«ប្ដីម៉ាកអី! ខ្ជិលឲ្យច្រអូស គ្មានចេះចេញទៅធ្វើការរកលុយសោះ! ដេកចាំចាយតែលុយប្រពន្ធ»
«ប្រពន្ធអីរស់នៅដោយសារប្រាក់ខែប្ដី អត់គិតចេះធ្វើការរកស៊ីអីនឹងគេ» តើវាជាការពិតដូចគេនិយាយមែនឬ?
ស្ត្រីមេផ្ទះ ឬ បុរសមេផ្ទះឱ្យតែនៅផ្ទះ បានន័យថាអសមត្ថភាព?
«ស្រ្តីមេផ្ទះ»
ស្ត្រីជានារីរតនៈ។ មាត្រា ៣៦ ក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានចែងថា៖ “ការងារមេផ្ទះ មានតម្លៃស្មើគ្នានឹងកម្រៃដែលបានមកពីការងារធ្វើនៅក្រៅផ្ទះ។” ការងារផ្ទះរាប់តាំងពីបោសជូត លាងចាន បោកខោអាវ ដាំស្ល មើលថែបញ្ចុកបាយកូន ពុំមែនជារឿងងាយស្រួលទេ គឺចាយកម្លាំង នឿយហត់ណាស់។ ការងារផ្ទះនេះទៀតសោត អត់ស្គាល់សៅរ៍អាទិត្យនោះឡើយ។
ការវាយតម្លៃស្ត្រីមេផ្ទះថាចាំតែពឹងពាក់លើប្ដី និងគ្មានសមត្ថភាព ពុំមានសុក្រឹតភាពនោះទេ ដ្បិតគេពុំបានពិចារណា ថ្លឹងថ្លែងពីសាវតារ និងស្ថានភាពគ្រួសារបុគ្គលឡើយ។ នារីក៏អាចប្រកបអាជីវកម្មនៅផ្ទះ លក់ដូររកប្រាក់មកផ្គត់ផ្គង់គ្រួសារ ឬធ្វើការពីចម្ងាយបាន ដូចទៅនឹងបុរសដែរ។ ដូចនេះស្ត្រីភេទក៏អាចមានឯករាជ្យភាពហិរញ្ញវត្ថុ ឬមិនចាំបាច់ពឹងពាក់លើដៃគូខ្លួនឡើយ។ ពាក្យចាស់ពោលថា “សម្លឆ្ងាញ់ដោយសារគ្រឿង គ្រួសាររុងរឿងដ្បិតភរិយាជា”។
«បុរសមេផ្ទះ»
មាត្រា ៤៥ នៃរដ្ឋធម្មនុញ្ញខ្មែរបានចែងថា៖ “បុរសនិងស្ត្រីមានសិទ្ធិស្មើគ្នាក្នុងគ្រប់វិស័យទាំងអស់ ជាពិសេសក្នុងអាពាហ៍ពិពាហ៍ និងគ្រួសារ។” ខណៈពេលដែលការងារមេផ្ទះធ្លាប់ត្រូវបានគេចាត់ទុកជា ការងារប្រពៃណីរបស់ស្ត្រី បច្ចុប្បន្នបុរសជាប្ដីកាន់តែច្រើនកំពុងបំពេញតួនាទីជាបុរសមេផ្ទះ ដោយជួយឬរ៉ាប់រងកិច្ចការក្នុងផ្ទះទាំងមូលជំនួសប្រពន្ធ ហើយប្រពន្ធជាអ្នកធ្វើការ រកចំណូលចូលផ្ទះម្ដង។
ស្របពេលដែលបងប្អូន ញាតិមិត្តរំពឹងឲ្យបុរសជាប្ដី ទៅធ្វើការនៅការិយាល័យ ស្លៀកពាក់ស្អាតបាត ស្រាប់តែបុរសមកធ្វើជាមេផ្ទះវិញ តើនេះជារឿងគួរឲ្យខ្មាសអៀនមែនទេ?
