អ្វីទៅជាការសិក្សាពីទីផ្សារ?
ការសិក្សាពីទីផ្សារ ឬ market research មានភាពទូលំទូលាយ តែវាច្រើនទាក់ទងទៅនឹងការសិក្សាពីបរិយាកាសទីផ្សារមួយ ការសិក្សាស្វែងយល់ពីអតិថិជនគោលដៅនៃអាជីវកម្មរបស់អ្នក ក៏ដូចជាស្វែងយល់ពីដៃគូប្រកួតប្រជែងនៅក្នុងទីផ្សារនោះ។ ទន្ទឹមនឹងនេះ ការសិក្សាពីទីផ្សារស៊ីជម្រៅអាចពាក់ព័ន្ធទៅនឹងការដកស្រង់ទិន្នន័យនិងព័ត៌មានមួយចំនួន ដែលអាចផ្ដល់ផលប្រយោជន៍ដល់ប្រតិបត្តិការអាជីវកម្មផងដែរ។
សារៈសំខាន់នៃការសិក្សាទីផ្សារ
ទោះបីជាវាទាមទារឱ្យមានការសិក្សាស្រាវជ្រាវ ឬស្ទាបស្ទង់មតិជាក់ស្ដែងក៏ដោយ ការសិក្សាពីទីផ្សារមានអត្ថប្រយោជន៍ជាច្រើនចំពោះអាជីវកម្ម ជាពិសេសអាជីវកម្មថ្មីថ្មោងដែលត្រៀមនឹងចូលប្រឡូកក្នុងទីផ្សារមួយ។ អត្ថប្រយោជន៍ទាំងនោះមានដូចជា៖
១. យល់ពីអតិថិជនគោលដៅ (Understand target customer)
ការសិក្សាពីទីផ្សារនឹងជួយឱ្យអ្នកយល់ពីតម្រូវការ ចំណង់ចំណូលចិត្ត ក៏ដូចជាឥរិយាបថរបស់អតិថិជន ដើម្បីផ្ដល់នូវទំនិញឬសេវាកម្មឱ្យសមស្របទៅតាមតម្រូវការពួកគេ និងប្រកបដោយប្រសិទ្ធភាព។ អ្នកនឹងដឹងថាផលិតផលប្រភេទណានឹងទទួលបានការគាំទ្រច្រើន ឬត្រូវពង្រឹងគុណភាពផលិតផលរបស់អ្នករបៀបណា។
២. យល់ពីបរិយាកាសទីផ្សារ (Understand market environment)
ការស្វែងយល់ពីបរិយាកាសទីផ្សារសំដៅដល់ការសិក្សាពីកត្តាផ្សេងៗដែលអាចជះឥទ្ធិពលដល់ប្រតិបត្តិការអាជីវកម្មក៏ដូចជាយុទ្ធសាស្រ្តផ្សព្វផ្សាយទីផ្សាររបស់អ្នក ប្រសិនបើបរិយាកាសមានការប្រែប្រួល។ ម្យ៉ាងទៀត វាក៏ជួយឱ្យអ្នកងាយរកបានឱកាសណាមួយក្នុងទីផ្សារ ឬចំណុចខ្វះចន្លោះដែលអាចយកមកកែលម្អយុទ្ធសាស្ត្រអាជីវកម្មរបស់អ្នក។
៣. បង្កើតយុទ្ធសាស្រ្តទីផ្សារ (Develop marketing strategy)
រួមជាមួយនឹងចំណុចទាំងពីរខាងលើ ការសិក្សាពីទីផ្សារនឹងជួយឱ្យអ្នកបង្កើតយុទ្ធសាស្ត្រទីផ្សារ ដែលមានប្រសិទ្ធភាព និងស្របតាមឥរិយាបថរបស់អតិថិជនគោលដៅ។ យុទ្ធសាស្រ្តទីផ្សារមានពាក់ព័ន្ធនឹងយុទ្ធសាស្រ្តផ្សព្វផ្សាយ ទីតាំងភូមិសាស្រ្តដែលគួរធ្វើយុទ្ធនាការផ្សព្វផ្សាយ និងវិធីប្រាស្រ័យទាក់ទងទៅកាន់អតិថិជនជាដើម ដើម្បីពង្រឹងយុទ្ធសាស្ត្រអាជីវកម្មអ្នក។
៤. សម្រួលដល់ការសម្រេចចិត្តសំខាន់ៗ
ការសម្រេចចិត្តសំខាន់ៗសំដៅដល់ការសម្រេចចិត្តដែលនឹងជួយដល់ការលូតលាស់នៃអាជីវកម្ម រួមមានការសម្រេចចិត្តដាក់លក់ផលិតផលថ្មី ការពង្រីកអាជីវកម្ម ឬការវាយលុកចូលក្នុងទីផ្សារថ្មីជាដើម។ ព័ត៌មាននិងទិន្នន័យសំខាន់ៗដែលទទួលបានពីការសិក្សាទីផ្សារអាចជួយកាត់បន្ថយហានិភ័យដែលពាក់ព័ន្ធនឹងការសម្រេចចិត្តទាំងនោះ ហើយវាអាចពាក់ព័ន្ធនឹងការប្រកួតប្រជែងក្នុងទីផ្សារ ដោយអ្នកអាចដឹងថាកត្តាណាគួរចៀសវាង ឬយុទ្ធសាស្រ្តណាគួរអនុវត្ត ដើម្បីចៀសវាងកំហាតបង់ខ្ពស់។
ដោយទីផ្សារតែងមានបម្លាស់ប្ដូរទៅតាមពេលវេលា ហេតុនេះការសិក្សាពីទីផ្សារពិតជាសំខាន់ ហើយអាជីវកម្មគួរតែបន្តសិក្សាពីវាជាបន្តបន្ទាប់ ដើម្បីរិះរកវិធីកែលម្អអាជីវកម្មរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង និងសមស្របទៅតាមការផ្លាស់ប្ដូរនៃបរិយាកាសទីផ្សារ ឬ តម្រូវការនិងចំណង់ចំណូលចិត្តរបស់អតិថិជនរបស់អាជីវកម្មអ្នក៕