ថ្ងៃមុន អេដមីនបានបកស្រាយទាក់ទងនឹងការបង្កើត«ធុរកិច្ចថ្មី»ដែលភាសាអង់គ្លេសហៅថា «Start-up» ថាត្រូវឆ្លងកាត់ដំណាក់កាលអ្វីខ្លះ។ ថ្ងៃនេះ យើងមកស្វែងយល់អំពីដំណើរការនៃកា រកៀងគរទុន ឬមូលនិធិសម្រាប់យកទៅប្រតិបត្តិការក្នុងធុរកិច្ចថ្មីម្ដង។
តែឈប់សិន! អ្វីទៅ «ជាប្រាក់ទុន?»
«ប្រាក់ទុន» (funding) សំដៅដល់កញ្ចប់ថវិកា ឬទឹកប្រាក់ដែលចាក់ចូលទៅក្នុងជំនួញ ដើម្បីដំណើរការអាជីវកម្ម។
ជាទូទៅ គេបែងចែកការកៀងគរដើមទុន ជា ៣ ដំណាក់កាលធំៗ ចំពោះ Start-up។
តើអ្នកនឹងយល់យ៉ាងណាវិញអំពីដំណាក់នីមួយៗនៃការកៀងគរទុនសម្រាប់«ធុរកិច្ចបង្កើតថ្មី» បន្ទាប់ពីអានអត្ថបទនេះហើយ? សូមអានលម្អិតលើរូបភាពនីមួយៗខាងក្រោម។
១. ដំណាក់កាល Pre-seed funding:
ដំណាក់កាលនេះម្ចាស់អាជីវកម្មជាច្រើនចាប់សម្ពោធដំណើរការធុរកិច្ចថ្មីរបស់ខ្លួនជាមួយ នឹងប្រាក់សន្សំខ្លួនឯង វិភាគទាន ឬកម្ចីពីសមាជិកគ្រួសារ និង/ឬមិត្តភក្ដិជាដើម។
ក្នុងដំណាក់កាលដំបូងនេះ ម្ចាស់អាជីវកម្មត្រូវប្រាកដចិត្តថាមានលុយសម្រាប់បង្ការក្នុងគ្រាអាសន្នផ្សេងៗ ដោយហេតុថាអាជីវកម្មបែប start-up នឹងមិនទាន់ទទួលបានប្រាក់ចំណេញទេ នៅក្នុង២-៣ឆ្នាំដំបូង។
២. ដំណាក់កាល Seed-funding:
ដំណាក់កាលនេះមានវត្តមានមូលធនពីវិនិយោគិនឯកជន ដើម្បីធានាបន្តដំណើរការធុរកិច្ចទៅកាន់អនាគតដែលអាចបង្កើតប្រាក់ចំណេញ។
គេចែកដំណាក់កាលនេះ ជា ៣ ជុំទៀត ដែលជុំនីមួយៗក្នុង Seed-Funding សុទ្ធតែមានប្រភពមូលនិធិដូចៗគ្នារួមមាន Venture Capitalists, Angest Investor និង Crowdfunding ជាដើម។ ដោយឡែកចំណុចដែលយើងឃើញថាខុសគ្នារួមមាន៖
Series-A Funding: នៅជុំដំបូងនេះ Start-up មានតម្លៃជាមធ្យម 23 លានដុល្លារ រីឯចំនួនប្រាក់ដែលអាចកៀងគរពីវិនិយោគិនបានមានចន្លោះពី 2 លានទៅ 15 លានដុល្លារអាមេរិក តែតួលេខនេះបានកើនបន្តិចដល់ 15.6 លានដុល្លារជាមធ្យម នៅឆ្នាំ២០២០។ នៅជុំនេះ វិនិយោគិនរំពឹងទទួលបានផលចំណេញវិញពី 15% ទៅ 50% ហើយពួកគេមិនត្រឹមតែផ្ដោតលើគំនិតអស្ចារ្យទេ តែក៏សង្កត់ធ្ងន់ដែរទៅលើយុទ្ធសាស្ត្រខ្លាំង ទាំងការលក់ ការផ្សព្វផ្សាយ និងបច្ចេកវិទ្យា ដើម្បីក្លាយជាអាជីវកម្មអាចបង្កើតចំណូលបាន។
Series-B Funding: នៅ Series នេះ មូលធនដែលអាចប្រមូលបានពីវិនិយោគិនមានរហូតដល់ 33 លានដុល្លារជាធម្យម ហើយពួកគេរំពឹងទទួលបានផលចំណេញវិញពី 15% ទៅ 30%។ រីឯតម្លៃក្រុមហ៊ុននាពេលនេះវិញ ហក់លោតដល់ 58 លានដុល្លារជាធម្យម។
Series-C Funding: នៅជុំនេះ ទុនវិនិយោគមានចាប់ពី 50 លានដុល្លារ ហើយផលចំណេញវិញ វិនិយោគិនក៏រំពឹងទទួលបានពី 15% ទៅ 30% ដូចទៅនឹង Series-A ដូចគ្នា។ តម្លៃក្រុមហ៊ុននាពេលនេះលោតទៅដល់ 118 លានដុល្លារជាមធ្យមឯណោះ។ សម្រាប់ Start-up ដែលឈានដល់ជុំនេះ Series-C Funding នេះ អាចរាប់បានថា ជាក្រុមហ៊ុនជោគជ័យសម្បើមមួយទៅហើយ។ ជាធម្មតា ក្រុមហ៊ុននឹងលែងទទួលដើមទុនពីប្រភពក្រៅត្រឹម Series C នេះ ក៏ប៉ុន្តែនៅមានក្រុមហ៊ុនខ្លះអាចបន្តដល់ Series D និង Series E ផងដែរ (តែកម្រមានក្រុមហ៊ុនណាបន្តដល់ Series D និង E ណាស់)។