ផ្នត់គំនិតសង្គមមួយភាគធំ សន្និដ្ឋានបុរសនៅផ្ទះមើលថែកូន ជាប្ដីខ្ជិលទ្រមក់ កំសាកញី ខ្វះភាពជាបុរស (masculinity) មិនខ្វល់ខ្វាយពីហិរញ្ញវត្ថុគ្រួសារ។
ប៉ុន្តែការរកលុយមិនមែនជាបន្ទុកប្ដី ឬប្រពន្ធតែម្ខាងទេ ហើយវាក៏មិនមែនជាក្រឹត្យក្រមដាច់អហង្ការមួយដែលប្ដីត្រូវតែមានកាតព្វកិច្ច ទៅក្រៅរកលុយរហូតដែរ។ គ្រាន់តែបុរសជាប្ដីនៅផ្ទះមើលថែកូន មិនមែនបានន័យថាគាត់គ្មានការងារធ្វើ ឬស្ទក់ទម្រន់ទេ ដ្បិតការងារផ្ទះក៏ជាការងារធំដុំ និងសំខាន់មួយដែរ។ ម្យ៉ាងវិញទៀត គាត់ក៏អាចធ្វើការងារក្រៅម៉ោង ធ្វើការងារពីចម្ងាយ ឬមានចំណូលអកម្មផ្សេងៗ មកផ្គត់ផ្គង់ជីវភាពគ្រួសារផងដែរ។
ហេតុនេះហើយ ទើបយើងហ៊ាននិយាយបានថា ជម្រើសនៅផ្ទះ មិនថាបុរសឬស្រ្តី នៅមើលទុកដាក់ការងារផ្ទះ និងថែទាំកូន មិនបានឆ្លុះបញ្ចាំងពីអសមត្ថភាពក្នុងការបំពេញភារកិច្ចនៅតាមស្ថាប័នការងារអ្វីឡើយ។ ប៉ុន្តែវាកើតចេញពីឆន្ទៈរវាងប្ដីនិងប្រពន្ធ មហិច្ឆតាមើលថែក្រុមគ្រួសារ និងការសម្រេចចិត្តផ្ទាល់ខ្លួន (ឬជាមួយដៃគូ) ដែលចង់បំពេញតួនាទីជាឪពុកនិងម្ដាយ តាមរយៈការបង្កើនភាពស្និទ្ធស្នាល ថែទាំកូនដោយផ្ទាល់ដៃ ដោយមិនចង់ផ្ញើកូនជាមួយយាយតានាំរំខានពួកគាត់ ឬមិនមានទំនុកចិត្តលើអ្នកមើលថែក្មេងផង។
ដោយឈរលើស្មារតីនៃសមភាពយេនឌ័រ និងការលុបបំបាត់ការរើសអើង វាយតម្លៃគ្រប់ប្រភេទទៅលើស្ត្រីឬបុរសមេផ្ទះ យើងមិនគប្បីសន្មត កំណត់ថានរណាម្នាក់គ្មានសមត្ថភាពឬឥតបានការ ដោយសារតែគាត់នៅតែផ្ទះ មើលតែកូននោះឡើយ។ ក្រៅពីមើលទុកដាក់ការងារផ្ទះហើយ គាត់នៅមានបន្ទុកធំមួយទៀត គឺត្រូវធានាថា កូនៗនឹងដើរតាមគន្លងធម៌ ដើរលើផ្លូវត្រូវ ហើយការងារនេះមិនមែនជាការងារងាយស្រួលនោះឡើយ។
ហេតុនេះហើយ អ្នកពុំចាំបាច់យកពាក្យសម្ដីអ្នកដទៃមកដាក់ក្នុងចិត្តទេ។ ដរាបណាអ្នកពេញចិត្តនឹងធ្វើ ហើយវានាំនូវក្ដីសុខដល់អ្នក ភ្នែកនិងមាត់អ្នកដទៃពុំមានឥទ្ធិពលអាចបញ្ឈឺអ្នកបានទេ។ ភារកិច្ចចិញ្ចឹមកូន និងធ្វើការងារផ្ទះ ជាការសម្រេចចិត្តពិភាក្សាជាមួយដៃគូ ជាបំណងដោយសុទ្ធចិត្ត។
ចុះប្រិយមិត្តវិញមានទស្សនៈដូចម្ដេចដែរចំពោះបរិបទមួយនេះ?
© 2021 - 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។
ប្រភពឯកសារស្រាវជ្រាវ និងដកស្រង់ចេញពី៖
១. រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា.pdf (coj.gov.kh) | មាត្រា ៣៦ និង មាត្រា ៤៥
២. Househusbands: Not a Trend, but a Sign of the Times | parenTeam (wyethparenteam.com.ph)
៣. Stay-at-Home Dads: Statistics, Challenges, and Benefits (healthline.com)
៤. What It's Really Like to Be a Stay-At-Home Dad (repeller.com)
៥. Statistics on Stay-At-Home Dads - The National At-Home Dad Network (athomedad.org)