គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុគឺជាអ្នកផ្គត់ផ្គង់សេវាកម្មហិរញ្ញវត្ថុ ដែលមានផ្ដល់សេវាកម្មដូចជាសេវាប្រាក់សន្សំ ប្រាក់បញ្ញើ ប្រាក់កម្ចីខ្នាតតូច និងខ្នាតមធ្យមដល់ប្រជាជនក្រីក្រ និង អ្នកខ្វះដើមទុនដែលចង់សម្រួលជីវភាពខ្លួនឱ្យមានភាពប្រសើរឡើង ហើយវាក៏ជាផ្នែកមួយដែលអាចជួយកាត់បន្ថយភាពក្រីក្រដល់ប្រជាជនកម្ពុជាផងដែរ។
ជាទូទៅនៅកម្ពុជា អតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុភាគច្រើនជាប្រជាកសិករ សហគ្រិនស្ត្រី និង ម្ចាស់សហគ្រាសធុនតូច។
បើយោងតាមធនាគារជាតិនៃកម្ពុជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាទាំង៧ ដែលទទួលបានអាជ្ញាប័ណ្ណស្របច្បាប់ និងអនុញ្ញាតឱ្យទទួលប្រាក់បញ្ញើពីសាធារណជនរួមមាន៖
១/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បា្រសាក់ (PRASAC Microfinance Institution)
២/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត
៣/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ខូអិលធីឌី (Amret Co., Ltd or Amret Microfinance Institution)
៤/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (AMK MFI)
៥/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន ឯ.ក (WB FINANCE)
៦/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី (LOLC (Cambodia) Plc.)
៧/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត ភីអិលស៊ី (Kredit Plc) (សព្វថ្ងៃត្រូវបានរួមបញ្ចូលគ្នាជាមួយធនាគារ ហ្វីលីព / Phillip Bank Plc
• ហេតុអ្វីគេខ្ចីលុយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ?
ការទទួលបានកម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់អ្នកប្រើប្រាស់ ជាពិសេសសម្រាប់ប្រជាជនក្រីក្រ។ សម្រាប់ពួកគាត់ កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអាចជួយកែប្រែជីវភាព ពីរកមួយថ្ងៃចាយមួយថ្ងៃ ទៅជាមានប្រាក់គ្រប់គ្រាន់សម្រាប់ជីវភាព និងរកសុីចិញ្ចឹមជីវិត ហើយដើម្បីមានគោលដៅច្បាស់លាស់នាថ្ងៃអនាគត។ ម្យ៉ាងវិញទៀត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក៏បានដើរតួយ៉ាងសំខាន់ចំពោះម្ចាស់សហគ្រាសធុនតូច និង មធ្យមជាច្រើនក្នុងការពង្រីកអាជីវកម្មឱ្យកាន់តែប្រសើរឡើង។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាក៏បានប្រកាន់ភ្ជាប់នូវការអនុវត្តតាមស្តង់ដារអន្តរជាតិដែលត្រូវបានត្រួតពិនិត្យដោយធនាគារជាតិនៃកម្ពុជា និង មានរបាយការណ៍ជាក់លាក់ពីការអនុវត្តគោលការណ៍ហិរញ្ញវត្ថុ។
នាពេលបច្ចុប្បន្ន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាព្យាយាមអភិវឌ្ឍសេវាកម្មរបស់ខ្លួន ដើម្បីបំពេញតម្រូវការប្រជាពលរដ្ឋខ្មែរ ក៏ដូចជាផ្តល់ជំនួយក្នុងការប្រកបរបររកសុី និង ផ្គត់ផ្គង់គ្រួសារផងដែរ៕
Click here to read more about: ហេតុអ្វីចាំបាច់ត្រូវមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ?