មិនថាជាការងារ ឬរកស៊ី គេតែងតែនិយាយថា ទាល់តែមានបទពិសោធន៍ពីមុនមកទើបអាចធ្វើការងារទាំងនោះបានល្អ។ ចុះបើមិនធ្លាប់មានបទពិសោធន៍សោះ ហើយចង់បើកហាងកាហ្វេមួយ អាចបើកបានអត់?
ចម្លើយគឺ ទោះបីជាគ្មានបទពិសោធន៍ ក៏មិនមែនបានន័យថាយើងគ្មានលទ្ធភាព និងសមត្ថភាពបើកដែរ ក្ដីសង្ឃឹម និងការស្រឡាញ់អាជីវកម្មកាហ្វេរបស់អ្នកគួរតែភ្ជាប់ជាមួយចំណុច៤ខាងក្រោម៖
១ ការតាំងចិត្ត និងភាពអត់ធ្មត់
គ្មានការរកស៊ីណាដែលបើកភ្លាម ទទួលបានជោគជ័យក្នុងពេលត្រឹមមួយប៉ព្រិចភ្នែកនោះទេ។ គ្រប់យ៉ាងកើតចេញពីការខំប្រឹងប្រែង ការបើកហាងកាហ្វេក៏ដូចគ្នា ត្រូវប្រើពេលវេលាយូរល្មមទម្រាំមានអ្នកស្គាល់ ចាប់អារម្មណ៍ រហូតក្លាយជាម៉ូយប្រចាំហាង។ ហេតុនេះ ភាពជោគជ័យទាមទារឱ្យអ្នកមានការតាំងចិត្ត និងអត់ធ្មត់ខ្ពស់។
២ ចាប់ផ្ដើមពីខ្នាតតូចទៅមធ្យម
យើងអាចចាប់ផ្ដើមពីខ្នាតតូចទៅមធ្យម រួចវិវឌ្ឍន៍ទៅខ្នាតធំ មិនមែនដៃឆៅ ចិត្តសឿង បើកដំបូងហួសពីសមត្ថភាពដែលអាចគ្រប់គ្រងបានទេ។ បើកពីខ្នាតតូច ដើម្បីយកបទពិសោធន៍ចាត់ចែងគ្រប់គ្រងហាង ផ្នែកសេវាកម្ម តិចនិកឆុងកាហ្វេតាមស្តង់ដា ពេលអាជីវកម្មមានលំនឹងហើយ ចាំពង្រីកអាជីវកម្មឲ្យធំ ឬបើកជាហាងសាខាក៏បាន។
៣ ស្វែងយល់ពីទីផ្សារហាងកាហ្វេឱ្យបានច្បាស់
ការស្វែងយល់ពីទីផ្សារហាងកាហ្វេ ជាពិសេសប្រភេទទីផ្សារ (market segment) ឱ្យបានស៊ីជម្រៅ ជារឿងចាំបាច់ដែលមិនអាចរំលងបាន ដើម្បីសិក្សាពីរសជាតិនៃកាហ្វេ ស្គាល់ពីអតិថិជនគោលដៅ ការកំណត់ថ្លៃលក់ ឥរិយាបថអ្នកទិញ និងស្គាល់ពីដៃគូប្រកួតប្រជែង ពិសេសចំណុចខ្លាំង និងចំណុចខ្សោយរបស់ពួកគេឲ្យកាន់តែច្បាស់។ យើងអាចតាមដានពីការពេញនិយមនៃកាហ្វេលើបណ្ដាញសង្គម ឬអានសៀវភៅទាក់ទងនឹងការបើកអាជីវកម្មកាហ្វេផងដែរ។
៤ ប្រឹក្សាជាមួយដៃគូអាជីវកម្មដែលមានទំនួលខុសត្រូវ
បើកដំបូងមានរឿងដែលត្រូវដឹងដូចជាការត្រៀមខ្លួន ការទប់ស្កាត់បញ្ហា និងហានិភ័យជាដើម ដូច្នេះ យើងគួរតែជ្រើសរើសដៃគូអាជីវកម្មដែលមានជំនាញជីវៈច្បាស់លាស់ទាក់ទងនឹងវិស័យកាហ្វេ ថែមទាំងជាអ្នកប្រឹក្សាគំនិតអាជីវកម្ម និងគន្លឹះស្រាយបញ្ហាដែលអាចកើតមាន។ បន្ថែមពីនេះ ក៏ជាអ្នកផ្គត់ផ្គង់គ្រាប់កាហ្វេ និងសម្ភារៈផ្សេងៗមានគុណភាពល្អ គួបផ្សំមានការបណ្ដុះបណ្ដាលអ្នកឆុងកាហ្វេ (Barista) ផងដែរ។
ពិតណាស់ បើកអាជីវកម្មកាហ្វេមិនមែនជារឿងងាយស្រួលទេ ត្រូវការចំណេះដឹង ការតាំងចិត្តខ្ពស់ ភាពស៊ីជម្រៅក្នុងទីផ្សារហាងកាហ្វេ និងដៃគូអាជីវកម្មកាហ្វេដែលអាចជឿជាក់ដូចជាក្រុមហ៊ុន Gourmet Beverage Solutions។ ក្នុងកាលៈទេសៈខ្លះ ប្រសិនបើអ្នកគ្មានបទពិសោធន៍ វាមិនមែនជាឧបសគ្គរារាំងទាំងស្រុងនោះទេ។ យើងត្រូវរិះរកមធ្យោបាយនានា ដែលអាចប៉ះប៉ូវនឹងភាពគ្មានបទពិសោធន៍ ទើបធ្វើឱ្យអាជីវកម្មលេចជារូបរាង និងមានគ្រឹះរឹងមាំ។
បន្ទាប់ពីបានអានអត្ថបទនេះរួចហើយ ប្រិយមិត្តអាចរកចម្លើយឃើញឬនៅថា គួរបើកហាងកាហ្វេអត់?
*មាតិកានេះនាំមកជូនប្រិយមិត្តដោយកាក់សេន និងសហការដោយ GBS - Gourmet Beverage Solutions
© 2022 - 2023 KAKCENT | រក្សាសិទ្ធិផលិតដោយកាក់សេន