រាល់ថ្ងៃនេះ ពួកយើងគ្រប់គ្នាសុទ្ធតែមានតម្រូវការក្នុងការទិញទំនិញនិងសេវា ហើយអ្នកផលិតវិញមមាញឹកក្នុងការផ្គត់ផ្គង់ ហើយកត្តាធំៗពីរនេះ បានធ្វើឲ្យមានការប្រកួតប្រជែងក្នុងទីផ្សារឥតឈប់ឈរ។ យ៉ាងណាមិញយើងប្រហែលជាមិនចាប់អារម្មណ៍ថាតើការប្រកួតប្រជែងក្នុងទីផ្សារ មានរចនាសម្ព័ន្ធនិងលក្ខណៈយ៉ាងណាខ្លះ។
ការប្រកួតប្រជែងក្នុងទីផ្សារមាន២ប្រភេទគឺ ទីផ្សារប្រកួតប្រជែងល្អឥតខ្ចោះ (Perfect Competition) និងទីផ្សារប្រកួតប្រជែងមិនល្អឥតខ្ចោះ (Imperfect Competition)។
ទីផ្សារប្រកួតប្រជែងល្អឥតខ្ចោះ គឺជាទ្រឹស្ដីក្នុងសេដ្ឋកិច្ចមួយដែល សំដៅលើរចនាសម្ព័ន្ធទីផ្សារមួយដែលត្រូវបានគ្រប់គ្រងដោយកម្លាំងទីផ្សារ។ កម្លាំងទីផ្សារមាន ដូចជាការផ្គត់ផ្គង់ តម្រូវការ និងគោលនយោបាយរបស់រដ្ឋាភិបាល។ ជាក់ស្ដែងក្នុងបរិបទទីផ្សារពិតប្រាកដ រចនាសម្ព័ន្ធទីផ្សារប្រកួតប្រជែងល្អឥតខ្ចោះ មិនអាចកើតមានបានទេ ដោយសារតែដើម្បីកំណត់បានថាទីផ្សារនោះមានការប្រកួតប្រជែងល្អឥតខ្ចោះ
+ ក្រុមហ៊ុនត្រូវផលិតទំនិញដូចគ្នាបេះបិទ
+ បរិបទទីផ្សារដែលទំនិញត្រូវកំណត់តម្លៃដោយការផ្គត់ផ្គង់ និងតម្រូវការ ហេតុដូចនេះក្រុមហ៊ុនមិនអាចគ្រប់គ្រងនិងកំណត់តម្លៃទំនិញរបស់ខ្លួនបានឡើយ
+ ក្រុមហ៊ុនផលិតគឺទទួលបានចំណែកទីផ្សារស្មើរៗគ្នា
+ អ្នកទិញមានពត៌មានគ្រប់គ្រាន់ទាក់ទងនឹងទំនិញនិងតម្លៃ
+ ទីផ្សារដែលមានឧបសគ្គទាបឬគ្មានឧបសគ្គក្នុងការចូលឬចេញ
គួរបញ្ជាក់ផងដែរថា ក្នុងទីផ្សារប្រកួតប្រជែងល្អឥតខ្ចោះគឺ មានអ្នកលក់ច្រើន និងអ្នកទិញច្រើន ប៉ុន្តែអ្នកលក់ទាំងអស់គឺមានចំណេះដឹង និងពត៌មានអំពីទំនិញរបស់ពួកគេស្មើៗគ្នា មិនមានអ្នកណាល្អជាងអ្នកណាទេ។
