មិនមែនទាន់ហន់អីទេណា៎! សូមបញ្ជាក់ឲ្យហើយ
ពេលឃើញពាក្យ «អាហរ័ណ នីហរ័ណ» នៅតាមបដាផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ តើអ្នកទាំងអស់គ្នាបញ្ចេញសំលេងអានដូចម្ដេច? ហើយមានដែលឆ្ងល់អត់ថាពាក្យទាំងពីរនេះមានន័យយ៉ាងណា?
បើមិនទាន់ដឹងច្បាស់ទេ មកស្រាយចម្ងល់ និងស្វែងយល់ពីពាក្យ «អាហរ័ណ នីហរ័ណ» នេះជាមួយកាក់សេនទាំងអស់គ្នា
ពាក្យ «អាហរ័ណ នីហរ័ណ» គឺជាពាក្យបាលីសំស្ក្រឹត ដែលយោងទៅតាមការសង្កេតឃើញជាក់ស្តែងគេនិយមប្រើពាក្យនេះសម្រាប់ ឯកសារផ្លូវការ ដូចជាការចុះបញ្ជីឈ្មោះអាជីវកម្ម ក្នុងឯកសារច្បាប់ និងសេចក្ដីប្រកាសរបស់ក្រសួងនានា ជាពិសេសក្នុងបរិបទនៃវិស័យពាណិជ្ជកម្ម។
«អាហរ័ណ» បានន័យថា «ការនាំចូល» ដែលជាភាសាអង់គ្លេសគេហៅថា Import។ អាហរ័ណ សំដៅដល់ការនាំចូលវត្ថុធាតុដើម ឬផលិតផលពីប្រទេសក្រៅចូលមកក្នុងស្រុក។ ការនាំចូលផ្តល់ជាអត្ថប្រយោជន៍សំខាន់ដល់អាជីវកម្ម និងអ្នកប្រើប្រាស់ម្នាក់ៗ ក្នុងការស្វែងរកទំនិញដែលមិនទាន់មាន ឬមិនអាចរកបានក្នុងស្រុក។ ជាឧទាហរណ៍ ប្រទេសកម្ពុជានាំចូលប្រេងកាត ក្រណាត់ យានយន្ត ថ្នាំសង្កូវ ពីក្រៅប្រទេសដូចជាប្រទេសចិន ថៃ ហុងកុង វៀតណាម តៃវ៉ាន់ និងកូរ៉េខាងត្បូង ដែលជាដៃគូនាំចូលសំខាន់ៗរបស់កម្ពុជា។
«នីហរ័ណ» បានន័យថា «ការនាំចេញ» ដែលជាភាសាអង់គ្លេសហៅថា Export។ នីហរ័ណ សំដៅដល់ការនាំចេញផលិតផល ឬសេវាកម្មដែលបានផលិតក្នុងស្រុក លក់ចេញទៅក្រៅប្រទេស។ ជាទូទៅ ក្រុមហ៊ុនអាចជ្រើសរើសនាំចេញផលិតផល ឬសេវាកម្មរបស់ពួកគេទៅក្រៅប្រទេស ដើម្បីបង្កើនប្រាក់ចំណូល វាយលុកចូលទីផ្សារថ្មីលើឆាកអន្តរជាតិ និងចូលរួមក្នុងពាណិជ្ជកម្មសកលច។ ឧទាហរណ៍ ៖ ប្រទេសកម្ពុជានាំចេញផលិតផលក្នុងស្រុករួមមាន ស្បែកជើង កៅស៊ូធម្មជាតិ និងយានយន្តជាដើម ដែលមានដៃគូនាំចេញសំខាន់ៗរបស់កម្ពុជាដូចជា សហរដ្ឋអាមេរិក ហុងកុង សិង្ហបុរី កាណាដា អាល្លឺម៉ង់ និងចក្រភពអង់គ្លេស។ល។
ការនាំចេញ នាំចូល មានភាពចាំបាច់ និងសារៈសំខាន់សម្រាប់ការអភិវឌ្ឍដ៏ប្រសើរបំផុតរបស់ប្រទេសមួយដើម្បីទទួលបានតុល្យភាពសេដ្ឋកិច្ចល្អប្រសើរ និងភាពសម្បូរបែបនៃសេដ្ឋកិច្ច។ ម៉្យាង ពេលការនាំចេញមានការរីកចម្រើន ក្រុមហ៊ុនជាច្រើននឹងត្រូវបង្កើតដើម្បីបំពេញតម្រូវការនាំចេញ នេះក៏ជាការបង្កើតឱកាសការងារកាន់តែច្រើន ដែលជួយសម្រួល និងផ្តល់នូវកម្រិតជីវភាពប្រសើរមួយដល់ប្រជាជនក្នុងស្រុក។ ក្រៅពីជាផ្នែកមួយក្នុងការលើកស្ទួយ និងអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ ការនាំចូលនិងការនាំចេញក៏ប្រៀបដូចការជួយគ្នាទៅវិញទៅមក សម្រួលដល់ការខ្វះខាត និងជួយបង្កើនទំនាក់ទំនង និងគោលនយោបាយបរទេសរវាងប្រទេសនិងប្រទេស។
Click here to read more about: What are the Benefits of Importing and Exporting Products?
© 2021 - 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។