៣. ដំណាក់កាលបោះផ្សាយលក់មូលបត្រជាសាធារណៈ ៖
ដំណាក់កាលដែលម្ចាស់អាជីវកម្មទទួលបានជោគជ័យសម្បើម ហើយក្រុមហ៊ុនអាចកៀងគរប្រាក់តាមរយៈការលក់ភាគហ៊ុនជាសាធារណៈ(IPO: Initial Public Offering) ក្នុងទីផ្សារមូលបត្រពីសាធារណជន។
ដោយសិក្សាទៅលើតថភាពជាក់ស្ដែងមួយ៖
ក្រុមហ៊ុន Alibaba ដែលជា start-up ដ៏ធំមួយក្នុងលោក ខាងលក់ទំនិញតាមបណ្ដាញអ៉ីនធឺណែត ឬពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-commerce) បានឆ្លងកាត់បទពិសោធន៍ប្រមែប្រមូលដើមទុនរបៀបនេះដែរ។
បង្កើតឡើងក្នុងឆ្នាំ ១៩៩៩ Alibaba ចាប់ផ្ដើមដោយដំណាក់កាល Pre-seed funding មានគ្នា ១៨នាក់ និងដឹកនាំដោយលោក Jack Ma។ នៅក្នុងឆ្នាំដដែល លោក Jack Ma បានកៀងគរទុនសម្រាប់«ធុរកិច្ចបង្កើតថ្មី»នេះបានចំនួន ៥លានដុល្លារអាមេរិកពី Goldman Sachs។ ខណៈនេះរាប់បញ្ចូលថាជាដំណាក់កាល Seed-funding និងស្ថិតក្នុង Series A funding។
ឆ្នាំ ១៩៩៩ ដដែល លោកទទួលបានទុនបន្ថែម ២០ លានដុល្លារបន្ថែមទៀតពី Softbank ដែលយើងចាត់ទុកជា Series B funding។ ដល់ឆ្នាំ ២០០៤ ក្រុមហ៊ុន Alibaba ទទួលបានប្រាក់វិនិយោគបន្ថែម ៨២លានដុល្លារទៀតពីសំណាក់វិនិយោគិនឯកជនធំៗ ដែលត្រូវបានសន្និដ្ឋានជា Series D ឬ Series E funding។
នាឆ្នាំ ២០០៧ Alibaba ចាប់ផ្ដើមធ្វើ IPO លើកដំបូងបង្អស់ក្នុង Hong Kong Stock Exchange ហើយរកមូលនិធិបាន ១.៥ពាន់លានដុល្លារ។ សមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយទៀតគឺក្នុងឆ្នាំ ២០១៤ Alibaba បានដំណើរការ IPO របស់ខ្លួនម្ដងទៀតក្នុង New York Stock Exchange ដែលជាទីផ្សារភាគហ៊ុនធំជាងគេលើពិភពលោក។
ពិតណាស់ថា ការកៀងគរទុនសម្រាប់ Start-up ពិតជាឆ្លងកាត់ដំណាក់កាលស្មុគស្មាញ។ ក៏ប៉ុន្តែការមិនយកចិត្តទុកដាក់អំពីវា កង្វះ ឬអស្ថិរភាពដើមទុននឹងក្លាយជាបញ្ហាចោទ ហើយវាគឺជាកត្តាចម្បងមួយដែលសម្រេចជោគវាសនារបស់ធុរកិច្ចថ្មី។ ហេតុនេះ សហគ្រិនគ្រប់រូបគួរយល់ដឹង និងសិក្សាឲ្យបានលម្អិតបំផុតតាមតែអាចធ្វើបាន៕
ប្រភពទិន្នន័យ និងឯកសារស្រាវជ្រាវ៖
១. The Life of Jack Ma, the Alibaba, Ant Group Founder Who May Be Missing (businessinsider.com)
២. How Startup Funding Works (mystartupland.com)
៣. What Is Startup Funding? | Startups.com. Alibaba.com raises $1.5 billion in IPO (chinadaily.com.cn)
៤. Startup Financing: 5 Key Funding Options For Your Company (forbes.com)
៥. Series A, B, C Funding: How Seed Funding Works (investopedia.com)
៦. History of Alibaba: Timeline and Facts - TheStreet
៧. What Is Startup Funding? | Startups.com