ចំណែកទីផ្សារប្រកួតប្រជែងមិនល្អឥតខ្ចោះវិញ គឺជារចនាសម្ព័ន្ធទីផ្សារដែលកើតមានឡើងនៅពេលដែលមិនមានលក្ខខណ្ឌណាមួយក្នុងទីផ្សារប្រកួតប្រជែងល្អឥតខ្ចោះ។ សឹងតែគ្រប់ប្រភេទនៃអាជីវកម្មនិងសហគ្រាសហើយ ដែលមានការប្រកួតប្រជែងមិនល្អឥតខ្ចោះ ដោយសារតែទំនិញគឺខុសៗគ្នា ហើយតម្លៃមិនបានកំណត់ដោយការផ្គត់ផ្គ់និងតម្រូវការទេ រីឯអ្នកទិញក៏មិនមានពត៌មានអំពីទំនិញគ្រប់គ្រាន់ដែរ ហើយជាក់ស្ដែងគឺការប្រកួតប្រជែងមិនល្អឥតខ្ចោះនេះពិតជាមានក្នុងបរិបទទីផ្សារពិតប្រាកដមែន។ ម្យ៉ាងទៀត នៅក្នុងការប្រកួតប្រជែងមិនល្អឥតខ្ចោះនេះ ក៏មានបែងចែកប្រភេទទីផ្សារផ្សេងទៀតដូចជា៖
• Monopoly (អ្នកលក់មានតែមួយគត់ អ្នកទិញមានច្រើន)
ទីផ្សារនេះគឺមានអ្នកផ្គត់ផ្គង់ទំនិញនិងសេវាតែមួយគត់ មិនមានដៃគូរប្រកួតប្រជែងទេ ហើយអ្នកផ្គត់ផ្គង់តែមួយនឹងអាចគ្រប់គ្រងទីផ្សារនោះផ្ដាច់មុខ។
• Oligopoly (អ្នកលក់មាន ៣ ៤ អ្នកទិញមានច្រើន)
ទីផ្សារនេះអ្នកលក់មានតិច ប៉ុន្តែភាគច្រើនសុទ្ធសឹងតែជាប្រភេទក្រុមហ៊ុន ឬសហគ្រាសធំៗដែលផ្គត់ផ្គង់ទំនិញ ឧទាហរណ៍ក្រុមហ៊ុនផលិតប្រេងសាំង និងទូរស័ព្ទជាដើម។
• Monopolistic (អ្នកលក់មានច្រើន ហើយលក់ទំនិញស្រដៀងគ្នា)
ទីផ្សារមានលក់ទំនិញស្រដៀងគ្នាច្រើន តែការប្រកួតប្រជែងមិនសូវមានខ្លាំងទេ ដោយសារទំនិញមិនដូចគ្នា អាចប្រើប្រាស់សម្រាប់តម្រូវការខុសគ្នា ដូចនេះហើយតម្លៃទំនិញនីមួយៗគឺកំណត់ដោយក្រុមហ៊ុនផ្ទាល់ ហើយវាមិនធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុនដែលលក់ផលិតផលស្រដៀងគ្នាទេ។
ឧទាហរណ៍ ក្រុមហ៊ុនលក់សាប៊ូ អាចមានក្រុមហ៊ុនលក់សាប៊ូកក់សក់ ក្រុមហ៊ុនលក់សាប៊ូដុះខ្លួន ក្រុមហ៊ុនលក់សាប៊ូលាងដៃ ។
• Monopsony (អ្នកលក់ច្រើន អ្នកទិញមានតិច)
ក្នុងទីផ្សារនេះគឺអ្នកលក់អាចមានច្រើន ប៉ុន្តែអ្នកទិញគឺមានតិច ដោយសារតម្រូវការមិនមានសម្រាប់គ្រប់គ្នាទេ ឧទាហរណ៍ក្រុមហ៊ុនផលិតគ្រឿងអាវុធ ជាដើម។
ក្នុងគ្រប់រចនាសម្ព័ន្ធទីផ្សារ គឺសុទ្ធសឹងតែមានផលវិជ្ជមាន និងផលអវិជ្ជមាន ចំពោះទាំងអ្នកលក់និងអ្នកទិញ ប៉ុន្តែថ្ងៃនេះកាក់សេនសុំបកស្រាយត្រឹមនេះសិន ចាំស្វែងយល់បន្ថែមពីប្រភេទទីផ្សារនីមួយៗ ពេលក្រោយទៀត៕