ ត្រូវប្រាកដថា អ្នកពិតជាបានធ្វើតាមគម្រោងចំណូលចំណាយ និងបានកាត់បន្ថយចំណាយដែលមិនចាំបាច់ពិតប្រាកដពិតមែន ពុំដូចនោះទេ វដ្តនៃការបាក់ទឺកចិត្តនឹងចាប់ផ្ដើមកើតមានសារជាថ្មីម្ដងទៀតមិនខាន។
★គន្លឺះ៖ គួររៀនទម្លាប់ចាយលុយតាមជនជាតិជប៉ុន (Kakeibo)
យ៉ាងណាក៏ដោយ អ្នកក៏អាចស្វែងរកអ្នកណាដែលអ្នកទុកចិត្តបានហើយអាចពិភាក្សាពីបំណុលរបស់អ្នកជាមួយគាត់ ឬសុំការណែនាំពីអ្នកជំនាញណាម្នាក់ ដើម្បីទទួលបាននូវដំណោះស្រាយល្អមួយ៕