«សួស្ដីអ្នកស្នេហាកីឡាអេឡិចត្រូនិក (E-Sports) ទាំងអស់គ្នា!!»
ដោយមើលឃើញថា អ្នកគាំទ្រច្រើនលើវិស័យនេះមានចំនួនកើនឡើង តាមរយៈការចូលចិត្តលេងហ្គេមជាការកម្សាន្ត ជាពិសេសអំឡុងពេលបិទរាំងខ្ទប់នេះ ឬ អ្នកខ្លះទៀត មានបំណងចង់ចាប់អាជីពក្នុងវិស័យនេះតែម្ដង។ កីឡាអេឡិចត្រូនិក ឬ E-Sports សំដៅលើប្រភេទហ្គេមប្រកួតប្រជែងទាំងឡាយតាមរយៈកុំព្យូទ័រ ទូរសព្ទ ដែលមានការចូលរួមពីអ្នកលេង (អាចតែម្នាក់ ឬជាក្រុម) ដើម្បីទទួលការឡើង Level ឬទទួលបានរង្វាន់ជាដើម។
ចុះការលេងកីឡាអេឡិចត្រូនិក (E-Sports) នេះអាចទទួលបានប្រាក់ចំណូលទេ? ពិតជាបាន ដោយចំណូលទាំងនោះ អាចមានតាមរយៈ ៖
ការ Live ហ្គេម
គេអាច Live នៅក្នុងយូធូប កម្មវិធី Live Stream របស់ហ្គេមនោះ ឬនៅក្នុងហ្វេសប៊ុកក៏បាន។ ដោយឡែក ការ Live នៅក្នុងហ្វេសប៊ុក ហាក់ជាប្រភេទ Tool ងាយស្រួល ដែលអ្នកអាចរកចំណូលបានតាម Facebook Gaming។
មុនដំបូង អ្នកត្រូវបង្កើតគណនីហ្វេសប៊ុកផ្ទាល់ខ្លួនជាមុនសិន។ បន្ទាប់មក អ្នកចាំបាច់ត្រូវបង្កើត Page ជាទូទៅក្នុងមួយ Page នឹងឆ្លងកាត់ ដំណាក់កាលមួយចំនួនដូចជា៖
- Gaming Video Creator: វាទាមទារឲ្យអ្នកឧស្សាហ៍ live stream ហ្គេមសប្បាយៗកំពុងពេញនិយម ដើម្បីទាក់ទាញទស្សនិកជន កៀងគរអ្នកគាំទ្រឲ្យមក like, comment, share និង follow។
- Level Up Program: សន្មត់ថា អ្នកបានបំពេញលក្ខន្តិកៈ តាម Facebook Gaming រួចរាល់។ បន្ទាប់មក អ្នកត្រូវមានគណនីទទួលលុយ។ ម្ចាស់ Page ត្រូវភ្ជាប់ Page របស់ខ្លួនជាមួយគណនីធនាគារ កាតវីសា ម៉ាស្ទ័រកាតផ្សេងៗ ដើម្បីប្រតិបត្តិការទូទាត់ ឬមានគេវេរចូលក្នុងគណនីនោះ។ ក្នុងដំណាក់កាល Level Up Program អ្នកលេងអាចបានលុយតាមរយៈរបៀប ០៤ យ៉ាងគឺ ការផ្ញើ stars ពីអ្នកគាំទ្រ (1 star= 1សេន (0.01$), Donation, Sponsorship, Facebook Gaming Partnership ជាដើម។
រកចំណូលពីយូធូប
បើយើងនិយាយអំពីហ្គេមនៅក្នុងកម្មវិធី Youtube វិញ បច្ចុប្បន្នអ្នកបង្កើតមាតិកា ឬបង្ហោះវីដេអូលេងហ្គេមរបស់ខ្លួនលែងទទួលបានចំណូលទៀតហើយ។ ថ្មីៗនេះ យោងទៅតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បញ្ជាក់ថាយូធូបបានផ្អាកមិនឲ្យមានការផ្សាយពាណិជ្ជកម្មលើថ្នាលវីដេអូប្រទេសកម្ពុជា និងប្រទេសជាង ៩០ទៀត ដែល Youtuber លែងរកចំណូលពីការផ្សាយពាណិជ្ជកម្មបានទៀតហើយ។ យ៉ាងណាមិញ ក្រសួងបន្តពិភាក្សាជាមួយក្រុមហ៊ុនយូធូបក្នុងការដោះស្រាយកិច្ចការនេះឲ្យបានឆាប់រហ័ស។
ចំណូលបានមកពីការប្រកួតប្រជែង (Tournament)
យើងអាចបង្កើតក្រុមមួយចូលប្រកួតក្នុង Tournament ក្នុងស្រុកដូចជា Playgame របស់ Cellcard ឬទៅក្រៅប្រទេសក្នុងតំបន់អាស៊ីយើង (SEA Game) និងថ្នាក់ពិភពលោក (world league) តាមរយៈសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (E-Sports Federation Cambodia)។ ក្រុមជ័យលាភីដែលឈ្នះនឹងទទួលបានប្រាក់រង្វាន់ តាមលក្ខខណ្ឌ និងការកំណត់របស់ Organizer។
ក្រុមតំណាងប្រទេសពីខ្មែរយើង ក៏ធ្លាប់ឈ្នះផងដែរ។ ជាពិសេសថ្មីៗនេះ ប្រទេសកម្ពុជាក៏បានចូលរួមប្រកួតប្រជែងលើវិញ្ញាសារ Mobile Legend លើឆាកអន្តរជាតិថែមទៀតផង។
កីឡាករអាជីព
នៅពេលអ្នកក្លាយជាអ្នកជំនាញលើវិស័យកីឡាអេឡិចត្រូនិកណាមួយ អ្នកអាចក្លាយជាកីឡាអាជីពដែលទទួលបានប្រាក់ចំណូលជាប្រចាំខែ។ សម្រាប់ប្រទេសកម្ពុជា ដ្បិតថាមិនថាមិនទាន់មានសន្ទុះខ្លាំងដូចប្រទេសជិតខាងក៏ពិតមែន ប៉ុន្តែយើងក៏ចាប់វិវត្តខ្លួនបន្តិចម្ដងៗ តាមរយៈការចូលរួមប្រកួតហ្គេមធំៗទៀតផង។
★បញ្ជាក់៖ អត្ថបទខាងលើ ផ្ដោតគោលដៅចម្បងទៅលើអ្នកមានបំណងចាប់យកហ្គេមអាជីព។ លុយចូលហោប៉ាវតិចឬច្រើន ស៊ីសងលើភាពជាក់ស្ដែង ដោយពុំមានចំណូលថេរនោះទេ។ ជាសាររំឭកដាស់តឿន ក្រុមការងារកាក់សេនសូមសង្កត់ធ្ងន់ថា យុវជនយើងមិនគួរឈ្លក់វង្វេងនឹងហ្គេម រហូតដល់បំភ្លេចចោលនូវការសិក្សាទេ ជាពិសេសគឺចំណាយលុយកាក់ទៅលើការទិញរបស់ក្នុងហ្គេមតែម្ដង។ យើងលើកទឹកចិត្តឲ្យមានតុល្យភាពរវាងហ្គេមជាការកម្សាន្ត និងការសិក្សា ឬការងារ ពិសេសការយកហ្គេមជាបង្អែកនៃការកម្សាន្តអារម្មណ៍នៅពេលទំនេរ ឬសម្រាកពីធុរៈសំខាន់ៗ៕