ការជាប់បំណុលមិនមែនជារឿងអាក្រក់ទាំងអស់នោះទេ ព្រោះបើតាមទស្សន:របស់អ្នកឯកទេសហិរញ្ញវត្ថុ ការខ្ចីបុលដើម្បីទៅបង្កើតលុយគឺវាជារឿងប្រសើរ តួយ៉ាងដូចជាកម្ចីប្រាក់ដើម្បីទៅបើកអាជីវកម្ម ឬជាទុនដើមសម្រាប់រកស៊ីជាដើម។ កម្ចី ឬខ្ចីបំណុល គឺសំដៅទៅលើការខ្ចីបុលពីធនាគារ ពីអ្នកចងការប្រាក់ ឬពីនរណាម្នាក់ ដោយកូនបំណុលតម្រូវឱ្យសងត្រឡប់នូវការប្រាក់ និងប្រាក់ដើមទៅម្ចាស់បំណុលវិញតាមពេលវេលាកំណត់ណាមួយ។
ដំណោះស្រាយខ្ចីបំណុលដើម្បីដោះបំណុល កើតឡើងនៅពេលដែលកូនបំណុលមានបំណុលមួយរួចហើយ ប៉ុន្តែពុំអាចមានលទ្ធភាពបង់ការប្រាក់ និងប្រាក់ដើមត្រឡប់ទៅម្ចាស់បំណុលទាន់ពេលវេលា ដូចនេះកូនបំណុលត្រូវបង្ខំចិត្តយកកម្ចីមួយផ្សេងទៀត ដើម្បីទៅដោះស្រាយសិន។ ដូចនេះ ចំណុចដែលអ្នកគួរពិចារណាមុននឹងសម្រេចចិត្តដើម្បីខ្ចីបំណុលនោះគឺ អត្រាការប្រាក់ និងបំណុលល្អ ឬអាក្រក់។
ឧទាហរណ៍ថា អ្នកកំពុងជាប់បំណុលចាស់ ដែលមានប្រាក់ដើម $10,000 ជាមួយអត្រាការប្រាក់ 15%ក្នុងមួយឆ្នាំ និងត្រូវបង់ទាំងការប្រាក់និងប្រាក់ដើមត្រឡប់ទៅវិញចំនួន $300 ក្នុងមួយខែ។ ដូចនេះ អ្នកត្រូវចំណាយពេលចំនួន ៤៣ខែដើម្បីបង់ផ្តាច់ ប៉ុន្តែបើសិនជាអ្នកកំពុងជាប់គាំងថវិកាក្នុងការបង់ក្នុងខែទី៣០ ដែលមានចំនួនបំណុលនៅសល់គឺជាង $6,000។
អញ្ចឹងមកដល់ចំណុចនេះ រឿងពីរយ៉ាងដែលអ្នកត្រូវសិក្សានោះគឺផលកំហាត និងផលចំណេញពីអត្រាការប្រាក់៖
១. ប្រសិនបើអ្នកបង់ប្រាក់ដោយគិតលើអត្រាការប្រាក់ប្រចាំខែ អ្នកទៅយកបំណុលថ្មីមកសងផ្ដាច់ តើអត្រាប្រាក់អ្នកពិតជាទាប ហើយទទួលបានផលចំណេញមែនដែរឬទេ?
២. ឬប្រសិនបើធនាគារអ្នកបានបូកសរុបថ្លៃសងក្នុងរយៈមួយកំណត់អស់ទៅហើយ នោះបានន័យថា ទោះបីអ្នកបង់ផ្ដាច់ ឬបង់តាមធម្មតាក៏ពុំមានចំណេញអត្រាការប្រាក់អ្វីនោះឡើយ។ ជាងនេះទៅទៀត ប្រសិនបើ អ្នកទៅយកកម្ចីធនាគារផ្សេងដែលមានអត្រាការប្រាក់ទាបក៏ពិតមែន ប៉ុន្តែវាពុំបានជួយសម្រួលនោះទេ តែជាការថែមបន្ទុកបំណុលថ្មី ជាមួយអត្រាការប្រាក់ថ្មីបន្ថែមទៀត។
អ៊ីចឹង! អ្វីដែលត្រូវសិក្សាបន្ទាប់នោះគឺ អត្រាការប្រាក់បង់ប្រាក់យឺតយ៉ាវវិញម្ដង (Late Payment) ថាតើអ្នកគួរសម្រេចចិត្តយកកម្ចីមួយផ្សេងទៀត ឬសម្រេចចិត្តពន្យាពេលបង់ការប្រាក់សិន?
យើងឃើញថា ការដោះស្រាយតាមវិធីនេះមានចំណុចល្អត្រង់ថា អ្នកអាចគ្រប់គ្រងបំណុលបានល្អ និងមិនធ្វើឲ្យម្ចាស់បំណុលបាត់បង់ទំនុកចិត្ត ព្រមទាំងរីករាយនឹងការឲ្យខ្ចីនៅថ្ងៃមុខ ដែលគេហៅថាការរក្សាបាននូវប្រវត្តិឥណទានល្អ (Good Credit Rating) នោះឯង ៕
ចុចទីនេះស្វែងយល់បន្ថែមពី: វីធីដោះបំណុលច្រើន