អំឡុងពេលបិទខ្ទប់ដោយសារតែការរីករាលនៃជំងឺឆ្លងកាន់តែធ្ងន់ធ្ងរ ប្រជាជនតម្រូវឱ្យនៅតែផ្ទះ ហាមដើរប្រាម អាជីវកម្មត្រូវបានបិទដំណើរការ ការងារជាច្រើនត្រូវបានផ្អាកបណ្ដោះអាសន្ន ប្រាក់ចំណូលត្រូវបានថមថយ ឬគ្មានតែម្ដង។ ក្នុងអំឡុងពេលនេះ តើកញ្ចប់ប្រាក់សម្រាប់គ្រាមានអាសន្ន ឬ “Emergency Fund” នឹងអាចជួយអីបានខ្លះ?
1. ជួយរ៉ាប់រងចំណាយគ្មានចំណូលក្នុងរយៈពេលលំបាកនេះ
អំឡុងពេលរាំងខ្ទប់នេះ តំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ (តំបន់ក្រហម និងតំបន់លឿងទុំ) ត្រូវបានហាមប្រាមមិនឱ្យចេញពីផ្ទះ ការបិទផ្សារទូទាំងរាជធានី អាជីវកម្មនៅតែបន្តបិទទ្វារ ខណៈការបិទខ្ទប់នេះអាចនៅតែបន្តមានប្រសិនបើចំនួនអ្នកឆ្លងនៅតែបន្តកើនឡើង។ ដូចដែលយើងដឹងហើយថា emergency fund គួរតែមានចំនួនដែលអាចទ្រទ្រង់ចំណាយរបស់អ្នកបានពី៣ ទៅ៦ខែ ហេតុនេះ emergency fund ដើរតួយ៉ាងសំខាន់ក្នុងការជួយទ្រទ្រង់ចំណាយចាំបាច់ផ្សេងៗដូចជាចំណាយទៅលើម្ហូបអាហារ ទឹកភ្លើង ថ្លៃបន្ទប់ជួល ថ្នាំសង្កូវ ជាដើម ក្នុងអំឡុងពេលបិទខ្ទប់។
2. កាត់បន្ថយការប្រឈមនឹងការធ្លាក់ខ្លួនជាប់បំណុលវ័ណ្ឌក
មែនទែនទៅ នៅពេលដែលយើងម្នាក់ៗមានតែខ្ទង់ចំណាយក្នុងអំឡុងពេលបិទខ្ទប់ ខណៈឯខ្ទង់ចំណូលត្រូវបាត់បង់ទាំងស្រុង ហើយអ្នកគ្មានកញ្ចប់ប្រាក់ការពារពីគ្រាមានអាសន្ននោះ អ្នកអាចប្រឈមនឹងធ្លាក់ខ្លួនជាប់បំណុល។ ដើម្បីទ្រទ្រង់ចំណាយចាំបាច់អំឡុងពេលនេះ អ្នកអាចនឹងត្រូវខ្ចីបុលពីធនាគារ អ្នកផ្ទះ មិត្តភក្តិ ឬអ្នកចងការប្រាក់ដែលមានអត្រាការប្រាក់ខ្ពស់។ ការមាន emergency fund ត្រៀមទុកអាចជួយកាត់បន្ថយការប្រឈមមុចនឹងត្រូវជំពាក់បំណុលគេ ដ្បិតថាអ្នកមិនសូវភ័យព្រួយរឿងចំណាយផ្សេងៗ ឬត្រូវស្វះស្វែងរកលុយកាក់បន្ទាន់។
3. ចៀសវាងការបាត់បង់ក្ដីស្រមៃដោយការរងទង្គិចផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួន
យើងតែងតែមានក្ដីស្រមៃចង់ក្លាយជាបុគ្គលនេះ បុគ្គលនោះ ចង់មានផ្ទះ មានអាជីវកម្មសមរម្យជាដើម ប៉ុន្តែអំឡុងពេលនេះចំណូលស្រាប់តែត្រូវបានបាត់បង់។ ឧទាហរណ៍ថា អ្នកកំពុងបង់ផ្ទះរម្លស់ ខណៈពេលបិទរាំងខ្ទប់ ប្រាក់ចំណូលអ្នកគ្មាន ប្រាកដអ្នកអាចនឹងត្រូវបង្ខំចិត្តឈប់បន្តបង់ ដែលក្ដីស្រមៃមានផ្ទះជាកម្មសិទ្ធខ្លួនត្រូវបាត់បង់។ ក្នុងខណៈពេលនេះ ប្រសិនបើអ្នកបានត្រៀមនូវកញ្ចប់ប្រាក់គ្រាមានអាសន្ន វាអាចជួយអ្នកឱ្យបន្តរក្សាក្ដីស្រមៃរបស់ខ្លួនឱ្យនៅដដែល។
4. ទទួលបានអត្រាការប្រាក់ មានសុវត្ថិភាព និងងាយស្រួលយកចាយ
ការរក្សាទុកលុយសម្រាប់គ្រាមានអាសន្នគួររក្សានៅទីមានសុវត្ថិភាព និងមានភាពងាយស្រួល អាចយកមកប្រើប្រាស់បានតាមតម្រូវការបន្ទាន់ ដូចជាទុកនៅក្នុងកុងធនាគារ (savings account)។ មិនត្រឹមតែមានសុវត្ថិភាព ងាយស្រួលយកប្រើប្រាស់ វាក៏បានផ្ដល់នូវអត្រាការប្រាក់ខ្លះផងដែរ។ ម្យ៉ាងទៀត ក្នុងអំឡុងពេលបិទខ្ទប់នេះផង វាមានភាពងាយស្រួលក្នុងការចាយយវាយបែប cashless ដែលសេវាកម្មទាំងនោះមានផ្ដល់ជូនដោយធនាគារជាច្រើនផង។
ការយល់ពីអត្ថប្រយោជន៍នៃ Emergency Fund នេះគឺជាមេរៀនមួយដែលយើងត្រូវចងចាំទុក និងគួរអនុវត្ត ដើម្បីត្រៀមខ្លួនចំពោះការណ៍អាសន្នដទៃទៀតនាថ្ងៃមុខដែលយើងមិនអាចមើលឃើញ តួយ៉ាងដូចជាការបាត់ការងារ បាត់បង់ប្រាក់ចំណូល ឬឧបទ្ទវហេតុណាមួយនឹងស្មានមិនដល់។