និយាយដល់ការវិនិយោគ មនុស្សភាគច្រើនតែងគិតដល់ ភាគហ៊ុន បណ្ណបំណុល អចលនទ្រព្យ ឬគ្រីបតូមុនគេ។ តើអ្នកដឹងទេ យើងក៏អាចវិនិយោគទៅលើវត្ថុធាតុដើម ដូចជា មាស ប្រេង និងរ៉ែ បានផងដែរ?
ការវិនិយោគលើវត្ថុធាតុដើម សំដៅដល់ការវិនិយោគទៅលើរបស់មួយចំនួនដូចជាគ្រាប់ធញ្ញជាតិ សាច់សត្វ ឧស្ម័នធម្មជាតិ ធ្យូងថ្ម និងរ៉ែ ដែលគេតែងប្រើប្រាស់ក្នុងផលិតកម្ម រោងចក្រ ឬសហគ្រាសដើម្បីផលិត ទៅជាផលិតផលសម្រេច (Finished goods)។ ជាទូទៅ វត្ថុធាតុដើមត្រូវបានគេចែកជា ៤ប្រភេទដូចជា លោហៈ (ដែក ស្ពាន់) ថាមពល (ឧស្ម័នធម្មជាតិ ប្រេង) បសុសត្វ(សត្វចិញ្ចឹម មាន់ គោ) និងវត្ថុធាតុដើមកសិកម្ម (ស្រូវ កាហ្វេ) ហើយត្រូវបានគេទិញ ឬលក់នៅក្នុងទីផ្សារវត្ថុធាតុដើម (Factor Market)។
➕ តើយើងអាចវិនិយោគលើវត្ថុធាតុដើមដោយរបៀបណាខ្លះ?
បច្ចុប្បន្ននេះយើងអាចវិនិយោគទៅលើវត្ថុធាតុដើមបានច្រើនរបៀបដូចជា
- ការទិញវត្ថុធាតុដើមផ្ទាល់ពីអ្នកផលិត (ត្រូវការទីតាំងស្តុក ហើយស័ក្ដិសមសម្រាប់របរកសិកម្ម)
- ការទិញភាគហ៊ុនរបស់ក្រុមហ៊ុនផលិតវត្ថុធាតុដើម
- វិនិយោគវត្ថុធាតុដើមជាកិច្ចសន្យាអនាគត (Future Contracts)
- វិនិយោគភាគហ៊ុនវត្ថុធាតុដើមក្នុងទីផ្សារ Exchange-Trade Funds (ETFs) ដោយមិនចាំបាច់ទិញដោយផ្ទាល់ គឺគ្រាន់តែជួញដូរលើទូរស័ព្ទដៃដូចជាការទិញមាស និងប្រេងឆៅជាដើម។
សម្រាប់ការវិនិយោគបែបនេះ អ្នកវិនិយោគនឹងទទួលបាននូវការការពារពីអតិផរណា (Inflation Hedge) ដែលមានន័យថា តម្លៃរបស់វត្ថុធាតុដើមនឹងកើនឡើងតាមអតិផរណាក្នុងប្រទេសនោះ។ ជាក់ស្តែង អំឡុងពេលកូវីដ-១៩ តម្លៃស្រូវសាលីកើនឡើង ព្រោះមនុស្សរាល់គ្នាសុទ្ធតែចង់ទិញស្បៀងអាហារទុក។ បន្ថែមពីនេះ ក៏អាចជួយបង្វែរ ឬបែងចែកកម្រិតហានិភ័យ (Portfolio Diversification) តាមរយៈការវិនិយោគលើវត្ថុធាតុដើមច្រើនប្រភេទ។
យ៉ាងណាមិញ ការវិនិយោគលើវត្ថុធាតុដើមចាត់ចូលជាការវិនិយោគដែលមានការប្រែប្រួលខ្ពស់គ្រប់ពេលវេលា ជាពិសេសវត្ថុធាតុដើមដែលចាំបាច់សម្រាប់ប្រទេស ឬសេដ្ឋកិច្ច។ នៅពេលតម្រូវការកាន់តែច្រើន តម្លៃនឹងកើនកប់ពពក តែបើលែងមានតម្រូវការ តម្លៃ និងការផ្គត់ផ្គង់នឹងធ្លាក់ចុះជាគំហុក។ អ្នកអាចចាប់ផ្តើមការជួញដូរ ឬវិនិយោគលើវត្ថុធាតុដើម (ដោយការទទួលខុសត្រូវ ស្រាវជ្រាវ និងពិភាក្សាច្បាស់លាស់) ដោយបើកគណនីជាមួយឈ្មួញជើងសាឧបករណ៍និស្សន្ទ (Derivatives Broker) មួយចំនួន ដែលមានអាជ្ញាបណ្ណស្របច្បាប់ពីនិយ័តករមូលបត្រកម្ពុជា និងទិញភាគហ៊ុននៅក្នុងក្រុមហ៊ុនណាមួយដែលជាជម្រើសរបស់អ្នក ឬភាគហ៊ុនវត្ថុធាតុដើមក្នុងទីផ្សារ ETF។
ការវិនិយោគលើវត្ថុធាតុដើម គឺជាជម្រើសគួរពិចារណាដោយសារតែភាពខុសប្លែករបស់វា និងអត្ថប្រយោជន៍ផ្សេងៗ។ តែទោះជាយ៉ាងណាក្តី ការសម្រេចចិត្តគឺស្ថិតនៅលើវិនិយោគិន។ ដូច្នេះ អ្នកវិនិយោគគួរឈ្វេងយល់ពីប្រភេទនៃវត្ថុធាតុដើមដែលខ្លួនចង់វិនិយោគ ក៏ដូចជាកម្រិតហានិភ័យដែលខ្លួនអាចទទួលយក និងអាចគ្រប់គ្រងឲ្យបានច្បាស់លាស់ ជៀសវាងការខាតបង់ពេលក្រោយ៕
© 2022 - 2023 KAKCENT | រក្សាសិទ្ធិដោយកាក់សេន